រឿង​លោក ហង់ ចាន់​ឌី អភិបាលស្រុក​ចិត្រ​បុរី ប្រើ​អំណាច​ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​

ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​៣៧​គ្រួសារ​រស់នៅ​ភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ដែល​រងគ្រោះ​ដោយសារ​លោក ហង់ ចាន់​ឌី អភិបាលស្រុក​ចិត្រ​បុរី ប្រើ​អំណាច​ឆក់​ប្លន់​ដីធ្លី​បាន​អំពាវនាវ​ឲ្យ​លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​ជួយ​ដោះស្រាយ​ជាបន្ទាន់​។ ប្រជាពលរដ្ឋ​៣៧​គ្រួសារ​បាន​ឲ្យ​ដឹងថា ដីធ្លី​នោះ​ជា​ដី​កេរ​ដូនតា​របស់​ពួកគាត់​ដែល​បានរស់នៅ​និង​ប្រកប​របរ​កសិកម្ម​ចិញ្ចឹមជីវិត​ជា​យូរ​មកហើយ ក៏ប៉ុន្តែ​ថ្មីៗ​នេះ​បែរជា​លោក ហង់ ចាន់​ឌី បាន​បណ្ដេញ​ពួកគាត់​ចេញពី​ធ្លី​ព្រមទាំង​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​បំផ្លាញ​ដំណាំ​និង​ផ្ទះសម្បែង​របស់​ពួកគាត់​យ៉ាង​កំរោល​។ បញ្ហា​នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​អាជ្ញាធរខេត្ត ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី​កុំ​ឲ្យ​លោក ហង់ ចាន់​ឌី ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ទៀត​។

​ប្រជាពលរដ្ឋ​ទាំង​៣៧​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​លោក ហង់ ចាន់​ឌី បំពាន​លើដី​ធ្លី​ក្នុងភូមិ​សំបុក ឃុំ​សំបុក បាន​ឲ្យ​ដឹងថា​ការដែល​លោក ហង់ ចាន់​ឌី មក​បណ្ដេញ​ឲ្យ​ពួកគាត់​ចេញពី​ដីធ្លី​កេរ​ដូនតា​គឺ​ពុំមាន​លិខិតស្នាម​អ្វី​ទាំងអស់​។ សកម្មភាព​នោះបាន​កើតឡើង​កាលពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៦ ដោយ​លោក ហង់ ចាន់​ឌី និង​ឈ្មោះ ហួត យ៉ាំ ឈ្មោះ សំ សិ​ដ្ឋ បាន​ដឹកនាំ​កម្លាំងចម្រុះ​មាន​ទាហាន​កងរាជអាវុធហត្ថ និង​នគរបាល ព្រមទាំង​គ្រឿងចក្រ​មក​ឈូសឆាយដី​និង​ដំណាំ​របស់​ប្រជាពលរដ្ឋ​ទាំង​៣៧​គ្រួសារ​ដើម្បី​រំលោភ​យក​ដីធ្លី​យ៉ាង​កំរោល​។ តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា សកម្មភាព​នោះ​ពុំមាន​បទបញ្ជា​ពី​លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ​ទេ គឺ​លោក ហង់ ចាន់​ឌី ប្រើ​អំណាច​ឆក់​ប្លន់​ដីធ្លី​ពួកគាត់​ស្រស់ៗ​តែម្តង​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ការដែល​លោក ហង់ ចាន់​ឌី អាង​អំណាច​ជា​អភិបាលស្រុក​ចិត្រ​បុរី ហើយ​ធ្វើ​សកម្មភាព​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​បំផ្លាញ​ដំណាំ​និង​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​កាលពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៦ គឺជា​អំពើ​ខុសច្បាប់​ទាំងស្រុង​។ ដោយហេតុថា​ប្រជាពលរដ្ឋ​រស់នៅ​លើដី​ធ្លី​និង​ប្រកប​របរ​កសិកម្ម​ចិញ្ចឹម​ជិវិត​លើដី​កេរ​ដូនតា​របស់​ពួកគាត់​ជា​យូរ​មកហើយ ដូច្នេះ​ទង្វើ​របស់លោក ហង់ ចាន់​ឌី ជា​សកម្មភាព​ខុសច្បាប់​ទាំងស្រុង​ដែល​អភិបាល​ខេត្តក្រចេះ លោក សរ ចំ​រ៉ុង ព្រមទាំង​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​។ ដោយហេតុថា ការដែល​មន្ត្រី​មានអំណាច ប្រើ​អំណាច និង​តួនាទី​ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​ដូច​អ្វីដែល​លោក ហង់ ចាន់​ឌី បានធ្វើ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ គឺ​កំពុង​បំផ្លាញ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​យ៉ាង​កំរោល​បំផុត​៕

img_4874 img_4879 img_4877