ធី សុវណ្ណ​ថា ៖ ពលរដ្ឋ​ចូលរួម​វេទិកា​នៅ​បាត់ដំបង​ចង់​ឃើញ​លោក កឹ​ម សុខា ហ៊ាន​ប្រឈម​ចំពោះ​មុខ​ច្បាប់

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​១៣០០​នាក់​ដែល​ចូលរួម​ក្នុង​វេទិកាសាធារណៈ​ស្តី​ពី​សិ​ទ្ឋិ​ពលរដ្ឋ និង​ការ​អភិវឌ្ឍ​ភូមិ​-​ឃុំ នៅ​ស្រុក​កំ​រៀង ចង់​ឃើញ​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ក្លាហាន​ហ៊ាន​ប្រឈម​មុខ​រក​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ កុំ​ខ្លាំង​បាន​តែ​សម្តី​នោះ ។

នេះ​បើ​យោង​តាម នាយិកា​អង្គការ​យុវជន​កិច្ចការ​សង្គម កញ្ញា ធី សុវណ្ណ​ថា ដែល​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) ក្រោយ​ពី​បាន​ចូលរួម​វេទិកា​លើក​ទី​៣៤ នៅ​ស្រុក​កំ​រៀង កាលពី​ព្រឹក​ថ្ងៃ​ទី​១០ កញ្ញា ២០១៦ ។

ជា​ការ​កត់សម្គាល់ ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ចូលរួម​ក្នុង​វេទិកា​ខាងលើ បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា បាន​ត្រូវ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក កែវ មុនី កាលពី​ថ្ងៃ​ទី​០៩ កញ្ញា បាន​បើក​សវនាការ​និង​ប្រកាស​សាលក្រម​ដោយ​សម្រេច​ផ្តន្ទាទោស​លោក កឹ​ម សុខា ដាក់​ព​ន្ឋ​នាគារ​៥​ខែ​និង​ពិន័យ​ជា​ប្រាក់​៨​សែន​រៀល ពី​បទ​បដិសេធ​មិន​ចូលខ្លួន​ក្នុង​សវនាការ​លើ​សំណុំរឿង​ផ្លូវភេទ​របស់​លោក ជាមួយ​កញ្ញា ខុ​ម ច័ន្ទ​តារា​ទី ហៅ ស្រី មុំ​នោះ ។

មក​ដល់​ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា​នេះ មិន​ទាន់​មាន​ប្រតិកម្ម​តប​នៅឡើយ​ទេពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ៕