សហជីព​ស្នើ​គ.ជ.ប​ជួយ​សម្រួល​អោយ​កម្មករ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ដោយ​ពុំ​មាន​ការ​​កាត់​ប្រាក់

សហជីព​កម្មករ​ស្នើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) អោយ​ជួយ​សម្រួល​ដល់​ក្រុម​កម្មករ​បម្រើ​ការងារ​នៅ​តាម​រោងចក្រ និង​សហគ្រាស​នានា ងាយ​ស្រួល​សុំ​ច្បាប់​ដើម្បី​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត។ សំណើ​នេះ​បន្ទាប់​ពី​កម្មករ​នៅ​តាម​បណ្ដា​ខេត្ត​ដែល​កំពុង​ធ្វើ​ការងារ​នៅ​ឆ្ងាយ​ពី​ផ្ទះ​ជួប​ការ​លំបាក​មួយ​ចំនួន​នៅ​ពេល​សុំ​ច្បាប់​ទៅ​ចូល​រួម​បោះឆ្នោត។ មន្រ្តី គ.ជ.ប បញ្ជាក់ថា នឹងពិចារណាសំណើរបស់សហជីពកម្មករនេះ។

សហភាព​ការងារ​កម្ពុជា សំអាង​ហេតុផល​មួយ​ទៀត​ថា កាល​ពី​អំឡុង​ពេល​បោះឆ្នោត​ជា​ច្រើន​អាណត្តិ​កន្លង​ទៅ​នេះ គ.ជ.ប តែង​ចេញ​សេចក្ដី​ណែនាំ​អោយ​រោងចក្រ​សហគ្រាស​នានា សម្រួល​ពេល​វេលា​សម្រាប់​អោយ​ក្រុម​កម្មករ កម្មការិនី​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ដោយ​មិន​កាត់​ប្រាក់​ឈ្នួល។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា កម្មករ កម្មការិនី​នៅ​តាម​បណ្ដា​រោងចក្រ​សហគ្រាស​តែង​ជួប​ការ​លំបាក​ក្នុង​ការ​សុំ​ច្បាប់​ឈប់​សម្រាក។ លោក​ថា ជា​ទូទៅ​ពួកគេ​ត្រូវ​ថៅកែ​កាត់​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ និង​ប្រាក់​រង្វាន់​ផ្សេង​ទៀត​នៅ​ពេល​សុំ​ច្បាប់។ លោក​ថា បញ្ហា​នេះ​ជា​ការ​លំបាក​មួយ​ទៀត​សម្រាប់​កម្មករ​ដែល​មាន​លំនៅឋាន​នៅ​តាម​បណ្ដា​ខេត្ត​ឆ្ងាយ ហើយ​ចង់​ទៅ​បោះឆ្នោត​នៅ​ទី​នោះ៖ «»។

ករណី​នេះ​ដែរ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ធ្លាប់​មាន​ប្រសាសន៍​ថា ក្រសួង​អាច​នឹង​ចាត់​វិធានការ​ករណី​នេះ​ប្រសិន​បើ​មាន​សេចក្ដី​ណែនាំ​ពី គ.ជ.ប៖ «»។

ឆ្លើយ​តប​ករណី​នេះ សមាជិក និង​ជា​អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា គ.ជ.ប បាន​ផ្ដល់​ជម្រើស​រួច​ហើយ​សម្រាប់​អ្នក​ចំណាក​ស្រុក​ថា ពួកគេ​អាច​​ទៅ​ចុះ​ឈ្មោះ​នៅ​ទីកន្លែង​ពួកគេ​កំពុង​ស្នាក់ ឬ​ទៅ​ចុះ​ឈ្មោះ​នៅ​ទីលំនៅ​អចិន្ត្រៃយ៍។ តែ​បើ​ទោះ​ជា​យ៉ាង​ណា លោក ហង្ស ពុទ្ធា បញ្ជាក់​ថា គ.ជ.ប នឹង​ពិចារណា​ចំពោះ​សំណើ​របស់​សហជីព​នេះ។

កម្មការិនី​បម្រើ​ការងារ​នៅ​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់ និង​ស្រោម​ជើង​នៅ​ខេត្ត​កណ្ដាល កញ្ញា យឹង ស្រីឃួច និយាយ​ថា នាង​មាន​ទីលំនៅ​ក្នុង​ខេត្ត​សៀមរាប ហើយ​នាង​ចង់​ត្រឡប់​ទៅ​បោះឆ្នោត​នៅ​មូលដ្ឋាន​របស់​នាង​វិញ ពោល​គឺ​នាង​ចង់​ចូលរួម​អភិវឌ្ឍន៍​ភូមិ ឃុំ​របស់​នាង។ ប៉ុន្តែ​នាង​ចាំ​បាច់​ត្រូវ​សុំ​ច្បាប់​ថៅកែ​របស់​នាង ដើម្បី​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត។ ស្រី​ឃួច រំពឹង​ថា ភាគី​ពាក់ព័ន្ធ​នឹង​ជួយ​សម្រួល​ដល់​ពួក​នាង ដើម្បី​បាន​ទៅ​ចុះ​ឈ្មោះ​ដោយ​មិន​ត្រូវ​កាត់​ប្រាក់​ឈ្នួល៖ «»។

ក្នុង​ប្រតិទិន​របស់ គ.ជ.ប ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ដើម្បី​បង្កើត​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦ នេះ​មាន​រយៈពេល ៣​ខែ ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា។ ក្នុង​នោះ គ.ជ.ប នឹង​ឈប់​សម្រាក​ផ្អាក​ការ​ចុះ​ឈ្មោះ​នេះ​ចំនួន ២​ថ្ងៃ គឺ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា និង​ថ្ងៃ​ទី​១ ខែ​តុលា ដែល​ជា​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។