ព័ត៌មានបន្ថែម ៖ រឿង​កងវិស្វកម្ម​បំផ្លាញ​សេចក្តីសុខប្រជាជនឃុំល្វេ

ខេត្តព្រៃវែង ៖ តាម​គម្រោង​ចំណាយ​ស្ថា​ប​ផ្លូវលំ​ ពី​ឃុំ​ព្រែក​ធ្នឹម​ថ្នឹង ទៅ​ឃុំ​ល្វេ ត្រូវ​ដឹក​ដី​មក​ក្រាល​លើ​ផ្លូវលំ ប៉ុន្តែ​ការ​ស្ថាបនា​ផ្លូវលំ​មួយ​នេះ ចម្លែក​អស្ចារ្យ ។ កង​វិស្វកម្ម​មិន​បាន​ដឹក​ដី​ពី​ទីណា​មក​ចាក់​ក្រាល​ធ្វើ​ទេ បែរជា​យក​គ្រឿងចក្រ​ជីក​យក​ដី​លំនៅ​ឋាន តាម​ភូមិ​ ដែល​អម​ផ្លូវ មក​ធ្វើ​ផ្លូវ​ទៅ​វិញ ។ គេ​ជីកដី​ភូមិលំនៅ​ឋាន​អម​ផ្លូវ ទុក​តែ​មួយ​ប្រឡង់​ផ្ទះ​ប៉ុណ្ណោះ ។

អ្នកស្រុក​ឈឺចាប់​ណាស់ បើ​ធ្វើ​បែប​នេះ តើ​ឱ្យ​គោ ក្របី កូនចៅ​គេ រស់នៅ​បែប​ម៉េច​ទៅ ។ បន្តិចទៀត ទឹក​លិច​ដែល​មាន​ជម្រៅ​ពី​៣ ទៅ​៤​ម៉ែត្រ​នៅ​មុខ​ផ្ទះ សល់​តែ​មួយ​ប្រឡង់​ផ្ទះ ។

មេឃុំ​ល្វេ ជា​មេឃុំ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​សប្បាយ​ដោយ​ឃោសនា​ថា នេះ​ជា​បញ្ជា​ពី​មេគណ​បក្ស​ប្រជាជន​កម្ពុជា ធ្វើ​ឱ្យ​ប្រជាជន​នៅ​អម​ផ្លូវលំ​ខឹង​ខ្លាំង​ណាស់ ប្រាប់​កោះសន្តិភាព​ថា ឈប់​បោះ​ឆ្នោត​ឱ្យ​ហើយ ។

ចំណែក​អភិបាលស្រុក​ស្រី​ស៊ី​ធរ​កណ្តាល គ្មាន​ដំណោះស្រាយ​ឱ្យ​ប្រជាជន​អស់ចិត្ត​ទេ ទំនង​ខ្លាច​អំណាច​ឈ្មោះ​កង​វិស្វកម្ម ។

លោក​ជា សុ​មេធី អភិបាលខេត្ត គួរតែ​ទៅ​ជួយ​មើល​ស្នាដៃ​អាក្រក់​របស់​កង​វិស្វកម្ម​នៅ​ស្រុក​ស៊ី​ធរ​កណ្តាល​ផង ។

គួរ​កត់​សម្គាល់ថា តាំងពី​ដូនតា​មក គេ​ធ្វើ​ផ្លូវលំ​មិន​ដែល​ក្រុមហ៊ុន​ណាមួយ កាយ​យក​ដី​តាម​ភូមិលំនៅ​ឋាន​ មក​ចាក់​ផ្លូវ​ទេ មាន​តែ​សម័យមួយ​នេះ ។

ភូមិ​ព្រហ្ម​មុនី ជា​ភូមិ​លិច​ទឹក​នៅ​រដូវវស្សា ។ ប្រជាជន​តែង​ចាក់​ដី​ លើកដី​ភូមិ​ឱ្យ​ខ្ពស់​រាល់​ៗ​ឆ្នាំ ។ ទីបំផុត កង​វិស្វកម្ម​ទៅ​ជីក​យក​ដី​ភូមិ​ពួក​គេ​ឱ្យ​ក្លាយជា​ស្រះ ជា​ស្ទឹង អម​ផ្លូវលំ​ទៅ​ហើយ ។