លោក Duterte បង្ហើបអាថ៌កំបាំង នូវអ្វីដែលលោកនិយាយទៅកាន់លោក Obama

វិវាទពាក្យសម្ដីរវាងប្រធានាធិបតីដ៏ល្បីប្រចាំជំនួបកំពូលអាស៊ាននៅឡាវ លោក Rodrigo Duterte ជាមួយនឹងលោក Barack Obama ដែលបង្កឲ្យមានការលុបចោលកិច្ចប្រជុំទ្វេភាគីដំបូងគេនោះ ឥឡូវបានឈានដល់មួយកម្រិតទៀតហើយ ដោយលោក Duterte បាននិយាយពាក្យមួយឃ្លា ទៅកាន់លោក Obama មុននឹងពិធីពិសាអាហារ ASEAN Gala Dinner ។

អាថ៌កំបាំងដែលមានតែប្រធានាធិបតីទាំង២រូបនេះដឹង ពេលនេះត្រូវលោក Duterte បង្ហើបជាសាធារណៈហើយ នូវអ្វីដែលលោកបាននិយាយទៅកាន់លោក Obama នោះគឺ “លោកប្រធានាធិបតី Obama ខ្ញុំគឺប្រធានាធិបតី Duterte ខ្ញុំមិនដែលបាននិយាយអ្វីទាំងនោះទេ (ពាក្យមិនសមរម្យ) សូមលោកពិនិត្យឡើងវិញ ។”

ពេលនោះលោក Obama បានឆ្លើយថា “មនុស្សរបស់ខ្ញុំនឹងនិយាយជាមួយអ្នក ។” ដែលវាប្រៀបដូចជាមានន័យថា “មិនអីទេ” ហើយអាថ៌កំបាំងមួយនេះ ត្រូវបានលោក Duterte បង្ហើបជាសាធារណៈ ក្នុងពេលដែលលោកថ្លែងសុន្ទរកថាទៅកាន់សហគមន៍ជនជាតិហ្វីលីពីន នៅប្រទេសឥណ្ឌូណេស៊ី ។

សូមបញ្ជាក់ថា លោក Duterte បានបដិសេធនឹងអ្វីដែលមជ្ឈដ្ឋានខាងក្រៅនិយាយថា លោកបានជេរលោក Obama ដោយលោកផ្ទាល់បានអះអាងថា អ្វីទាំងនោះមិនមែននិយាយសំដៅលោក Obama ទេ ហើយទន្ទឹមគ្នានេះ លោក Obama ក៏បានបញ្ជាក់ថា លោកមិនចាត់ទុកអ្វីដែលលោក Duterte និយាយនោះ ថាសំដៅលើបុគ្គលទេ ផ្ទុយទៅវិញវាកើតឡើងដដែលៗទៅហើយ ៕

ប្រភព៖ kqube


Related Posts