កសិករ​នៅ​ស្រុក​បាកាន​ខេត្ត​ពោធិ៍សាត់​ត្អូញត្អែរ​រឿង​តម្លៃ​ស្រូវ​ចុះ​ថោក

កសិករ​ជា​ច្រើន​ភូមិ​នៃ​ឃុំ​ត្រពាំងជង ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ត្អូញត្អែរ​ពី​តម្លៃ​ស្រូវ​ចុះ​ថោក និង​នៅ​តំបន់​ខ្លះ​ឈ្មួញ​លែង​ចុះ​ទិញ​ស្រូវ​របស់​កសិករ​ទៀត​ផង ដែល​ធ្វើ​ឲ្យ​ពួកគេ​ប្រឈម​នឹង​ការ​ខ្វះខាត​ប្រាក់​សង​បំណុល​ធនាគារ ឬ​សង​ថ្លៃ​ជី និង​ថ្នាំ​សម្លាប់​សត្វល្អិត។ អាជ្ញាធរ​ថា គេ​មិន​អាច​ជួយ​រក​ទីផ្សារ​ជូន​កសិករ ឬ​ធ្វើ​អ្វី​បាន​ក្រៅ​ពី​រង់ចាំ​មើល​ឈ្មួញ​ចុះ​ទិញ​នោះ​ទេ។

ក្រុម​កសិករ​នៅ​ឃុំ​ត្រពាំងជង ស្រុក​បាកាន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ថា ស្រូវ​​ផ្កាម្លិះ​ដែល​ជា​ប្រភេទ​ស្រូវ​ក្រអូប​ធ្លាប់​មាន​តម្លៃ​ជាង​១​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម ប៉ុន្តែ​បច្ចុប្បន្ន​ធ្លាក់​ថ្លៃ​មក​នៅ​ត្រឹម ៨៥០​រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​នៅ​ស្រូវ​នៅ​ភូមិ​ខ្លះ​ឈ្មួញ​សាញ​មិន​ទិញ​ទៀត។ នៅ​គ្រា​ដែល​កសិករ​ប្រញឹក​ច្រូតកាត់​ប្រមូល​ផល មាន​កសិករ​ខ្លះ​ដំអក់​មិន​ទាន់​ច្រូត​កាត់​រង់ចាំ​ស្រូវ​ឡើង​ថ្លៃ។

កសិករ​ម្នាក់​រស់នៅ​ភូមិ​ពោធិ៍យំ នៃ​ឃុំ​ត្រពាំងជង លោកស្រី ចាប ជៀម មាន​ប្រសាសន៍​ថា រយៈ​ពេល​បី​ថ្ងៃ​ហើយ គឺ​ចាប់​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឈ្មួញ​លែង​ចុះ​ទិញ​ស្រូវ បន្ទាប់​ស្រូវ​សើម​ប្រភេទ​ផ្កា​ម្លិះ​ធ្លាក់​ថ្លៃ​មក​នៅ​ត្រឹម ៨៥០​រៀល​ក្នុង​មួយ​គីឡូក្រាម។ ដើម្បី​ឆាប់​បាន​លុយ​សង​គេ និង​ដោះស្រាយ​ជីវភាព លោកស្រី​លែង​ចង់​គិត​ពី​តម្លៃ​ហើយ​ឲ្យ​តែ​មាន​ឈ្មួញ​ចុះ​ទិញ​គាត់​នឹង​ច្រូត​លក់​ភ្លាម៖ «តម្លៃ ៩០០ ហើយ​ឥឡូវ​ធ្លាក់​នៅ​តែ ៨០០ ក៏​គេ​មិន​ទិញ​ទៀត ឥឡូវ​គេ​ផ្អាក​ទិញ​ពីរ​បី​ថ្ងៃ​ហើយ។ គេ​ថា គេ​មិន​ទិញ យក​ទៅ​តាម​រោង​ម៉ាស៊ីន​គេ​មិន​ទិញ ឮ​សូរ​ថៅកែ​ថា​អ៊ីចឹង។ ស្រូវ​មិន​ល្អ​ម៉េច! បើ​ស្រូវ​រាល់​ឆ្នាំ​ពេល​ច្រូត ថៅកែ​ទៅ​ដណ្ដើម​ទិញ​ដល់ៗ​ស្រែ ដល់​ឆ្នាំ​នេះ​ស្រូវ​ធ្លាក់​ចុះ​អត់​ទាំង​ឈ្មួញ អត់​ទាំង​ថៅកែ​បណ្ដោយ»

