ឈ្វេងយល់​ពី​ការ​ជួល​អចលនទ្រព្យ ដើម្បី​ចៀសវាង​បញ្ហា​ផ្សេង​ៗ

ការ​ជួល​អចលនទ្រព្យ អ្នក​អាច​ពិនិត្យ​ទៅ​លើ​ការងារ​របស់​អ្នក​ជួល តើ​ការងារ​នោះ​នឹង​បង្ក​សំឡេង​រំខាន​ដល់​អ្នក​ជិតខាង និង​ពួក​គេ​អាច​ទុកចិត្ត​បាន​ឬទេ ។ អ្នក​គួរតែ​ជ្រើស​រើស​​អ្នក​ជួល​ល្អ​អាច​ថែទាំ​ផ្ទះ ឬ​ខុន​ដូរ​បស់​អ្នក និង​គ្មាន​បញ្ហា​នៅ​ពេល​ក្រោយ ។ តើ​អ្នក​គួរ​ស្វែង​យល់​នូវ​ចំណុច​អ្វីខ្លះ ?

១-​សិក្សា​ច្បាប់​ជួល និង​ស្វែងរក​អ្នក​ជួល​ល្អ​ៗ ៖
ការ​សិក្សា​នេះ គឺ​បង្ការ​កុំឱ្យ​ធ្វើ​ខុសច្បាប់ ឬ​កើត​បញ្ហា​ប្តឹងផ្តល់​គ្នា​នៅ​ថ្ងៃក្រោយ ។

អ្នក​អាច​ឃោសនា​ក្នុង​វែ​ប​សាយ​ផ្សេង​ៗ និង​គួរ​ជ្រើសរើស​អ្នក​ជួល​ដែល​ល្អ​ដូច​ជា ជា​លក្ខណៈ​គ្រួសារ មាន​ស្វាមី ភរិយា និង​កូន ព្រោះ​បន្ទប់​នឹង​មិន​ខូចខាត ហើយ​ត្រូវ​បាន​ថែទាំ​ផង​ដែរ ។ អ្នក​ជួល​ជា​បុគ្គលិក​ការិយាល័យ​ដែល​មាន​ប្រាក់​ចំណូល​គង់វង្ស មាន​ភាព​ទទួលខុសត្រូវ​លើ​ថ្លៃ​ឈ្នួល ។

២-​ធ្វើ​កិច្ចសន្យាជួល ៖
ការ​ជួល​អចលនទ្រព្យ​ដូច​ជា ដីធ្លី អគារ​ពាណិជ្ជកម្ម ខុន​ដូ ផ្ទះ ។​ល​។ មិន​ថា​អ្នកជា​ម្ចាស់ផ្ទះ​ជួល​ឬ​អ្នក​ជួល ដើម្បី​បង្ការ​ករណី​ត្រូវ​បាន​គេ​យក​ប្រៀប​ឬ​មាន​បញ្ហា​នោះ ចាំបាច់​ត្រូវធ្វើ​កិច្ចសន្យាជួល ។ កិច្ចសន្យាជួល​មាន​សារសំខាន់​ណាស់ និង​ត្រូវ​បញ្ជាក់​ឱ្យ​បាន​លម្អិត​ច្បាស់លាស់ ។

គួរតែ​ប្រឹក្សា​ជាមួយ​មេធាវី​ឱ្យ​បាន​លម្អិត ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​ជួល និង​ត្រូវធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ​រវាង​ទាំង​ពីរ​ភាគី​។ អ្នក​អាច​ស្នើ​សុំ​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ (​លិខិតឆ្លងដែន ប្រសិនបើ​ជនបរទេស​)​។ ការ​ស្នើ​សុំ​ទាំងនេះ​សម្រាប់​ទុកជា​ភស្តុ​តាង ។

៣-​កក់​ប្រាក់​មុន ឬ​បង្ការ​ការ​ជួល ៖
គួរ​យក​ថ្លៃ​ឈ្នួល​ជា​មុន​ដើម្បី​ធានា​លើ​ការ​ជួល និង​ធានា​ការ​ខូចខាត ដោយ​សរសេរ​បញ្ជាក់​ពី​ចំនួន​លុយ ។ បើសិនជា​អ្នក​ជួល​ធ្វើ​ខុស​កិច្ចសន្យា អ្នក​នឹង​អាច​យក​ប្រាក់​កក់​នោះ។ ប៉ុន្តែ​បើ​គេ​មិន​ធ្វើ​ខុស​កិច្ចសន្យា​ទេ ម្ចាស់ផ្ទះ​ជួល​ត្រូវ​ប្រគល់​ប្រាក់​ទាំងអស់​ទៅ​ឱ្យ​អ្នក​ជួល​វិញ ។

