អាណាព្យាបាល​គាំទ្រ​កម្លាំង​ជំនាញ​ខេត្ត​ព្រះសីហនុ​ថា​បើក​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន

អាណាព្យាបាល​ភាគ​ច្រើន​រស់​នៅ​ខេត្ត​ព្រះសីហនុ គាំទ្រ​យុទ្ធនាការ​ចុះ​បង្ក្រាប​សកម្មភាព​ជួញដូរ​គ្រឿង​ញៀន​របស់​កងកម្លាំង​ប្រដាប់​អាវុធ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ដែល​ឈាន​ដល់​នាំ​ខ្លួន​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ជា​ច្រើន​ករណី​បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស។

ករណី​នេះ មន្ត្រី​សង្គម​ស៊ីវិល​ក៏​ប្រកាស​គាំទ្រ ហើយ​ចាត់​ទុក​សកម្មភាព​ចុះ​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​របស់​កម្លាំង​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ ថា​បាន​លទ្ធផល​វិជ្ជមាន​ជា​បន្តបន្ទាប់​រហូត​មក​ដល់​ពេល​នេះ។

ថ្នាក់ដឹកនាំ​ស្ថាប័ន​កងរាជអាវុធហត្ថ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ អះអាង​ថា ស្ថាប័ន​ជំនាញ​នីមួយៗ នឹង​បង្កើន​សកម្មភាព​ចុះ​បង្ក្រាប​រាល់​បទល្មើស​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ដែល​កើត​មាន​ក្នុង​នេះ​ឲ្យ​បាន​ខ្លាំងក្លា​ថែម​ទៀត ដើម្បី​ទប់ស្កាត់​បទល្មើស​ទាំង​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។

របាយការណ៍​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​របស់​ស្ថាប័ន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បង្ហាញ​ថា គិត​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៥ មក​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៦ ស្ថាប័ន​នេះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជាក់ស្ដែង​បាន ២៧​លើក។ ក្នុង​នោះ​ករណី​ជួញដូរ​គ្រឿងញៀន​ចំនួន ២១​លើក និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន ៦​លើក។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា យុទ្ធនាការ​នេះ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បទល្មើស​គ្រឿងញៀន​បាន​ចំនួន ៦៩​នាក់ (ប្រុស​៥៩​នាក់)។ ក្នុង​នោះ​បាន​បញ្ជូន​ជនសង្ស័យ​បទល្មើស​នេះ​ទៅ​កាន់​តុលាការ​ចំនួន ៦៥​នាក់ ប្រុស ៥៦​នាក់ ព្រម​ទាំង​អប់រំ​ហើយ​ដោះលែង​វិញ​ចំនួន ៤​នាក់។

របាយការណ៍​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បង្ហាញ​ថា សកម្មភាព​បង្ក្រាប​បទល្មើស​គ្រឿងញៀន គិត​មក​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្ញា គឺ​កម្លាំង​ជំនាញ​រឹប​អូស​វត្ថុ​តាង​ម្សៅ​ស​ថ្លា​ចំនួន ១៦០​កញ្ចប់ ស្មើ​នឹង​ជាង ៩០​ក្រាម (៩២.៩៣) និង​ថ្នាំ​គ្រាប់​ប្រភេទ​យ៉ាម៉ា ជា​ដើម បាន​មួយ​ចំនួន​ទៀត។

ទាក់ទិន​ករណី​នេះ មេ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ លោក​ឧត្ដម​វរសេនីយ៍ត្រី ហេង ប៊ុនទី សង្កត់​ធ្ងន់​ថា កម្លាំង​ជំនាញ​ស្ថាប័ន​នេះ នឹង​បន្ត​បើក​យុទ្ធនាការ​ទាំង​យប់​ថ្ងៃ​ឲ្យ​បាន​ជា​ប្រចាំ ប្រយោជន៍​ដើម្បី​ឈាន​ដល់​ចុះ​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ដែល​កើត​មាន​នា​មូលដ្ឋាន​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ថ្ងៃ​ខាង​មុខ។

