អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ បញ្ជាក់​មូលហេតុ​សិស្ស​បាក់​ឌុប​បាន​និទ្ទេស A ច្រើន

សិស្ស​បាក់ឌុប​ទទួល​បាន​និទ្ទេស A នៅ​ឆ្នាំ​នេះ មាន​រហូត​ដល់​ទៅ ៤០៥​នាក់ កើន​ឡើង​ប្រហែល ៤០០% បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៥ កន្លង​ទៅ ដែល​នាំ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ លោក រស់ សាលីន អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើក​ឡើង​ថា ការ​កើន​ឡើង​នេះ គឺ​ដោយសារ​បេក្ខជន​ខ្លួន​ឯង​ផ្ទាល់​បាន​ខិតខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង ព្រោះ​ដឹង​ថា​មាន​ការ​រឹត​បន្តឹង មិន​មែន​មក​ពី​វិញ្ញាសា​ធូរ​នោះ​ទេ។ ​​

 

 អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ បញ្ជាក់​មូលហេតុ​សិស្ស​បាក់​ឌុប​បាន​និទ្ទេស A ច្រើន
លោក រស់ សាលីន

 

លោក រស់ សាលីន អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​និយាយ​ថា៖ “ស្តង់ដារ​វិញ្ញាសា គឺ​យើង​រៀបចំ​ដដែល ដូច​អ្វី​ដែល​យើង​ធ្វើ​ពីរ​ឆ្នាំ​កន្លង​មក តាម​គោលការណ៍​កំណែ​ទម្រង់​ស៊ី​ជម្រៅ គឺ​ឆ្នាំ២០១៤ និងឆ្នាំ២០១៥ គោលការណ៍​វិញ្ញាសា​យើង​ដដែល។ តាម​គោលការណ៍​ដែល​សំណួរ​យល់​ដឹង សំណួរ​ចងចាំ ការ​គិត ការ​គណនា ការ​សំយោគ ជាដើម”។

 

លោក រស់ សាលីន បាន​បន្ថែម​ទៀត​ថា គោលការណ៍ និង​ស្តង់ដារ​វិញ្ញាសា​គឺ​គ្មាន​ការ​ខុស​ប្លែក​ពី​ឆ្នាំ​មុន​ឡើយ ប៉ុន្តែ​ដោយ​សារ​ឆ្នាំនេះ បេក្ខជន​មាន​សមត្ថភាព​ច្រើន ទើប​អាច​ដណ្ដើម​បាន​និទ្ទេស A រហូត​ដល់​ទៅ ៤០៥នាក់។

 

“ដោយសារ​គាត់​ដឹង​ព័ត៌មាន គាត់​យល់ គាត់​ត្រៀម​បាន​ល្អ​ពី​ចម្ងាយ។ ដូច្នេះ​ទេ ឃើញ​ថា អ្វី​ដែល​គាត់​ធ្វើ​នៅ​ក្នុង​សន្លឹក​កិច្ចការ​ហ្នឹង គឺ​ភាគ​ច្រើន​បាន​ល្អ ពិន្ទុ​ខ្ពស់ ពិសេស​គឺ​លើ​មុខ​វិជ្ជា​សំខាន់ៗ ដែល​ពិន្ទុ​ច្រើន ដូច​គណិតវិទ្យា អក្សរសាស្ត្រខ្មែរ ជាដើម។ អី​ចឹង​ទេ ធ្វើ​ឲ្យ​អ្នក​ជាប់​ហ្នឹង អត្រា​ក៏​កើន​ខ្ពស់ ហើយ​អ្នក​និទ្ទេស A ក៏​កើន​ខ្ពស់​ដែរ”។ សម្ដី លោក រស់ សាលីន។

 

រំឭក​ផង​ដែរ​ថា កាល​ពី​ឆ្នាំ​២០១៥ សិស្ស​បាក់​ឌុប​ប្រលង​ជាប់​និទ្ទេស​ A ​មាន​ចំនួន ១០៨​នាក់ ក្នុង​ចំណោម​បេក្ខជន​ប្រលង​សរុប ៨៣ ៣២៥​នាក់​នៅ​​ទូ​ទាំង​ប្រទេស​។ ចំណែក​ឆ្នាំ​២០១៤ ជា​ពេល​ដែល​ក្រសួង​អប់​រំ​ចាប់​ផ្ដើម​​ចាត់​វិធាន​ការ​រឹត​បណ្ដឹង​វិន័យ​លើ​ ការ​ប្រលង​បាក់​​ឌុប​ទូ​ទាំង​ប្រទេស មាន​អ្នក​ជាប់​និទ្ទេស A ត្រឹម ១១​នាក់ ប៉ុណ្ណោះ ៕

 

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ បញ្ជាក់​មូលហេតុ​សិស្ស​បាក់​ឌុប​បាន​និទ្ទេស A ច្រើន

 

អត្ថបទ៖ គង់ វិសាល ​