បាត់​ពី​ផ្ទះ​មួយ​យប់ ព្រឹក​ឡើង​ផ្អើល​ស្រែក​ទ្រហោយំ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​​បាន​បាត់​ពី​ផ្ទះ​មួយ​យប់​ ​ប្រពន្ធ​និង​សាច់ញាតិ​តាម​រក​មិនឃើញ​សោះ លុះ​ព្រឹក​ឡើង​ស្រាប់តែ​ម្តាយនិង​ប្រពន្ធ​បុរស​នោះនាំ​គ្នា​​ស្រែក​ទ្រហោយំ ព្រោះ​ប្រទះ​ឃើញ​ចងក​ស្លាប់​បាត់​ទៅ​ហើយ ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​ទាំង​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិ​ក្បាលស្ពាន​១​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ជន​រង​គ្រោះ​ឈ្មោះ ស្នា ង៉ា អាយុ​២៩​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​ក្បែរ​កន្លែង​កើតហេតុ និង​មាន​ទីលំនៅ​ភូមិ​បាក់​ព្រា ឃុំ​ព្រែក​ចាស់ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។ ជន​រង​គ្រោះ​បាន​ចងក​ដោយ​ប្រើ​ខ្សែ​អង្រឹង​ចងទៅ​និង​មែក​ត្រ​សេក​តែ​ជើង​ដល់​ដី ។

ឈ្មោះ យឹ​ម សំ អាយុ​៣៣​ឆ្នាំ ជា​ប្រពន្ធ​ជន​រង​គ្រោះ ប្រាប់​សមត្ថកិច្ច​ថា ប្តី​របស់​នាង​បាន​បាត់​នៅ​ម៉ោង​ប្រហែល​៩​យប់​ថ្ងៃ​ទី​១០ ខែកញ្ញា ហើយ​បាន​នាំ​គ្នា​តាម​រកតែ​មិនឃើញ​សោះ ។ នាង​បន្ត​ថា មុន​ពេល​បាត់​ខ្លួន​នោះ​បុរស​ជា​ប្តី​បាន​ផឹកស្រា​តិចតួច តែ​ពុំ​មាន​ជម្លោះ​ក្នុង​គ្រួសារ​ទេ ។ នាង​សង្ស័យ​ថា ប្តី​មាន​គ្រោះ​ទើប​គេច​មក​ចងក​ក្នុង​ព្រៃ​យ៉ាង​ដូច្នេះ ។ យ៉ាងណា​ក៏​ដោយពេល​នេះ​សមត្ថកិច្ច​ជំនាញ​បាន​ហ៊ុំ​ព័ទ្ធ​ខ្សែ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ​សាកសព ។

តាម​គ្រួសារ​រង​គ្រោះ​និយាយ​ថា ក្រោយ​សមត្ថកិច្ច​ត្រួតពិនិត្យ និង​ធ្វើ​កំណត់ហេតុ​រួច នឹង​យក​សព​ទៅ​បូជា​នៅ​វត្ត​ណាមួយ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត យក​ធាតុ​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត ព្រោះ​គ្រួសារ​គាត់​ក្រីក្រ​គ្មាន​ប្រាក់​ជួល​រថយន្ត​ដឹក​សព​ទេ ៕