៤-​ការ​គ្រប់គ្រង​ទីតាំង ៖
រឿង​មួយទៀត​ដែល​ត្រូវ​ដឹង គឺ​ម្ចាស់ផ្ទះ​ជួល​តែងតែ​ជួប​បញ្ហា​អ្នក​ជួល​មិន​ព្រម​បង់លុយ និង​មិន​រើ​ចេញ ។ នៅ​ពេល​ពួក​គេ​មិន​បង់ថ្លៃ​ឈ្នួល​តាម​កិច្ចសន្យា និង​មិន​ព្រម​រើ​ចេញ តើ​គួរ​ធ្វើ​បែប​ណា ?

ជា​ទូទៅ ម្ចាស់ផ្ទះ​ជួល​តែង​ប្តូរ​កូនសោ ឬ​ចាក់សោ​មិន​ឱ្យ​អ្នក​ជួល​ចូល​ផ្ទះ​បាន តែបើ​ក្នុង​កិច្ចសន្យា​មិន​បាន​បញ្ជាក់​ផ្តល់​សិទ្ធិ​ដល់​ម្ចាស់ផ្ទះ​ជួល​ទេ ការ​ចាក់សោ​ទីតាំង​ផ្ទះ​ជួល​ដើម្បី​បង្ខំ​ឱ្យ​អ្នក​ជួល​រើ​ចេញ​នោះ គឺ​ម្ចាស់ផ្ទះ​ជួល​មិន​អាច​ធ្វើ​បែប​នេះ​បាន​ទេ មាន​ន័យ​ថា អ្នក​ត្រូវ​បញ្ជាក់​ក្នុង​កិច្ចសន្យា​ផង​ថា ម្ចាស់ផ្ទះ​ជួល​មាន​សិទ្ធិ​ក្នុង​ការ​ចាក់សោ​ទីតាំង​ផ្ទះ​ជួល ព្រោះ​បើសិនជា​មិន​បាន​សរសេរ​ទុក​ក្នុង​កិច្ចសន្យា​ទេ ហើយ​នៅ​ពេល​អ្នក​ទៅ​បិទទ្វារ​ផ្ទះ​នោះ ម្ចាស់ផ្ទះ​អាច​ក្លាយជា​អ្នក​បំពាន​លើ​អ្នក​ជួល ព្រោះ​វា​ជា​ការ​រំលោភ​លើ​ការ​គ្រប់គ្រង​របស់​អ្នក​ដទៃ ដែល​ជា​ការ​ខុសច្បាប់ គឺ​បំពាន​លើ​ផ្ទះ​ខ្លួនឯង ។

ម្ចាស់ផ្ទះ​ជួល​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​មុន និង​ចាំបាច់​ត្រូវ​បញ្ជាក់​ក្នុង​កិច្ចសន្យា ការ​បញ្ជាក់​ទុក​បែប​នេះ គឺ​បង្ការ​ករណី​នេះ​កើតឡើង​នៅ​ពេល​ក្រោយ អ្នក​អាច​ប្តូរ​កូនសោ​ទ្វារ និង​បិទ​ទីកន្លែង​ជួល​នោះ​បាន ។ បើ​មិន​ដូច្នោះ​ទេ អ្នក​អាច​នឹង​ត្រូវ​ប្តឹង​ដល់​តុលាការ​ដើម្បី​ស្នើ​ឱ្យ​មាន​លិខិត​បណ្តេញ​អ្នក​ជួល​ចេញពីផ្ទះ​របស់​អ្នក ។ ក្នុង​ករណី​បង់ថ្លៃ​ឈ្នួល​ក្នុង​ខែ​នីមួយ​ៗ​យឺត ម្ចាស់ផ្ទះ​ជួល​អាច​បញ្ឈប់​កិច្ចសន្យា និង​ចាក់សោ​ភ្លាម​ៗ ។

