ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​រយៈពេល​8​ខែ​កើនឡើង​ជាង​400%

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​សាងសង់ និង​ការ​បណ្តាក់ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​របស់​កម្ពុជា គឺ​មាន​ចំនួន​ច្រើន ។ ជាក់ស្តែង ទុន​វិនិយោគ​សម្រាប់​វិស័យ​សំណង់​ក្នុង​ឆ្នាំ​២០១៥​កន្លង​មក មាន​ប្រមាណ​ជាង​៣.៣៣៨​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ប្រមាណ​៣៣,១៤% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ចាស់ ។ លើស​ពី​នេះ​ទៀត នៅ​ឆ្នាំ​២០១៦ ទុន​វិនិយោគ​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ។

តាម​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ប៉ែន សុផល បាន​ថ្លែង​ក្នុង​ពិធី​បើក​ការ​តាំងពិព័រណ៍​អន្តរជាតិ ស្តី​ពី​សំណង់​អគារ​និង​បរិក្ខារ​មេកា​និក និង​អគ្គិសនី នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ គូសបញ្ជាក់​ថា ៖ « ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​សម្រាប់​រយៈពេល​៨​ខែ​ឆ្នាំ​២០១៦​នេះ សរុប​ប្រមាណ​៧.២១៨​លាន​ដុល្លារ​អា​មេ​រិ​ក មាន​កំណើន​៤០៤,៣៤% ក្នុង​នោះ​មាន​ទាំង​ការ​វិនិយោគទុន​ក្នុង​ប្រទេស និង​ក្រៅប្រទេស​ដូច​ជា ប្រទេស​ចិន ជប៉ុន កូរ៉េ សិង្ហ​បុរី ថៃ អង់គ្លេស ហូ​ឡង់ និង​អា​មេ​រិ​ក។ ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​សំណង់​ដែល​មក​ចុះបញ្ជី​នៅ​មាន​សុពលភាព​ក្នុង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មាន​ចំនួន​៨១២​ក្រុមហ៊ុន ក្នុង​នោះ​មាន​ក្រុមហ៊ុន ឬ​ជា​សាខា​ក្រុមហ៊ុន​មក​ពី​ក្រៅប្រទេស​ចំនួន​២៦៣​ក្រុមហ៊ុន » ។

លោក​បន្ត​ថា ៖ « ការ​រីក​ចម្រើន​លើ​វិស័យ​សំណង់ និង​ការ​អភិវឌ្ឍ​ទីក្រុង ចំនួន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ទីក្រុង​ក៏​មាន​កំណើន​យ៉ាង​ឆាប់រហ័ស​ផង​ដែរ ។ តាម​ការ​សិក្សា​បង្ហាញ​ថា នៅ​ឆ្នាំ​២០១៤ កំណើន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ទីក្រុង​មាន​ចំនួន​៤,៥០​លាន​នាក់ ស្មើនឹង​៣០%​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប និង​នៅ​ឆ្នាំ​២០៣០ កំណើន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ទីក្រុង នឹង​មាន​ចំនួន​៧,៩២​លាន​នាក់ ស្មើនឹង​៤៤% នៃ​ប្រជាពលរដ្ឋ​សរុប » ។

ដូច្នេះ ជាមួយនឹង​កំណើន​ប្រជាពលរដ្ឋ​ទីក្រុង ចំនួន​៣,៤២​លាន​នាក់ (​ពី​ឆ្នាំ​២០១៤-២០៣០) នឹង​ត្រូវ​មាន​កំណើន​នៃ​តម្រូវការ​ជា​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង ការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ លំនៅ​ឋាន ពាណិជ្ជកម្ម ឧស្សាហកម្ម សេវាកម្ម លំហ​សាធារណៈ និង​ផ្ទៃ​បៃតង ដែល​ទាំង​អស់នេះ​ជា​កំណើន​នៃ​ការ​អភិវឌ្ឍ និង​ការ​សាងសង់ ។

សន្ទុះ​នៃ​ការ​រីក​ចម្រើន​លើ​វិស័យ​សំណង់​របស់​កម្ពុជា បច្ចេកទេស និង​បទ​ពិសោធន៍​ថ្មី​ៗ គឺជា​ការ​ចាំបាច់​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ផលិតភាព និង​គុណភាព​នៃ​សំណង់ ដែល​អាច​ឆ្លើយ​តប​នឹង​ទីផ្សារ​តំបន់ និង​អន្តរជាតិ ។

លោក Efe Ozenc ប្រធាន​ផ្នែក​លក់​សម្ភារ​សំណង់​នៃ​ក្រុមហ៊ុន E.C.A serel របស់​ប្រទេស​តួ​ក​គី បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​ក្រុមហ៊ុន​សម្រេច​នាំ​ចូល​មក​ក្នុង​ទីផ្សារ​កម្ពុជា ដោយសារ​ទីផ្សារ​កម្ពុជា​កំពុង​មានការ​រីក​ចម្រើន និង​វិស័យ​សំណង់​ក៏​បាន​រីក​ដុះដាល​ខ្លាំង ។ ស្រប​ពេល​សេដ្ឋកិច្ច​រីក​ចម្រើន គឺ​ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់​នឹង​មាន​តម្រូវការ​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់ និង​មាន​ស្តង់ដា​អន្តរជាតិ ។

« ក្នុង​វិស័យ​សំណង់​នេះ ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​អ្នក​ប្រកប​អាជីព​និង​ធុរជន ក្នុង​វិស័យ​ឧស្សាហកម្ម​សំណង់​ទាំងអស់​ដូច​ជា ស្ថាបត្យករ វិស្វករ អ្នក​ប្រឹក្សា​យោបល់ អ្នកគ្រប់​គ្រង​​សំណង់ អ្នក​សាងសង់ និង​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ ៖ ១-​ចូលរួម និង​ក្រេប​យក​ឱ្យ​បានជា​អតិបរមា​នូវ​ចំណេះដឹង និង​បទ​ពិសោធន៍​អំពី​ព្រឹត្តិការណ៍ និង​សិក្ខាសាលា​វិស័យ​សំណង់​នា​ពេល​នេះ ដើម្បី​បង្កើន​សមត្ថភាព​អនុវត្ត​ស្រប​តាម​និន្នាការ​បច្ចេកវិទ្យា​ជឿនលឿន​ចុង​ក្រោយ​ក្នុង​វិស័យ​សំណង់ ។ ២-​ធុរជន​ឆ្លៀត​យក​កាលានុវត្តភាព​នេះ​ដើម្បី​កសាង​ទំនាក់ទំនង​ភាព​ជា​ដៃគូ​ជាមួយ​គ្នា រវាង​ក្រុមហ៊ុន​ចុង​ក្រោយ​ក្នុង​វិស័យ​សំណង់ ។ ៣-​ពិនិត្យ​លទ្ធភាព​ចូលរួម​អនុវត្ត​គោលនយោបាយ​ឧស្សាហកម្ម​កម្ពុជា តាម​រយៈ​ការ​វិនិយោគ និង​ចាប់​ដៃគូ​វិនិយោគ​លើ​ឧស្សាហកម្ម​សម្ភារ​សំណង់ និង​វិស័យ​សំខាន់​ៗ​មួយ​ចំនួន​ទៀត​នៅ​កម្ពុជា » ។ នេះ​បើ​តាម​លោក ប៉ែន សុផល បាន​បញ្ជាក់ ៕