អង្គការ​លើក​លែង​ទោស​អន្តរជាតិ ថា​«កម្ពុជា​កំពុង​ធ្លាក់​ក្នុង​វិបត្តិ»

តែប៉ុន្មានម៉ោង ក្រោយការចេញសាលក្រម ដោយសាលាដំបូងរាជធានី ដែលបានសម្រេច​ផ្ដន្ទាទោស មេដឹកនាំ​គណបក្សប្រឆាំង លោក កឹម សុខា ឲ្យជាប់​ពន្ធនាគារ​ចំនួន​៥ខែ និងពិន័យ​ឲ្យបង់​ប្រាក់ ៨សែនរៀល អង្គការ​អន្តរជាតិ​ដ៏​ធំ​មួយ ហៅជាភាសាអង់គ្លេស «Amnesty International» បាន​ចេញសេចក្ដី​ថ្លែង​ការណ៍​​​របស់​​ខ្លួន ប្រដូច​ចំណាត់ការ​​នេះ ទៅ​នឹង​​វិបត្តិ​មួយ​ និង​​រំលឹក​​ឲ្យ​​រដ្ឋាភិបាល​​កម្ពុជា បញ្ឈប់​ជា​បន្ទាន់ ​នូវការធ្វើ​ទុក្ខ​បុកម្នេញ ទៅលើ​ក្រុម​​អ្នក​​មាន​និន្នាការ​​ជំទាស់។
អង្គការ​លើក​លែង​ទោស​អន្តរជាតិ ថា​«កម្ពុជា​កំពុង​ធ្លាក់​ក្នុង​វិបត្តិ»

លោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info/ O. Vary)

«ប្រទេសកម្ពុជា​កំពុងធ្លាក់ក្នុងវិបត្តិ ដោយសាររដ្ឋាភិបាល (របស់ប្រទេសនេះ) ធ្វើយុទ្ធនាការបំភិតបំភ័យ ប្រឆាំង​នឹងក្រុមសកម្មជនសង្គមស៊ីវិល និងនយោបាយ តាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការ ជា​មធ្យោយបាយ» នេះ ជា​ការ​ថ្លែង​ឡើង របស់លោក ចូសេហ្វ បេណេឌិច (Josef Benedict) នាយករង​អង្គការ​លើក​លែង​ទោស​​អន្តរជាតិ (ហៅ​ជាភាសាអង់គ្លេស «Amnesty International») ទទួលបន្ទុក​កិច្ចការ​អាស៊ី-​អាគ្នេយ៍ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​​មួយ​​របស់​អង្គការនេះ ពីការិយាល័យសាខារបស់ខ្លួន ស្ថិតក្នុង​ប្រទេស​អូស្ត្រាលី។

សេចក្ដីថ្លែងការណ៍ របស់អង្គការ​លើក​លែង​ទោសអន្តរជាតិ បានធ្លាក់មកដល់ នៅយប់ថ្ងៃសុក្រ ទី៩ ខែកញ្ញា តែ​ប៉ុន្មានម៉ោងក្រោយ​​ការចេញ​សាល​​ក្រម របស់តុលាការសាលា​ដំបូង​រាជធានីភ្នំពេញ ដែលបានសម្រេច​ផ្ដន្ទា​ទោស លើ​អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឲ្យជាប់ពន្ធនាគារ៥ខែ និង​ពិន័យ​ជាប្រាក់ ៨សែនរៀល តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ពី​បទ​«បដិសេធ​ការ​ចូល​ខ្លួន» តាម​ដីកា​កោះ​របស់​ចៅក្រម​ស៊ើបសួរ កាលពីអំឡុងខែឧសភា។

នាយករងដដែល របស់អង្គការលើកលែងទោសអន្តរជាតិ ដែលមានទីស្នាក់ការធំ នៅក្នុងរាជធានីឡុងដ៍ ប្រទេស​អង់គ្លេស បានបរិហារការផ្តន្ទាទោសនេះ ថាជាទង្វើដែលបង្ហាញកាន់តែច្បាស់ ពីការបំភិតបំភ័យ​ផ្នែក​នយោបាយ និងជារបត់ថ្មីមួយ នៃយុទ្ធនាការរបស់រដ្ឋាភិបាល។ លោក ចូសេហ្វ បេណេឌិច បានបន្តទៀតថា៖ «រដ្ឋាភិបាល (កម្ពុជា) ហាក់ដូចជា មានជំនឿយ៉ាងមុតមាំ ថាខ្លួនកំពុងធ្វើដោយត្រឹមត្រូវ នូការរំលោភ​លើ​សិទ្ធិ​មនុស្ស ការ​ជ្រៀត​ជ្រែត​ចូល​ក្នុង​ឯករាជ្យភាព នៃប្រព័ន្ធតុលាការរបស់ប្រទេស និងការប្រកាន់ជំហររបស់ខ្លួន នៅ​ចំពោះ​សហគមន៍​អន្តរជាតិ»។

នៅក្នុងសេចក្ដីថ្លែងការណ៍នោះ អង្គការអន្តរជាតិ​មួយនេះ ដែលមាន​បណ្ដាញសាខា នៅគ្រប់ជ្រុងទាំងអស់ នៃ​ពិភពលោក បានរំលឹកប្រាប់រដ្ឋាភិបាលកម្ពុជា ឲ្យបញ្ឈប់ជាបន្ទាន់ នូវយុទ្ធនាការ«បំភិតបំភ័យ»​របស់ខ្លួន គោរព​សិទ្ធិ​នៃ​ក្រុម​អង្គការសង្គមស៊ីវិល និងក្រុមសកម្មជននយោបាយ ក៏ដូចជាធានាឲ្យបាន នូវឯករាជ្យភាព​នៃ​អំណាច​តុលាការ។

ប៉ុន្តែការលើកឡើងខាងលើ របស់អង្គការលើកលែងទោសអន្តរជាតិ ត្រូវបានលោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្ដីការ​​គណៈ​រដ្ឋមន្ត្រី​​ច្រានចោល។ ថ្លែងតាមរយៈវិទ្យុបារាំងអន្តរជាតិ មន្ត្រីអ្នកនាំពាក្យ​បានបរិហារ​អង្គការ​អន្តរជាតិ​​មួយ​នេះ ថាកំពុងដើរតួជា«នគរបាលអន្តរជាតិ» ហើយដើរជ្រៀតជ្រែត ចូលកិច្ចការផ្ទៃក្នុង​នៃ​ប្រជាជាតិ​មួយ។

នៅក្នុងសំណេរមួយ ផ្ញើរទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ កាលពីល្ងាចថ្ងៃទី៩ ខែកញ្ញា (បន្ទាប់ពីការចេញសាលក្រម របស់​តុលាការ) លោក ផៃ ស៊ីផាន បានសំដែងក្ដីអំណរ ពីការផ្តន្ទាទោសរបស់សាលាដំបូង ប្រឆាំង​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ។ លោកបានសរសេរថា៖ «ការអនុវត្តនីតិវិធី​របស់តុលាការ ទទួលបានជោគជ័យ ជា​មួយ​នឹងភាពរលូន ប្រសិទ្ធិភាព ចំពោះ​ការ​វិនិច្ឆ័យ​លើ​ករណី​របស់ ឯកឧត្តម កឹម សុខា ដែលលោកបាន​បោះបង់​សិទ្ធិ ដោយស័្មគ្រចិត្ត និងបំពានចំពោះច្បាប់ ដែល​ជា​កាតព្វកិច្ចរាល់ជនគ្រប់រូប»៕