៥-​បញ្ជាក់​ក្នុង​កិច្ចសន្យា​ចំពោះ​ករណី​មានការ​ខូចខាត ត្រូវធ្វើ​ដូច​ម្តេច ៖
ត្រូវ​កំណត់​ឱ្យ​ច្បាស់លាស់​ក្នុង​កិច្ចសន្យា​ថា អ្នក​ណា​ទទួលខុសត្រូវ​លើ​អ្វី និង​មូលហេតុ​នៃ​ការ​ខូចខាត​កើត​ពី​ភាគី​ណា ។ ប្រសិនបើ​មិន​បាន​ព្រមព្រៀង​គ្នា​ឱ្យ​ច្បាស់លាស់​ក្នុង​កិច្ចសន្យា​ទេ​នោះ ម្ចាស់ផ្ទះ​ជួល​គឺជា​អ្នក​ជួសជុល​គ្រប់យ៉ាង​ដែល​ចាំបាច់​ក្នុង​ការ​ស្នាក់​នៅ ។ ចំណែក​អ្នក​ជួល​ត្រូវ​ថែរក្សា​ទ្រព្យសម្បត្តិ​ដែល​ជួល ដូចនឹង​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ដែរ ព្រមទាំង​ជួសជុល​អ្វី​ដែល​ខ្លួន​ធ្វើ​ឱ្យ​ខូចខាត ។

៦-​បញ្ជាក់​ពី​គោលបំណង​នៃ​ការ​ជួល​ឱ្យ​ច្បាស់លាស់ ៖
នៅ​ពេល​អ្នក​នឹង​ជួល​ផ្ទះ ឬ​ខុន​ដូ អ្នក​គួរតែ​បញ្ជាក់​ឱ្យ​ច្បាស់លាស់​នៅ​ក្នុង​កិច្ចសន្យា​ថា ជា​ការ​ជួល​សម្រាប់​ស្នាក់​នៅ​តែ​ប៉ុណ្ណោះ ព្រោះ​បើសិនជា​អ្នក​ជួល​យក​ផ្ទះ​របស់​អ្នក ទៅ​ធ្វើ​រឿង​ខុសច្បាប់​នោះ អ្នក​អាច​បញ្ឈប់​កិច្ចសន្យា​បាន ព្រោះ​អ្នក​ជួល​បាន​ធ្វើ​ខុស​កិច្ចសន្យា ហើយ​គេ​ក៏​មិន​អាច​ទាមទារ​ថ្លៃ​ខូចខាត​ពី​ម្ចាស់ផ្ទះ​ជួល​ដែរ​។ អ្នក​ត្រូវ​ប្រាកដ​ថា អ្នក​ជួល​នឹង​អាច​ថែទាំ​ផ្ទះ​របស់​អ្នក​បាន​យ៉ាង​ល្អ ព្រោះ​ជា​អ្នករក្សា​អនាម័យ ឬ​ជា​អ្នក​មិន​ធ្វើ​ខុស​កិច្ចសន្យា​ក្នុង​ការ​បង់ថ្លៃ​ឈ្នួល​ដោយសារ​មាន​ចំណូល​ទៀងទាត់ ។

លើស​ពី​នេះ​ទៀត ក្នុង​ការ​ជួល អ្នក​អាច​បញ្ជាក់​ក្នុង​កិច្ចសន្យាជួល​ថា បើសិនជា​អ្នក​ជួល​បាត់​បង់ជីវិត​មុន​កិច្ចសន្យា​ផុតកំណត់ គឺ​កិច្ចសន្យា​នោះ​ត្រូវ​តែ​បញ្ចប់​ភ្លាម​ៗ​ព្រម​ជាមួយ​នឹង​ការ​ស្លាប់​ដែរ ហើយ​កូនចៅ (​អ្នក​ជួល​) មិន​អាច​ជួល​បន្ត​ពី​អ្នក​ស្លាប់​បាន​ទេ ។ ឧទាហរណ៍ កិច្ចសន្យា​មាន​កំណត់​រយៈពេល​៣​ឆ្នាំ ប៉ុន្តែ​បន្ទាប់​ពី​ជួល​បាន​តែ​១​ឆ្នាំ អ្នក​ជួល​បាន​បាត់បង់​ជីវិត​នោះ កិច្ចសន្យាជួល​នឹង​ត្រូវ​បញ្ឈប់​ជា​បន្ទាន់ ។

