ល្បីថា ហាងកាហ្វេមួយនេះ ធុំក្លិនមិនស្រួល?

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៍​ពី​ស្រុក​ភ្នំព្រឹក កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ​កញ្ញា ​នេះ​​ថា ល្បែង​អាប៉ោង និង​ល្បែង​ដ​ទៃ​ទៀត កំពុង​ដំណើ​រ​ការ​យ៉ាង​អ​ធឹ​ក​អ​ធ័ម​ ស្ថិត​​​នៅហាង​​​កាហ្វេ​មួយ​កន្លែងក្បែរ​ច្រក​តំបន់ ​«​អូរ​រំដួល​» ជិត​ព្រំដែន​ថៃ​​ក្នុងភូមិ​អូរ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ក្រោម​ក្រសែភ្នែក​របស់​មន្ត្រី​នានា និង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន ដែល​កំពុង​អង្គុយ​ផឹក​កាហ្វេ​មើល​កីឡាប្រដាល់​នៅ​ទីនោះ​ ។

ទីតាំង​ហាង​កាហ្វេ​ ដែល​បង្កប់​ល្បែងស៊ីសង​ដ៏​ធំ​មួយ​នេះ បើ​តាម​ប្រភព​ព័​ត៌​មានបាន​បញ្ជាក់​ប្រាប់​ថា ជា​របស់​ឈ្មោះ​តួ ដែល​ស្និទ្ធ​នឹង​សមត្ថកិច្ច​បំផុត​ ។ ល្បែងស៊ីសង​ដែល​បង្កប់​ក្នុង​ហាង​កាហ្វេ​របស់​លោក​តួនេះ ​មាន​ដូច​ជា​អាប៉ោង បៀរ និង​ភ្នាល់​គី​ឡា​ប្រដាល់​។

ប្រភព​ដដែល​បន្ត​ថា ហាង​កាហ្វេ​នេះ ​ជាទី​តាំង​ប្រមូលផ្តុំអ្នកលេង​ល្បែង​ដ៏​ធំ​នៅ​ក្នុងស្រុក​ភ្នំព្រឹក សូ​ម្បី​តែ​មន្ត្រី​សមត្ថកិច្ច​ក៏​មាន​វត្ត​មាន​នៅ​ទីនោះ​ដែរ តែ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដំណើ​រ​ការ​ដោយ​រលូន​គ្មាន​ការ​រំខាន​ពី​សមត្ថកិច្ច​ដែល​អង្គុយ​នៅ​ទីនោះ​ឡើយ ព្រោះ​លោក​តួ ជា​ម្ចាស់​ហាង​កាហ្វេ​បាន​បង់​សំណែន​ជូន​សមត្ថកិច្ច​រាល់​ខែ​ ។

ដូច្នេះ​ហើយ​ ទើប​សមត្ថកិច្ច ឬ​មន្ត្រី​នានា ចូល​ទៅ​អង្គុយ​ផឹក​កាហ្វេ​បណ្ដើរ មើល​គេ​លេងល្បែង​បណ្ដើ​យ៉ាង​សប្បាយ​ភ្នែក មិន​ខ្វល់​នឹង​បន​ល្បែង​មួយ​នេះ​។  បើ​តាម​ប្រភព​ពី​ស្រុក​ភ្នំព្រឹក​បាន​បញ្ជាក់​ដែរ​ថា បន​ល្បែង​ដែល​បង្កប់​ក្នុង​ហាង​កាហ្វេ​ខាងលើ​នេះ បាន​បើក​ដំណើ​ការ​ដុះ​ស្លែ​ច្រើន​ឆ្នាំ​ហើយ គ្មាន​ការ​រំខាន​ពី​សមត្ថកិច្ច​ម្ដងណា​ឡើយ​។ ព្រោះ​ម្ចាស់​ហាង​នេះ​ តែង​ផ្ដល់​ផល​ប្រ​យោ​ជ​ន៍​ដល់​សមត្ថកិច្ច​នៅ​តំបន់​នោះ​។

បើ​តាម​សេចក្ដី​រាយ​ការ​ណ៍បន្ត​ថា នៅ​ពេល​នេះ ​ក្រុម​អ្នក​ញៀន​ល្បែង​កំពុង​ជួបជុំ​គ្នា ទាំង​ល្បែង​អាប៉ោង បៀរ និង​ភ្នាល់​កីឡា នៅ​ក្នុង​ហាង​កាហ្វេ​របស់​ឈ្មោះ​តួ ហើយ​គេ​ឃើញ​មន្ត្រី​មួយ​ចំណួន​ក៏​នៅ​ទីនោះ​ដែរ ។