គ្រូពេទ្យ​នៅ​ខេត្ត​កណ្ដាល​នឹង​ផ្ដល់​ការ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ភ្នែក​ដោយ​ឥត​បង់​ថ្លៃ​រយៈពេល​៥​ថ្ងៃ

គ្រូពេទ្យ​ឯកទេស​ផ្នែក​ជំងឺ​ភ្នែក​នៃ​មន្ទីរពេទ្យ​ជ័យជម្នះ ខេត្ត​កណ្ដាល ជូន​ដំណឹង​នៅ​ថ្ងៃ​ទី​១០ កញ្ញា ថា ក្រុម​គ្រូពេទ្យ​ផ្នែក​ជំងឺ​ភ្នែក​នៃ​មន្ទីរពេទ្យ​នេះ នឹង​ផ្ដល់​ការ​ពិនិត្យ និង​វះ​កាត់​ជំងឺ​ភ្នែក​ដោយ​ឥត​បង់​ថ្លៃ​រយៈពេល ៥​ថ្ងៃ។

ប្រធាន​ផ្នែក​ជំងឺ​ភ្នែក​នៅ​មន្ទីរពេទ្យ​ជ័យជម្នះ វេជ្ជបណ្ឌិត លន់ ណារ៉ា មាន​ប្រសាសន៍​ថា ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក​ឥត​បង់​ថ្លៃ​នេះ គឺ​ជា​កិច្ច​សហការ​ជាមួយ​អង្គការ​មនុស្សធម៌​ពី​ប្រទេស​អូស្ត្រាលី ដែល​មាន​ឈ្មោះ​ថា មូលនិធិ ហ្វ្រេដ ហាលឡូ (Fred Hollows Foundation) ចាប់​ពី​ថ្ងៃ​អាទិត្យ ទី​១១ ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​កញ្ញា សម្រាប់​អ្នក​មាន​ជំងឺ​ភ្នែក​គ្រប់​វ័យ៖ «ប្រភេទ​ជំងឺ​ដែល​យើង​ទទួល​យក​មក​ធ្វើ​ការវះ​កាត់​ហ្នឹង មាន​ប្រភេទ​ជំងឺ​ឡើង​បាយ ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក ហើយ​និង​ជំងឺ​ផ្សេងៗ​ទៀត ដូចជា​កន្ទុយ​ថ្លែន​ជាដើម។ ការ​ទទួល​អញ្ជើញ​មក​ហ្នឹង យើង​មើល យើង​ពិនិត្យ​ព្យាបាល​គាត់​សិន ហើយ​ប្រសិន​បើ​ត្រូវ​ការ​វះ​អី យើង​ចាប់​ផ្ដើម​ពិគ្រោះ​ជំងឺ​ប្រភេទ​គាត់​ថា គួរ​តែ​វះ ឬ​មួយ​យ៉ាង​ម៉េច

វេជ្ជបណ្ឌិត​បញ្ជាក់​ថា កម្មវិធី​ពិនិត្យ និង​វះ​កាត់​ជំងឺ​ភ្នែក​ឥត​បង់​ថ្លៃ​នេះ គឺ​នៅ​មន្ទីរពេទ្យ​ស្រុក​លើកដែក ខេត្ត​កណ្ដាល។ ប្រសិន​បើ​លោក​អ្នក​ពិបាក​រក​ទីតាំង​មន្ទីរពេទ្យ​ស្រុក​លើកដែក សម្រាប់​ទៅ​ព្យាបាល​ភ្នែក​ឥត​បង់​ថ្លៃ​នេះ លោក​អ្នក​អាច​ទាក់ទង​សួរ​ព័ត៌មាន​បន្ថែម​តាម​រយៈ​ទូរស័ព្ទ​លេខ ០១៦ ៦២ ៦២ ៨៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។