បទល្មើស​គ្រឿងញៀន​នេះ​ដែរ មន្ត្រី​សង្គម​ស៊ីវិល និង​អាណា​ព្យាបាល​ភាគ​ច្រើន នា​ខេត្ត​ព្រះសីហនុ បង្ហាញ​ការ​គាំទ្រ​ដល់​យុទ្ធនាការ​ចុះ​បង្ក្រាប​គ្រឿងញៀន​របស់​កម្លាំង​ជំនាញ​គ្រប់​ស្ថាប័ន ដែល​បាន​ពង្រឹង​សកម្មភាព​បង្ក្រាប​គ្រឿងញៀន​ទាំង​យប់​ថ្ងៃ ទទួល​បាន​ទ្ធ​ផល​វិជ្ជមាន​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល ១​ឆ្នាំ​ចុង​ក្រោយ​នេះ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ប្រកាស​គាំទ្រ និង​លើកទឹកចិត្ត​ដល់​កម្លាំង​ជំនាញ​ស្ថាប័ន​កងកម្លាំង​ប្រដាប់​អាវុធ​នានា ដែល​បាន​យក​ចិត្ត​ទុក​ដាក់ និង​រួម​សហការ​គ្នា​បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​ចាប់​បញ្ជូន​ជនសង្ស័យ បាន​ជា​ច្រើន​ករណី​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស៖ «សូម​ដាក់​ទោស​ទៅ​តាម​កម្រិត​ដែល​ជនសង្ស័យ ឬ​ជនល្មើស​គ្រឿងញៀន​បាន​ប្រព្រឹត្តិ​ឲ្យ​ស្របតាម​ច្បាប់។ ប៉ុន្តែ​ខ្ញុំ​ក៏​ស្នើ​ដល់​កម្លាំង​ជំនាញ​ត្រូវ​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ដែល​សមត្ថកិច្ច​ជំនាញ​ចាប់​ច្រឡំ ព្រោះ​តាម​ការ​ឲ្យ​ដឹង​របស់​អាណាព្យាបាល​ក៏​មាន​កូនៗ របស់​ពួកគាត់​មួយ​ចំនួន​ត្រូវ​សមត្ថកិច្ច​ចាប់​ច្រឡំ ដោយសារ​ដើរ​ជាន់​ដាន​ពេល​សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើ​សកម្មភាព​បង្ក្រាប​គ្រឿងញៀន​នៅ​ពេល​កន្លង​មក​នេះ»

បទល្មើស​គ្រឿង​ញៀន​នេះ​ដែរ លោក​ឧត្ដមសេនីយ៍​ទោ ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​ប្ដេជ្ញា​ថា បាន​ដឹកនាំ​កម្លាំង​ជំនាញ​​ក្រោម​ឱវាទ ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចាប់​ពី​ទីប្រជុំជន​រហូត​ដល់​មូលដ្ឋាន ដែល​មាន​សកម្មភាព​ជួញដូរ ឬ​ប្រើប្រាស់​គ្រឿង​ញៀន។

ទោះបី​លោក ជួន ណារិន្ទ មិន​ទាន់​បង្ហាញ​របាយការណ៍​នៃ​ចំនួន​បទល្មើស​គ្រឿងញៀន គិត​ចាប់​ពី​ខែ​មករា មក​ដល់​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៦ សមត្ថកិច្ច​បង្ក្រាប និង​ចាប់​បាន​ជនសង្ស័យ​កើត​មាន​ប៉ុន្មាន​ករណី​ឲ្យ​ពិតប្រាកដ​ក្តី ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា នៅ​ឆមាស​ទី​២ ចុង​ឆ្នាំ​នេះ កម្លាំង​ជំនាញ​បើក​យុទ្ធនាការ​បង្ក្រាប និង​ចាប់​បាន​ជនល្មើស ឬ​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ជា​ច្រើន​ករណី​បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស។

លោក​ឧត្ដម​វរសេនីយ៍ទោ ជួន ណារិន្ទ បាន​ព្រមាន​ដល់​កងកម្លាំង​នគរបាល​ក្រោម​ឱវាទ​របស់​ខ្លួន​ដែល​កន្លង​មក​ធ្លាប់​មាន​ជាប់​ពាក់ព័ន្ធ​សកម្មភាព​ជួញដូរ​គ្រឿង​ញៀន ប៉ុន្តែ​ចាប់​ពី​ពេល​នេះ​ត​ទៅ​ត្រូវ​ងាក​ឲ្យ​ឆ្ងាយ​ពី​បទ​ល្មើស​នេះ ព្រោះ​រូបលោក​មិន​អាច​អត់​អោន​ឲ្យ​បាន​ទេ។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ សង្កត់​ធ្ងន់​ថា នឹង​ខិតខំ​ពង្រឹង​សកម្មភាព​បង្ក្រាប​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ដែល​កើត​មាន​ឡើង​នៅ​​ខេត្ត​ទេសចរណ៍​មួយ​នេះ​នៅ​ពេល​កន្លងមក​ឲ្យ​ថយ​ចុះ​ដើម្បី​ឈាន​ដល់​ផ្ដល់​សន្តិសុខ ឬ​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​មូលដ្ឋាន​នេះ មាន​សុវត្ថិភាព​ល្អ​ថែមទៀត​នៅ​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។