Cyber Security ក្តី​កង្វល់​ដល់​ការអភិវឌ្ឍន៍​អាជីវកម្ម

បញ្ហា Cyber Security បាន​ក្លាយ​ជា​ក្តី​បារម្ភ​​យ៉ាង​ខ្លាំង​ នៅ​ពេល​​បច្ចុប្បន្ន​នេះ​បច្ចេកវិទ្យា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​សម្រាប់​​សម្រួល​ដល់​​ដំណើរការ​ការ​អភិវឌ្ឍ​អាជីវកម្ម។

 

Cyber Security ក្តី​កង្វល់​ដល់​ការអភិវឌ្ឍន៍​អាជីវកម្ម

 

លោក ហ៊ួត គីម​សៀង ប្រធាន​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន First Cambodia មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​បណ្តា​សហគ្រាស​ហិរញ្ញវត្ថុ និង​ក្រសួង​នានា មាន​ការ​ព្រួយ​បារម្ភ​លើ​ផ្នែក​សុវត្ថិភាព​ព័ត៌មាន​វិទ្យា។
 
លោក​ថា សហគ្រាស​អាជីវកម្ម​នៅ​កម្ពុជា​មួយ​ភាគ​ធំ មិន​សូវ​គិតគូរ​លើ​ការ​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព (Cyber Security) ដើម្បី​ទប់ស្កាត់​ការ​វាយប្រហារ​​នានា​ពី​ឧក្រិដ្ឋជន នៅ​ពេល​អាជីវកម្ម​កាន់​តែ​ច្រើន​ពឹង​អាស្រ័យ​លើ​ការ​ប្រើប្រាស់​បច្ចេកវិទ្យាក្នុង​​ដំណើរការ​ការងារ​ប្រចាំថ្ងៃ។

 

លោក​ថា ការ​ខ្វះ​ការ​យកចិត្តទុកដាក់ និង​ចាត់​វិធានការណ៍​រក​ដំណោះស្រាយ​ទាន់​ពេល​វេលា នឹង​ហុច​​ឱកាស​ដល់​ឧក្រិដ្ឋជន​ធ្វើ​ជា​គោលដៅ​ក្នុង​ការ​វាយ​ប្រហារ ដើម្បី​បំផ្លិចបំផ្លាញ​ដែល​នាំ​ការ​ខូចខាត​ធ្ងន់ធ្ងរ។

 

ប្រធាន​សហព័ន្ធ​បច្ចេកវិទ្យា ICT កម្ពុជា បាន​លើក​ឡើង​កន្លង​ទៅ​ថ្មីៗ​នេះ​ថា នៅ​កម្ពុជា​ក្រុមហ៊ុន​អាជីវកម្ម​មិន​ដល់ ៥ ភាគរយ​គិត​គូរ​ការ​ពង្រឹង​លើ​ប្រព័ន្ធ​សុវត្ថិភាព។

 

លោក Stephen Path ដែល​ជា​ប្រធាន​សហព័ន្ធ​បច្ចេកវិទ្យា ICT កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​វាយប្រហារ​​របស់​​ឧក្រិដ្ឋជន​អាច​កើត​ឡើង​គ្រប់​ពេល​​ ហើយ​ក្រុមហ៊ុន​ជា​ច្រើន​មិន​សូវ​ខ្វល់​ការ​គំរាមកំហែង​​នេះ​ជាពិសេស​ក្រុមហ៊ុន​ខ្នាត​តូច​និង​មធ្យម។

 

លោក​បន្ត​ថា ប្រព័ន្ធ​សុវត្ថិភាព​ជា​ការ​វិនិយោគ​យូរ​អង្វែង​ដែល​ត្រូវការ​ចំណាយ​ច្រើន។ យ៉ាង​ណា​ក្នុង​នាម​លោក​ជា​ប្រធាន​សហព័ន្ធ ICT កម្ពុជា​ នឹង​ព្យាយាម​បញ្ជ្រាប​ការ​យល់ដឹង និង​ជំរុញ​ដល់​ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម​គិត​គូរ​ឡើង​វិញ ក្នុង​ការ​បង្កើត​ថវិកា​អភិវឌ្ឍ​ប្រព័ន្ធ​សុវត្ថិភាព​ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ម្ចាស់​អាជីវកម្ម​ផ្ទាល់​និង​ការ​ផ្តល់​ទំនុក​ចិត្ត​ដល់​អតិថិជន។

 

កាល​ពី​សប្ដាហ៍​មុន​នេះ ក្រុមហ៊ុន First Cambodia និង Bizsecure Asia Pacific បាន​រៀបចំ​សិក្ខាសាលា​មួយ​បង្ហាញ​ពី Cyber Security ដោយ​មាន​ការ​បង្ហាញ​ផលិតផល​មួយ​ចំនួន​ដូចជា Airbus Defence និង​ Space (Next Gen UTM firewall, endpoint protection and data security), Wallix (Privilege Access Management), Denyall (Web Application Firewall), Vade Secure (E mail security) និង Pradeo (Mobile Apps security) ​​លើ​ការ​រក្សាទុក​ទិន្នន័យ និង​ការ​ពារ​ការ​លួច​យក​ទិន្នន័យ​​នានា​។

 

Cyber Security ក្តី​កង្វល់​ដល់​ការអភិវឌ្ឍន៍​អាជីវកម្ម

 

អត្ថបទ៖ ប៊ុណ្ណារ៉ា