តិចនិកហ្វឹកហាត់ខួរក្បាល ឲ្យរៀនបានកាន់តែលឿន និងចងចាំបានកាន់តែច្រើន!

អ្នកអាចទៅកន្លែងហាត់ប្រាណ ប្រសិនបើអ្នកចង់បានសាច់ដុំ។ អ្នកអាចឧស្សាហ៍ចេញក្រៅ ឬទៅឡើងភ្នំ ប្រសិនបើអ្នកចង់ឲ្យខ្លួនអ្នក ក្លាយជាមនុស្សរឹងមាំ។ ប៉ុន្តែថ្ងៃនេះ យើងនឹងនាំប្រិយមិត្តអ្នកអានមក ធ្វើការហ្វឹកកហាត់ផ្នែកមួយនៃរាងកាយ ដែលមានសារៈសំខាន់បំផុត នោះគឺ “ខួរក្បាល”។

នៅពេលដែល អ្នកហ្វឹកកហាត់ខួរក្បាល អ្នកនឹង ៖

• ចៀសវាងកុំឲ្យខ្មាសគេ (ស្គាល់មុខច្បាស់ ប៉ុន្តែបែរជាភ្លេចឈ្មោះគេទៅវិញ?)

• ចៀសវាងការកើតជំងឺផ្សេងៗ នៅពេលចាស់ទៅ (លាហើយ ជំងឺភ្លេចភ្លាំង!)

• មានសមត្ថភាពរៀន បានរហ័សជាងគេ គ្រប់ជំនាញ ។

ដូច្នេះ តើអ្នកអាចវឹកហាត់ខួរក្បាល ឲ្យរៀនបានកាន់តែលឿន និងចងចាំបានកាន់តែច្រើន ដោយរបៀបណា? 

១. ព្យាយាមហ្វឹកហាត់ការចងចាំ

អ្នកត្រូវចេះ ហ្វឹកហាត់ការចងចាំ តាមរយៈការទន្ទេញ រាល់អ្វីដែលអ្នកប្រទះភ្នែកឃើញ ឬទន្ទេញសកម្មភាពប្រចាំថ្ងៃរបស់អ្នក។ ដំបូង វាអាចធ្វើឲ្យអ្នកធុញទ្រាន់ខ្លាំង និងក្តៅក្រហាយទៀតផង ប៉ុន្តែប្រសិនបើអ្នក អាចអនុវត្តន៍បាន អ្នកនឹងមានទម្លាប់ក្នុងការចងចាំល្អ សូម្បីតែរឿងតូចតាចក៏ដោយ។ ជាលទ្ធផល អ្នកនឹងសង្កេតឃើញថា ថាមពលខួរក្បាល និងការចងចាំរបស់អ្នកនឹងប្រែជាល្អប្រសើរជាងមុន។

នេះអាចជាឧទាហរណ៍មួយ យ៉ាងសាមញ្ញសម្រាប់អ្នក។ ប្រសិនបើអ្នក ទើបតែស្គាល់នរណាម្នាក់ ដោយគេនិយាយមកកាន់អ្នកថា “ខ្ញុំឈ្មោះ នីតា” នោះអ្នកមិនគួរនិយាយតែ “រីករាយដែលបានស្គាល់” តែប៉ុន្មានពាក្យហ្នឹងទេ។ ជំនួសមកវិញ អ្នកត្រូវនិយាយថា “រីករាយដែលបានស្គាល់ឯងណា នីតា!” ទើបជាការល្អ។

២. រៀនអ្វីថ្មី

ការធ្វើការងារជាទម្លាប់ដដែលៗ ជារៀងរាល់ថ្ងៃ អាចធ្វើឲ្យសមត្ថភាពខួរក្បាល របស់យើងប្រែជាថយចុះ ប៉ុន្តែប្រសិនបើអ្នករៀនធ្វើអ្វីដែលថ្មី ខួរក្បាលរបស់អ្នកនឹងមានប្រតិកម្មបែបផ្សេង។ ឧទាហរណ៍ដូចជា ការរៀនលេងឧបករណ៍តន្រ្តី អ្នកមិនត្រឹមតែអាចចេះលេងតែមួយប៉ុណ្ណោះទេ អ្នកអាចនឹងមានជំនាញចេះអានអក្សរភ្លេង និងបង្កើតបទភ្លេងថ្មីបានដោយខ្លួនឯងទៀតផង។

សូម្បីតែការរៀនភាសាបន្ថែម ក៏អាចធ្វើឲ្យខួរក្បាលរបស់អ្នក លាតត្រដាងនូវគំនិតផ្សេងៗ បានជាច្រើនបែប។ លើសពីនេះទៅទៀត ការសិក្សាជាច្រើនបាន បង្ហាញថា សូម្បីតែការរៀនរាំ ក៏អាចឲ្យមនុស្សវ័យចំណាស់ ចៀសផុតពីជំងឺភ្លេចភ្លាំងបានដែរ។ 

៣. កម្មវិធីទូរស័ព្ទ (App)

ពិភពអ៊ិនធឺណេត អាចជួយពង្រឹង មុខងារខួរក្បាលរបស់អ្នកបានដោយគ្រាន់តែ អង្គុយលេងលើសាឡុង។ សព្វថ្ងៃនេះ មានកម្មវិធីទូរស័ព្ទជាច្រើន ដែលអាចបណ្តុះមុខងារខួរក្បាលបាន ជាពិសេស បង្កើនសមត្ថភាពក្នុងការយល់ដឹង និងបង្កើនការចងចាំបានយ៉ាងមានប្រសិទ្ធភាព។ កម្មវិធីទូរស័ព្ទទាំងនោះ ត្រូវបានបង្កើតឡើង ជាទម្រង់ និងប្រភេទជាច្រើន ប៉ុន្តែគឺសុទ្ធតែដើម្បីឲ្យអ្នកអាចពង្រឹងការគិត និងការចងចាំរបស់អ្នក។