ដោយឡែក ក៏​អាច​កំណត់​ដូច​គ្នា​ដែរ​ថា កិច្ចសន្យាជួល​នេះ​នឹង​ប្រគល់​ទៅ​ឱ្យ​ទាយាទ​របស់​ម្ចាស់ផ្ទះ​ជួល ក្នុង​ករណី​មាន​អ្វី​កើតឡើង​ទៅ​លើ​ម្ចាស់ផ្ទះ​ជួល ។ ដូចនេះ កិច្ចសន្យា​ជួល​​នឹង​មិន​បញ្ចប់​នោះ​ទេ ដូច​ជា ម្ចាស់ផ្ទះ​ជួល​បាន​ផ្ទេរកម្មសិទ្ធិ​ទៅ​ឱ្យ​អ្នក​ដទៃ ឬ​ទាយាទ​របស់​ខ្លួន ហើយ​អ្នក​ជួល​នៅ​តែ​អាច​ជួល​បន្ត​ទៀត​បាន ។ ទាំង​អស់នេះ អ្នក​គួរតែ​ស្វែង​យល់ និង​ការពារ​ទុកជា​មុន​ដើម្បី​កុំឱ្យ​កើត​មាន​បញ្ហា​ទៅ​ថ្ងៃក្រោយ ។

* ៧​សំណួរ​ដែល​ត្រូវ​ដឹង ៖
ការ​ធ្វើ​អាជីវកម្ម​ជួល​ផ្ទះ ឬ​ខុន​ដូ មិនមែន​គ្រាន់តែ​ជា​រឿង​ការ​ចំណាយ​របស់​ភាគី​តែ​ម្ខាង​ទេ តែ​មានរឿង​ជា​ច្រើន​ទៀត​ដែល​ត្រូវ​សួរ​ឱ្យ​ច្បាស់លាស់ មុន​នឹង​ប្រគល់​កូនសោ​បន្ទប់។

ក​-​ហេតុ​អ្វី​បានជា​មក​ស្នាក់​នៅផ្ទះ​ជួល ៖
ចម្លើយ​អាច​ដោយសារ​ផ្លាស់​ប្តូរ​ការងារ ត្រូវការ​ផ្ទះ​ថ្មី និង​នៅ​ជិត​សាលារៀន​របស់​កូន ។ ប៉ុន្តែ​អ្នក​គួរតែ​ប្រុង​ប្រយ័ត្ន​ចំពោះ​បញ្ហា​ដែល​ពួក​គេ​គេច​មិន​ព្រម​បង់ថ្លៃ​ឈ្នួល បង់​មិន​ទៀងទាត់​ពេលវេលា ឬ​មាន​ជម្លោះ​ជាមួយ​ម្ចាស់ផ្ទះ​ចាស់ ។

ខ​-​មាន​ផែនការ​មក​រស់នៅ​ពេល​ណា ៖
ត្រូវ​សង្កេត​ត្រង់​ចំណុច​នេះ បើសិនជា​ត្រូវ​មក​រស់នៅ​ស្អែក​នេះ គួរតែ​សង្កេត​មើល​ដែរ ព្រោះ​យ៉ាង​ហោច​ណាស់ ពួក​គេ​ត្រូវ​ផ្តល់​ដំណឹង​ដល់​ផ្ទះ​ចាស់​ឱ្យ​បាន​មុន​៣០​ថ្ងៃ ។

គ​-​តើ​នឹង​ស្នាក់​នៅ​យូរ​ប៉ុនណា ៖
ពួក​គេ​នឹង​ជួល​១-២​ឆ្នាំ ឬ​រយៈពេល​ខ្លី ដើម្បី​ឱ្យ​អ្នកមាន​ផែនការ​រក​អ្នក​ជួល​ថ្មី​បន្ត​ទៀត ។ ជា​ធម្មតា ការ​ធ្វើ​កិច្ចសន្យាជួល​គួរតែ​ត្រឹម​១​ឆ្នាំ ។ ប៉ុន្តែ​បើ​អ្នក​ជួល​ចង់​បញ្ឈប់​មុន​កិច្ចសន្យា អ្នក​អាច​យក​ប្រាក់​កក់​បាន ព្រោះ​ការ​ផ្លាស់​ប្តូរ​អ្នក​ជួល​ម្តង​ៗ (​ផ្ទះ​ទំនេរ​) គឺ​ធ្វើ​ឱ្យ​អ្នក​បាត់បង់​ប្រាក់​ចំណូល​ប្រមាណ​១-២​ខែ​យ៉ាងតិច ។

