ភ្ញាក់ផ្អើលជាមួយនឹងបុរសដែកឆក់ បង្កើនសមត្ថភាពទ្វេដង ឆក់បានខ្លាំងជាងមុន (មានវីដេអូ)

ឥណ្ឌា៖ កាលពីពេលថ្មីៗកន្លងទៅនេះ បុរសជនជាតិឥណ្ឌាម្នាក់ រហស្សនាមមនុស្សដែកឆក់ ដែលតែងតែបង្ហាញនូវសមត្ថភាពរបស់ខ្លួន អាចឆក់បានរួមមានទាំង ស្លាបព្រា សម កាំបិត ឬដែកគោលជាដើម ជាប់លើរូបរាងកាយរបស់គាត់នោះ នាពេលនេះអ្វីដែលពិសេស និងកាន់តែភ្ញាក់ផ្អើលជាងមុន គឺគាត់មានសមត្ថភាពរឹតតែខ្លាំង រហូតអាចឆក់ជាប់ ឆ្នាំងអ៊ុតដែលមានទម្ងន់ធ្ងន់ ច្រើនគីឡូក្រាមបានផងដែរ។

បើតាមប្រភព បានឲ្យដឹងថា លោក Arun Raikar រហស្សនាម មនុស្សដែកឆក់ ជាអ្នកស្រុករស់នៅក្នុងតំបន់ Sagar នៃរដ្ឋ Madhya Pradesh ក្នុងប្រទេសឥណ្ឌា ដែលមានសមត្ថភាពខុសប្លែកពីអ្នកដទៃ កម្រនឹងមានអ្នកដែលសមត្ថភាព អាចធ្វើបានដូចគាត់ឡើយ។ ខណៈថ្មីៗនេះ ពីមួយថ្ងៃទៅមួយថ្ងៃ បុរសខ្លាំងរូបនេះ កំពុងតែក្លាយជាទីចាប់អារម្មណ៍ និងថែមទាំងមានប្រជាប្រិយភាព យ៉ាងខ្លាំងបន្ថែមទៀត ពីសំណាក់មហាជនទូទៅជាច្រើន ក្រោយពីរូបលោកបានបង្កើន និងបង្ហាញសមត្ថភាពរបស់ខ្លួន ខ្លាំងទ្វេដងច្រើនជាងមុន ដោយអាចឆក់យកឆ្នាំងអ៊ុត ដែលមានទម្ងន់ធ្ងន់ រហូតដល់ទៅជាង ៥.២៥គីឡូក្រាម ឆក់ជាប់នៅនឹងដើមទ្រូង ដោយមិនបារម្ភពីការជ្រុះធ្លាក់នោះឡើយ។

ដោយឡែក តាមរយៈខ្សែវីដេអូឃ្លីប ដែលមានបង្ហាញឡើងនេះវិញ គេឃើញថាលោក Raikar បានដើរទៅដើរមក នៅកណ្តាលហ្វូងមនុស្សជាច្រើន ដែលកំពុងតែនាំគ្នាចោមរោមឈរមើល ពីការបង្ហាញសមត្ថភាពរបស់គាត់ ដែលអាចឆក់ឆ្នាំងអ៊ុតចំនួន២ នៅជាប់នឹងដើមទ្រូងរបស់គាត់តែម្តង គួបផ្សំជាមួយនឹងការរក្សាលំនឹងរបស់គាត់ បានយ៉ាងល្អផងដែរ។ ខណៈឆ្នាំងអ៊ុតទី១ គេដឹងថាមានទម្ងន់ ៥.២៥គីឡូក្រាម ឯឆ្នាំងអ៊ុតទី២ មានទម្ងន់ ៥.២៦៦គីឡូក្រាមផងដែរ ពោលបើបូកបញ្ចូលគ្នាទៅនោះ ឆ្នាំងអ៊ុតទាំងពីរមានទម្ងន់រហូតដល់ទៅជាង ១០គីឡូក្រាមឯណោះ។ រួចក្រោយមកក៏មានការបង្ហាញ ពីសមត្ថភាពរបស់គាត់ផ្សេងទៀត ដូចជាការឆក់ជាប់នូវចំនួន ស្លាបព្រាជាច្រើន រួមទាំងដែកគោលផងដែរ។

