ក្មេងស្រី​អាយុ​១០​ឆ្នាំ​ត្រូវ​ក្របី​វ័ធ​ចំ​របួស​ធ្ងន់ធ្ងរ បន្ទាប់ពី​ឪពុក​ប្រើ​ឲ្យ​ទៅ​ដឹក​ត្រឡប់មកផ្ទះ​វិញ

ខេត្តស្វាយរៀង៖ ក្មេងស្រីអាយុ១០ឆ្នាំម្នាក់ត្រូវក្របីរបស់ខ្លួនវ័ធចំផ្ទៃមុខ ទ្រូង និងឆ្អឹងជំនី របួសធ្ងន់ បន្ទាប់ពីឪពុកបានប្រើឲ្យដឹកត្រឡប់កមផ្ទះវិញដោយសារឪពុកនាងមិនស្រួលខ្លួន។ ហេតុការណ៍ដ៍អាក្រក់នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចក្នុងភូមិសង្គម ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ka-10-09-2016-07

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបានឲ្យដឹងថា ក្មេងស្រីរងគ្រោះ មានឈ្មោះ ខឹង លីដា អាយុ១០ឆ្នាំ មានទីលំនៅ នៅទីកើតហេតុខាងលើ បានរងរបួសដោយសត្វក្របីវ័ធចំផ្ទៃមុខ បបូរមាត់ និងឆ្អឹងជំនី ទ្រូង។ នាងត្រូវបានជួយសង្គ្រោះពីអ្នកជិតខាងបន្ទាប់ពីនាងត្រូវរបួសហើយស្រែកយំហើយហៅឲ្យគេជួយ។ ជាមួយគ្នានោះប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរបានឃើញហើយអាណិតអាសូរ ក៏បាន នាំគ្នាជួយដឹកមកកាន់មន្ទីរពេទ្យខេត្តស្វាយរៀង ប៉ុន្តែដោយស្ថានភាពរបួសធ្ងន់ ក៏ត្រូវបានបញ្ជូនបន្តទៅកាន់រាជធានីភ្នំពេញ ។

ស្ត្រីអ្នកភូមិម្នាក់បានប្រាប់ថា ក្របីនេះរាល់ៗដងឪពុកក្មេងស្រីជាអ្នកឃ្វាលវា ប៉ុន្តែថ្ងៃកើតហេតុ គាត់មានជំងឺសំរាកនៅផ្ទះ ហើយក៏ស្រែកហៅកូនស្រី២នាក់ ឲ្យទៅជួយដឹកត្រឡប់មកផ្ទះ អកុសលស្រាប់តែមានគ្រោះថ្នាក់បែបនេះតែម្ដង ៕

ka-10-09-2016-04