៤. ធ្វើលំហាត់ប្រាណ

នេះគឺជាតិចនិចមួយ ដែលទូទៅបំផុត។ ជាការពិតណាស់ ការធ្វើលំហាត់ប្រាណ មិនត្រឹមតែផ្តល់ផលល្អ សម្រាប់រាងកាយអ្នកប៉ុណ្ណោះទេ វាក៏ជួយឲ្យខួរក្បាលរបស់អ្នក មានភាពល្អប្រសើរឡើងដែរ។ ហេតុផលដែលតម្រូវឲ្យអ្នកទៅហាត់ប្រាណ ក៏ព្រោះតែវាជួយឲ្យខួរក្បាល បង្កើតទំនាក់ទំនងប្រសៃប្រសាទមួយថ្មី ដែលជួយអ្នកក្លាយជាមនុស្សសកម្ម និងរៀនអ្វីក៏ចាប់បានរហ័សផងដែរ។ ប៉ុន្តែប្រសិនបើអ្នកគ្មានពេលវេលាគ្រប់គ្រាន់ទេ នោះការហាត់ប្រាណបន្តិចបន្តួចត្រឹមតែ ២០ នាទី ក៏អាចជួយសម្រួលដល់ដំណើរការ ផ្ទុកទិន្នន័យ និងដំណើរការ អង្គចងចាំ របស់ខួរក្បាលបានដែរ។ 

៥. ចំណាយពេលជាមួយមនុស្សជាទីស្រលាញ់

ប្រសិនបើអ្នកចង់ឲ្យសមត្ថភាពយល់ដឹងរបស់ខួរក្បាល មានភាពល្អប្រសើរ អ្នកគួរតែមានទំនាក់ទំនងសង្គមល្អ ព្រមគ្នាដែរ។ ការនិយាយលេង ជាមួយមិត្តភក្តិ ឬចំណាយពេលជាមួយមនុស្សដែលខ្លួនស្រលាញ់ អាចជួយដល់ការគិត របស់អ្នក ក៏ដូចជាធ្វើឲ្យអារម្មណ៍របស់អ្នក បានរីករាយផងដែរ។ សូម្បីតែការសិក្សាជាច្រើន ក៏បានបញ្ជាក់ដែរថា អ្នកដែលមានអត្តចរិក ចូលចិត្តចេញមើលពិភពលោកខាងក្រៅ ជាមនុស្សដែលមានចិត្ត និងគំនិតសកម្មជាង អ្នកដែលមិនសូវមានវត្តមាន ក្នុងទីសាធារណៈ។ 

៦. ការយល់ខុសលើល្បែង Crossword

Crossword ជាល្បែងដែលតម្រូវឲ្យ រៀបអក្សរឲ្យចេញជាពាក្យផ្សេងៗ ដែលមនុស្សជាច្រើន តែងតែជឿថា វាជាហ្គេម ដែលជួយដល់ការវឹកហាត់ខួរក្បាល។ វាជាការពិតដែល Crossword អាចជួយអ្នកមានភាពស្ទាត់ជំនាញ ប៉ុន្តែការសិក្សាជាច្រើនបានបង្ហាញថា Crossword មិនបានជួយឲ្យខួរក្បាលមានភាពល្អប្រសើរទេ វាគ្រាន់តែជាហ្គេមកំសាន្តប៉ុណ្ណោះ។ ហេតុនេះ ប្រសិនបើអ្នកចង់ធ្វើការវឹកហាត់ខួរក្បាល អ្នកគួរតែជ្រើសរើសសកម្មភាពផ្សេងពីនេះ។

៧. ទទួលទានរបបអាហារត្រឹមត្រូវ (កុំភេ្លចសូកូឡា!)

អ្នកគួរតែពង្រឹងខួរក្បាល និងការចងចាំ តាមរបៀបធម្មជាតិ ដោយគ្រាន់តែទទួលទានសាច់ត្រី បន្លែ ផ្លែឈើឲ្យបានច្រើន។ វាផ្ទុកទៅដោយប្រូតេអ៊ីន និងជាតិសរសៃ ជាពិសេស EPA និង DHA ដែលមានក្នុងសាច់ត្រី ជួយដល់ការគិតរបស់អ្នក បានយ៉ាងមានប្រសិទ្ធភាព។

ជាងនេះទៅទៀត សូកូឡា ក៏អាចជួយដល់សុខភាពខួរក្បាលបានដែរ ដោយវាអាចផលិតសារធាតុ Dopamine (សារធាតុ ដែលជួយអ្នកឲ្យរៀនអ្វីក៏បានលឿន និងជួយឲ្យចងចាំបានល្អ)។ សារធាតុ Flavonol និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានក្នុងសូកូឡា ក៏អាចធ្វើឲ្យមុខងាររបស់ខួរក្បាលមានភាពប្រសើរឡើងផងដែរ៕ 

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

តិចនិកហ្វឹកហាត់ខួរក្បាល ឲ្យរៀនបានកាន់តែលឿន និងចងចាំបានកាន់តែច្រើន!

តិចនិកហ្វឹកហាត់ខួរក្បាល ឲ្យរៀនបានកាន់តែលឿន និងចងចាំបានកាន់តែច្រើន!

តិចនិកហ្វឹកហាត់ខួរក្បាល ឲ្យរៀនបានកាន់តែលឿន និងចងចាំបានកាន់តែច្រើន!

តិចនិកហ្វឹកហាត់ខួរក្បាល ឲ្យរៀនបានកាន់តែលឿន និងចងចាំបានកាន់តែច្រើន!