ចំណែក​កសិករ​ម្នាក់​ទៀត​លោក សៀម កុសល បញ្ជាក់​ថា គ្រួសារ​លោក និង​ពលរដ្ឋ​ក្នុង​ឃុំ​ជា​ច្រើន​ទៀត​ប្រមូល​ផល​បាន​ប្រមាណ ៣០% ហើយ​មក​ដល់​ពេល​នេះ។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល ឬ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជួយ​រក​ទីផ្សារ​ជូន​កសិករ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​តម្លៃ​មួយ​ពាន់​រៀល​ក្នុង​មួយ​គីឡូ​ក្រាម ទើប​កសិករ​អាច​ទូទាត់​ថ្លៃ​ដើម​ផលិត​ស្រូវ និង​បាន​សល់​ប្រាក់​ខ្លះ​គ្រាន់​ទ្រទ្រង់​ជីវភាព​គ្រួសារ៖ «ឥឡូវ​នេះ​តំបន់​ខ្ញុំ​នេះ​បើ​គិត​ទៅ​មិន​តិច​ភូមិ​ទេ វា​នៅ​ឃុំ​ត្រពាំងជង ទាំង​មូល។ ស្រូវ​នៅ​ប៉ែក​ខាង​លើ​នេះ​វា​ក្បែរ​រាប់​រយ​ហិកតារ​បើ​គិត​ទៅ។ សូម​សំណូមពរ​គ្រាន់​តែ​ឲ្យ​មាន​តម្លៃ​លើ​ទីផ្សារ​ហើប​បន្តិច (បាន​ថ្លៃ​បន្ដិច) ប្រជាពលរដ្ឋ​ថ្ងូរ​ស្រែក​មាំ​ណាស់ ព្រោះ​អី​វា​ថោក​ពេក​លោក​គ្រូ»

ទាក់ទង​បញ្ហា​នេះ​មេឃុំ​ត្រពាំងជង លោក អ៊ឹម សាមិន ថា​កន្លង​ទៅ​មាន​មន្ត្រី​ចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​ការ​ផលិត​ស្រូវ​បែប​ណា​ដែល​មាន​គុណភាព​ល្អ និង​លក់​បាន​ថ្លៃ ប៉ុន្តែ​របប​ទីផ្សារ​សេរី​មិន​អាច​រក្សា​លំនឹង​តម្លៃ​ថ្លៃ​រហូត​បាន​នោះ​ទេ ហើយ​អាជ្ញាធរ​ក៏​មិន​អាច​ជួយ​ឲ្យ​តម្លៃ​ស្រូវ​ឡើង​ថ្លៃ​បាន​ដែរ។

លោក​សង្កេត​ឃើញ​ថា រាល់​ឆ្នាំ​ស្រូវ​លក់​បាន​ថ្លៃ​នៅ​ក្នុង​ខែ​សីហា ប៉ុន្តែ​ឆ្នាំ​នេះ​មាន​បញ្ហា​រាំង​ស្ងួត​បាន​អូស​បន្លាយ​ការ​ប្រមូល​ផល​មក​ដល់​ខែ​កញ្ញា ស្រាប់​តែ​តម្លៃ​ស្រូវ​ចុះ​ថោក​តែ​ម្ដង៖ «វា​ប្រភេទ​ស្រូវ​សែន​ក្រអូប ហើយ​ធ្លាប់​កន្លង​ទៅ​បើ​ខែ​៨ លក់​គ្រាន់​បាន​ថ្លៃ ដល់​ចូល​ដល់​ខែ ៩ អត់​សូវ​បាន​ថ្លៃ​ទេ ឆ្នាំ​ទៅ​មិញ​ក៏​អ៊ីចឹង​ដែរ ឲ្យ​តែ​ចូល​ខែ​៩។ ទេ! មិន​ដឹង​ជា​ហេតុ​ម៉េច​ទេ ហេតុ​រោង​ម៉ាស៊ីន​ថា​អ្នក​ត្រូវ​ការ​តិច អា​អ្នក​ផលិត​បាន​វា​ច្រើន​បើ​តាម​មើល។ ទេ! ច្រើន​ដែរ​បែប​ចូល​ចង់ ១០០​ហិកតារ​តាម​មើល»

លោក​បញ្ជាក់​ថា ឃុំ​ត្រពាំងជង មាន​ភូមិ​ចំណុះ ២០​ភូមិ ក្នុង​នោះ​មាន​ភូមិ​កំពុង​ច្រូត​កាត់​ប្រមូល​ផល​ស្រូវ​ចំនួន ៩​ភូមិ។ កសិករ​ក្នុង​ឃុំ​នេះ​បង្កបង្កើន​បាន​ពីរ​ដង​ក្នុង​១​ឆ្នាំ ដោយសារ​មាន​ប្រភព​ទឹក​នៅ​ក្បែរ។

ទាក់ទង​នឹង​ការ​អន្តរាគមន៍​តម្លៃ​ស្រូវ​នៅ​លើ​ទី​ផ្សារ​នេះ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​ផ្ដន្ទាទោស​អាជ្ញាធរ​ណា​ដែល​ឃុបឃិត​ជាមួយ​ឈ្មួញ​ក្នុង​ការ​កាង​ទិញ​កសិផល​ផ្ដាច់​មុខ។ លោក​ថា យន្តការ​ទីផ្សារ​ជា​អ្នក​កាត់​សេចក្ដី​ដែល​មាន​ន័យ​ថា អ្នក​ណា​ហ៊ាន​ទិញ​កសិផល​ក្នុង​តម្លៃ​ថ្លៃ​ខ្ពស់ គឺ​កសិករ​ត្រូវ​តែ​លក់​ឲ្យ​អ្នក​នោះ មិន​ត្រូវ​ទុក​ឲ្យ​មាន​ជើង​កាង​កើត​ឡើង​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។