ជីកដីបានជាងកន្លះម៉ែត្រ ស្រាប់តែរត់ចែកជើងគ្នា ភ័យលោះព្រលឹង

ខេត្ត​ប៉ៃលិន ៖ ខណៈ​ដែល​​ប្រជាពលរដ្ឋ​នាំ​គ្នា​ជីកដី ដើម្បី​រែង​រក​រ៉ែ​ត្បូង ស្រាប់តែ​មានការភ្ញាក់​ផ្អើល​ពេល​ប្រទះ​ឃើញ​គ្រាប់​មីន​​សេស​សល់​ពី​សម័យ​សង្គ្រាមចំនួន​២​គ្រាប់ កប់​នៅ​ក្នុង​ដី​ជម្រៅ​ជាង​កន្លះ​ម៉ែត្រ ​ក៏នាំគ្នា​រត់​ចែក​ជើង​គ្នា​​តែ​ម្តង តែ​បន្ទាប់​ពី​ប្រទះ​ឃើញ​គ្រាប់​មីន​​រួច​​មក ក៏​បាន​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​យក​ទៅ​រក្សា​ទុក​នៅ​កន្លែង​សុវត្ថិ​ភា​ព ។ ហេតុការណ៍​នេះ ​កើតឡើង​កាល​ពី​វេលា​ព្រឹក​ថ្ងៃ​ទី០​៩ ​កញ្ញា ​២០១៦ ​នេះ ស្ថិត​ក្នុងភូមិ​ថ្នល់ទទឹង ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ ។

ប្រភព​​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ រស់នៅ​ក្នុង​ឃុំ​អូរ​អណ្តូង​ បាន​រៀបរាប់​ឱ្យដឹង​កាលពី​ព្រឹកថ្ងៃដដែលថា​ ពួក​គាត់​កំពុង​តែ​ជីកដី​ដើម្បី​​រែង​រក​រ៉ែ​ត្បូង ស្រាប់តែ​ឃើញ​គ្រាប់​មីន​កប់​នៅ​ក្នុង​ដី ដោយ​ក្នុង​នោះ​មាន​មីន​ស្គរ​១​គ្រាប់ និង​មីន​៦៩​មួយ​គ្រាប់​ ។ ហើយ​ពួក​គាត់​​​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សុវត្ថិភាព ព្រោះ​ឃើញ​មាននៅ​រាយ​ពាសពេញ​ក្នុ​ង​ដី​ មិន​ថា​ដី​ដែល​អាជ្ញាធរ​កំចាត់​មីន​​បាន​សំអាត​រួច​ហើយនិង​ដី​មិន​ទាន់​បោសសំអាត​នោះ​ទេ សុទ្ធតែ​សល់​គ្រាប់​មីន​ទាំងអស់ ។

​​ស្ត្រី​ម្នាក់ឈ្មោះយិ​ន សំណាង អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​អូរ​អណ្តូង ក៏បានឱ្យដឹង​ដែរ​ថា ​គាត់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​គ្រាប់​មីន នៅ​លើ​ដី​ដែល​អាជ្ញាធរ​កំចាត់​មីន បាន​បោសសំអាត​រួច​ហើយ ព្រមទាំង​បាន​ប្រគល់​ឲ្យ​ពួក​គាត់​ទៅ​រស់នៅ​លើ​ដី​នោះ ។ ​ជាក់ស្តែង​​នៅ​ថ្ងៃនេះ ​​ពួក​គាត់ជីកដី​រក​រ៉ែ​ត្បូង ស្រាប់តែ​ប្រទះ​ឃើញ ក៏​មានការ​ភ្ញាក់ផ្អើល និង​ភ័យ​ខ្លាច​តែ​ម្តង។ 

គាត់​ក៏​បាន​សំណូមពរ​ដល់​អាជ្ញាធរ​កំចាត់​មីន​ផង ឱ្យ​យកចិត្ត​ទុក ដាក់​ចំពោះ​បញ្ហា​នេះ ដោយ​ត្រូវ​ពិនិត្យ​ឡើង​វិញ​ចំពោះ​ដី​ដែល​បាន​បោសសំអាត​រួច និង​ដី​ដែល​នៅ​សេសសល់ ដើម្បី​រក្សា​សុវត្ថិភាព​ជូន​ពួក​គាត់ ដែល​កំពុង​តែ​រស់នៅ​លើ​ដី​នោះ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក គង់ ណ​ន អធិការរង​នគរបាល​ស្រុក​សាលា​ក្រៅ បាន​ឲ្យ​ដឹង​ថា បើ​តាម​លោក​ដឹង ដី​នៅ​ចំណុច​កើតហេតុ​ខាងលើ ដែល​ពលរដ្ឋ​ប្រទះ​ឃើញ​គ្រាប់​មីន​នោះ ជា​ដី​ដែល​អាជ្ញាធរ​កំចាត់​មីន បាន​ដោះ​រួចរាល់​អស់ហើយ ព្រមទាំង​ប្រគល់​ឲ្យ​ប្រជា​ពល រដ្ឋ​រស់នៅ​ផង​ដែរ ហើយ​គ្រាប់​មីន ដែល​ពលរដ្ឋ​ប្រទះ​ឃើញ​ជា​មីន​ស្គរ និង​មីន​៦៩  ដែល​សល់​ពី​សម័យ​សង្គ្រាម ។

លោក​បន្ត​ទៀត​ថា ទោះបីជា​រដ្ឋាភិបាល និង​ប្រទេស​ជា​ម្ចាស់​ជំនួយ បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ទៅ​លើ​សកម្មភាព​រំដោះ​គ្រាប់​មីន និង​យុទ្ធ​ភ​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចេញពី​ផ្ទៃដី​នៃ​ប្រទេស​កម្ពុជា រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មក​ក៏​ដោយគ្រាប់​មីន និង​យុទ្ធភណ្ឌ​ទាំងនោះ ​នៅ​តែ​បង្ក​គ្រោះថ្នាក់ និង​គំរាមកំហែង​ដល់​ប្រជាពលរដ្ឋ​រស់នៅ​លើ​តំបន់​នោះ​ ។