ឃ​-​ពួក​គេ​ធ្វើ​ការងារ​អ្វី ៖
ចង់​ដឹង​ពី​ប្រាក់​សម្រាប់​បង់ថ្លៃ​ឈ្នួល​គ្រប់គ្រាន់​ឬទេ ? យ៉ាង​ហោច​ណាស់ អ្នក​ជួល​គួរ​មាន​ប្រាក់​ចំណូល​ច្រើន​ជាង​តម្លៃ​ឈ្នួល​ផ្ទះ​២-៣​ដង ព្រោះ​ត្រូវ​ចំណាយ​លើ​កត្តា​ផ្សេង​ៗ​ទៀត ។

ង​-​តើ​នឹង​មាន​ប្រាក់​កក់ និង​ថ្លៃ​ឈ្នួល​មុន​ឬទេ ៖
វា​ជា​រឿង​សំខាន់ ដែល​ត្រូវ​ប្រាប់​ឱ្យ​ដឹង​ជា​មុន​ដល់​អ្នក​ជួល​ថា ពេល​នេះ ពួក​គេ​មាន​ប្រាក់​សម្រាប់​កក់ និង​ថ្លៃ​ឈ្នួល​ក្នុង​ខែ​ដំបូង​ឬទេ ។ ជា​ទូទៅ អ្នក​ជួល​ត្រូវ​កក់​លុយ​មុន​២-៣​ខែ​នៃ​ថ្លៃ​ឈ្នួល​ក្នុង​ខែ​នីមួយ​ៗ ។ ក្នុង​ករណី​មានការ​បន្ធូរបន្ថយ​តាំងពី​ខែ​ដំបូង​ទៅ វា​អាច​ជា​សញ្ញា​មិនល្អ គឺ​នឹង​មាន​បញ្ហា​បន្តបន្ទាប់​នៅ​ខែ​ក្រោយ​ទៀត ។

ច​-​តើ​មក​រស់នៅ​ទាំងអស់​ប៉ុន្មាន​នាក់ ៖
អ្នក​គួរតែ​កត់ត្រា​នូវ​ចំនួន​មនុស្ស​មក​រស់នៅ​ផង​ដែរ គឺ​មិន​ឱ្យ​លើស​ពី​២​នាក់​សម្រាប់​បន្ទប់​គេង​១ ដូច​ជា បើ​ផ្ទះ​របស់​អ្នកមាន​បន្ទប់​គេង​២ គឺ​អនុញ្ញាត​ឱ្យ​រស់នៅ​មិន​លើស​ពី​៤​នាក់ ព្រោះ​កាន់តែ​មាន​អ្នក​រស់នៅ​ច្រើន ផ្ទះ​របស់​អ្នក​នឹង​រឹតតែ​ខូចខាត​ច្រើន​ឡើង​ដែរ ។

ឆ​-​មាន​សត្វ​ចិញ្ចឹម​ឬ​អត់ ៖
ចំណុច​នេះ គឺ​អាស្រ័យ​លើ​ខ្លួន​អ្នក​ថា អាច​ទទួលយក​បាន​ឬ​អត់ ប្រសិនបើ​អ្នក​ជួល​មាន​សត្វ​ចិញ្ចឹម​នោះ ។ វា​អាច​នឹង​មាន​បញ្ហា បើសិនជា​ពួក​គេ​មាន​សត្វ​ចិញ្ចឹម​ច្រើន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្នែក​ខាងក្នុង​ផ្ទះ ឬ​បង្ក​ក្លិន​មិនល្អ និង​កខ្វក់ ។

ចូរ​សាកល្បង​ប្រើ​ជំនាញ​ចរចា មិនមែន​សួរ​បែប​ត្រង់​ៗ​នោះ​ទេ ។ អ្នក​អាច​បបួល​ពួក​គេ​ជជែក​ឱ្យ​ចូល​សាច់​រឿង​ដើម្បី​ទទួល​បាន​អ្នក​ជួល​ល្អ មាន​ភាព​ទទួលខុសត្រូវ និង​ជា​ប្រយោជន៍​ដល់​ការ​ធ្វើ​ជំនួញ​របស់​អ្នកផង​ដែរ ៕