ជាមួយគ្នានេះដែរ ខាងអាជ្ញាធរ ឬអ្នកឯកទេស នៃសៀវភៅកំណត់ត្រាពិភពលោករបស់ឥណ្ឌា Limca Book of Records ក៏បានស្នើសុំឲ្យលោក Raikar យកវីដេអូឃ្លីបរបស់គាត់នេះ ឲ្យខាង Limca Book of Records ធ្វើការពិចារណា ដើម្បីដាក់បញ្ចូលក្នុងកំណត់ពិភពលោកផងដែរ។

បើតាមការឲ្យដឹងពីលោក Raikar បានអះអាងប្រាប់ថា រូបលោកបានដឹងថា ខ្លួនឯងមានឥទ្ធិពលម៉ាញ៉េទិច (ឬមេដែក) នៅក្នុងខ្លួននេះ តាំងពីនៅក្មេងវ័យមកម៉្លេះ ពោលគឺក្នុងអំឡុងគ្រាមួយដែលគាត់ កំពុងតែលេងជាមួយនឹងមិត្តភក្តិ ស្រាប់តែត្រូវមិត្តភក្តិរបស់គាត់ ចោលស្លាបព្រាមកលើរូបគាត់ ហើយស្លាបព្រានោះបែរជា ស្រាប់តែស្អិតជាប់ នៅខ្នងគាត់ទៅវិញ។ ក្រោយពីហេតុការចម្លែកនេះហើយ ក្រុមគ្រួសាររបស់គាត់ ក៏បានយកស្លាបព្រាជាច្រើនដើម យកមកដាក់លើខ្លួនប្រាណរបស់គាត់ ដោយឃើញថាវាពិតជាស្អិតជាប់ នៅនឹងខ្លួនរបស់គាត់យ៉ាងពិតប្រាដក។ ខណៈដែរ គ្រួសាររបស់គាត់និយាយថា សូម្បីតែគ្រូពេទ្យ ក៏មិនអាចធ្វើការបកស្រាយ ឬឆ្លើយតបបាននោះឡើយ ដោយមិនដឹងថា វាបណ្តាលមកពីមូលហេតុអ្វី ឲ្យប្រាដកនោះទេ ទើបបានជាកើតមានរឿង ចម្លែកយ៉ាងដូច្នេះនោះ។

លោក Raikar បន្តថា «ដំបូងឡើយ ខ្ញុំគិតថាប្រហែលជារូបខ្ញុំ ត្រូវបណ្តាសារបស់ព្រះជាម្ចាស់ហើយ។ ប៉ុន្តែឥលូវនេះ ខ្ញុំដឹងថាតាមពិតទៅ វាគឺជាអំណោយដ៏ល្អមួយបំផុត ដែលព្រះចេស្តានៃទ្រង់ បានប្រទានឲ្យខ្ញុំទៅវិញនោះទេ»

លើសពីនេះលោក Raikar ក៏សង្ឃឹមយ៉ាងមុតមាំថា រូបគាត់នឹងអាចជាប់ឈ្មោះ ក្នុងសៀវភៅកំណត់ត្រាពិភពលោក ស្តីពីមនុស្សនិងធម្មជាតិ របស់ប្រទេសឥណ្ឌា ឬហៅថា “Limca Book of Records” ក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ ៕   

ទស្សនាវីដេអូ៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ភ្ញាក់ផ្អើលជាមួយនឹងបុរសដែកឆក់ បង្កើនសមត្ថភាពទ្វេដង ឆក់បានខ្លាំងជាងមុន (មានវីដេអូ)

ភ្ញាក់ផ្អើលជាមួយនឹងបុរសដែកឆក់ បង្កើនសមត្ថភាពទ្វេដង ឆក់បានខ្លាំងជាងមុន (មានវីដេអូ)

ភ្ញាក់ផ្អើលជាមួយនឹងបុរសដែកឆក់ បង្កើនសមត្ថភាពទ្វេដង ឆក់បានខ្លាំងជាងមុន (មានវីដេអូ)

ភ្ញាក់ផ្អើលជាមួយនឹងបុរសដែកឆក់ បង្កើនសមត្ថភាពទ្វេដង ឆក់បានខ្លាំងជាងមុន (មានវីដេអូ)