ស្វែង​យល់​ពី​លំដាប់​ពិន្ទុ​បាក់​ឌុប ដែល​នៅ​តែ​​​ភ័ន្ត​ច្រឡំ​ពេញ​បណ្ដាញ​សង្គម

លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក នៅ​តែ​មាន​ការ​ភ័ន្ត​ច្រឡំ​រវាង​លំដាប់​ពិន្ទុ និង​មធ្យម​ភាគ​ពិន្ទុ​ប្រឡង​ជាប់​សម្រាប់​លទ្ធផល​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៦ នេះ ក៏​ដូច​ជា​រៀង​រាល់​ឆ្នាំ​ដែរ។ ដើម្បី​កុំ​​ឲ្យ​មាន​ការ​យល់​ច្រឡំ​ត​ទៅ​ទៀត តោះ! ទៅ​មើល​របៀប​គណនា​ទាំង​អស់​គ្នា។

 

ស្វែង​យល់​ពី​លំដាប់​ពិន្ទុ​បាក់​ឌុប ដែល​នៅ​តែ​​​ភ័ន្ត​ច្រឡំ​ពេញ​បណ្ដាញ​សង្គម

 

អ្នកលេង​បណ្ដាញ​សង្គម​មួយ​ចំនួន​បាន​លើក​ចម្ងល់​ថា សិស្ស​និទ្ទេស A ដែល​មាន​លំដាប់​ពិន្ទុ​ពេញ 100.000 គ្មាន​ខុស​ទេ​ឬ ទើប​ពិន្ទុ​ពេញ ខណៈ​មុខ​វិជ្ជា​ភាសា​បរទេស​បាន​ត្រឹម B ប៉ុណ្ណោះ? ចំណែក​អ្នក​ខ្លះ​បាន​ចោទ​ជា​សំនួរ​ថា ហេតុអ្វី​សិស្ស​ដែល​បាន​ពិន្ទុ​ត្រឹម 39.270 ជាប់​បាក់​ឌុប​ឆ្នាំ​នេះ​ដែរ បើ​មិន​គ្រប់​ពាក់​កណ្ដាល​នៃ​ពិន្ទុ​សរុប​ផង​នោះ?

 

ស្វែង​យល់​ពី​លំដាប់​ពិន្ទុ​បាក់​ឌុប ដែល​នៅ​តែ​​​ភ័ន្ត​ច្រឡំ​ពេញ​បណ្ដាញ​សង្គម

 

ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​បក​ស្រាយ​ថា ​លំដាប់​ពិន្ទុ​មិន​មែន​ជា​មធ្យម​ភាគ​ពិន្ទុ​នោះ​ទេ។ លំដាប់​ពិន្ទុ​គឺ​ជា​សន្ទស្សន៍​ផ្នែក​ស្ថិតិ (Percentile Rank) ដែល​រៀប​បេក្ខជន​ទាំង​អស់​តាម​លំដាប់​សមត្ថភាព​លើ​មាត្រដ្ឋាន​ក្រិត​ពី​១០០ ដល់ ​០។

 

មាន​ន័យ​ថា សិស្ស​ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ទូទាំង​ប្រទេស​នឹង​ទទួល​បាន​លំដាប់​ពិន្ទុ 100.000 ឯ​លេខ២ នឹង​ទទួល​បាន​លំដាប់​ពិន្ទុ 99.999 តាម​លំដាប់​លំដោយ​មក​ក្រោម។ អ្នក​បាន​លំដាប់​ពិន្ទុ 100.000 មិន​មែន​មាន​ន័យ​ថា​ធ្វើ​ត្រូវ​ទាំង​អស់​នោះ​ទេ គ្រាន់​តែ​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ប៉ុណ្ណោះ។

 

ដោយ​សារ​ឆ្នាំ​នេះ អ្នក​ជាប់​មាន​រហូត​ដល់ ៦២,១៨ភាគ​រយ ទើប​លំដាប់​ពិន្ទុ​ជាប់​មាន​កាន់​តែ​តិច ព្រោះ​បេក្ខជន​ប្រឡង​ជាប់​ច្រើន។ ប្រសិន​បើ​ភាគរយ​ជាប់​កាន់​តែ​តិច នោះ​លំដាប់​ពិន្ទុ​ដែល​ត្រូវ​ជាប់​ក៏​កើន​ឡើង​ទៅ​តាម​នោះ​ដែរ។ លំដាប់ពិន្ទុ​ 50.000 មាន​ន័យ​ថា សិស្ស​នោះ​​មាន​សមត្ថភាព​កណ្ដាល  មិន​មែន​មាន​ន័យ​ថា​បាន​ពិន្ទុ​ត្រឹម​ពាក់​កណ្ដាល​នោះ​ទេ។

 

លំដាប់​ពិន្ទុ​ត្រូវ​បាន​គណនា​តាម​រូបមន្ត​ដូច​ខាង​ក្រោម ៖
PR = [(n – i +1) / n ] x 100
ក្នុង​រូបមន្ត​ខាងលើ៖
PR ជា​លំដាប់​ពិន្ទុ
n ជា​ចំនួន​បេក្ខជន​ដែល​បាន​មក​ប្រឡង​ទាំងអស់
i ជា​ចំណាត់​ថ្នាក់​របស់​បេក្ខជន​ណា​ម្នាក់

 

និទ្ទេស​មាន ៥​កម្រិត​ គឺ​និទ្ទេស ​A, B, C, D និង E ។ ការ​កំណត់​និទ្ទេស​មាន​ដូច​ខាង​ក្រោម ៖

A : ល្អ​ប្រសើរ = ពិន្ទុ​សរុប x ០,៩
B : ល្អ​ណាស់ = ពិន្ទុ​សរុប x ០,៨
C : ល្អ = ពិន្ទុ​សរុប x ០,៧
D : ល្អ​បង្គួរ = ពិន្ទុ​សរុប x ០,៦
E : មធ្យម = ពិន្ទុ​សរុប x ០,៥

 

​លំដាប់​ពិន្ទុ​មាន​អត្ថប្រយោជន៍​សំខាន់​ពីរ​យ៉ាង​គឺ បញ្ជាក់​ពី​លំដាប់​សមត្ថភាព​របស់​បេក្ខជន​ម្នាក់ៗ ធៀប​នឹង​បេក្ខជន​ដទៃ​ទៀត​ដែល​បាន​មក​ប្រឡង ហើយ​ព័ត៌មាន​នេះ មាន​សារៈ​សំខាន់​សម្រាប់​ការ​ជ្រើសរើស​សិស្ស​ឲ្យ​ចូល​រៀន​នៅ​ឧត្ដម​សិក្សា ទោះ​បី​សិស្ស​នោះ បាន​ប្រឡង​ជាប់​នៅ​ឆ្នាំ​សិក្សា​ផ្សេងៗ​គ្នា​ក៏​ដោយ៕

 

អត្ថបទ៖ គង់ វិសាល ​