អាណោចអាធ័ម​ណាស់ ! ខណៈ​ឡើង​បេះ​ផ្លែ​អំពិល ស្រាប់តែ​…

ខេត្តបាត់ដំបង ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ខណៈ​ឡើង​បេះ​ផ្លែ​អំពិល​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៦ ស្រាប់តែ​របូតដៃ​ធ្លាក់​ចូល​ទឹកស្រះ​ក្បែ​រ​ដើម​អំពិល​បណ្ដាល​ឲ្យ​លង់​ស្លាប់​យ៉ាង​អាណោចអាធ័ម ។ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិ​គរ ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ។

មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ ងូវ បាន់ អាយុ​៦៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ ។

មន្ត្រី​អាវុធហត្ថ​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​អ្នក​ភូមិ​បានដឹង​ថា​ស្ត្រី​រង​គ្រោះ​រូប​នេះ​ធ្លាក់​ទឹកស្រះ ពួក​គេ​បាន​នាំ​គ្នា​ជួយ​ស្រង់​ឡើង​លើគោក តែ​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

បើ​តាម​សាច់ញាតិ​បាន​និយាយ​ថា ស្ត្រី​រង​គ្រោះ​បាន​ឡើង​បេះ​ផ្លែ​អំពិល​ដែល​នៅ​ក្បែរ​មាត់​ស្រះ តែ​ចៃដន្យ​គាត់​បាន​របូតដៃ​ធ្លាក់​ចូល​ទឹកស្រះ ខណៈ​គាត់​មាន​វ័យ​ចំណាស់ កម្លាំង​ខ្យោ​យ​ហែល​ទឹក​មិន​រួច ទើប​បណ្ដាល​ឲ្យ​គាត់​លង់ទឹក​ស្លាប់​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល និង​កងរាជអាវុធហត្ថ​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ និង​សាកសព​ភ្លាម​ៗ​ដែរ​ដើម្បី​សួរនាំ និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ជួន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