កំពុង​ច្រៀង​ខារ៉ាអូខេ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

ខេត្ត​ប៉ៃលិន ៖ យុវជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ខណៈ​កំពុង​ច្រៀង​ក្នុង​ហាង​ខារ៉ាអូខេ «​វង់​ភ័ក្ត្រ​ថ្មី​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​ផ្សារ​ថ្មី ក្នុងភូមិ​អូរ​ច្រា​កើត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន​កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៦ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ម៉េ​ង ចាន់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ ចំណែក​ម្ចាស់​ម៉ូតូ​រង​គ្រោះ​ឈ្មោះ ឆុង សុ​ខែ​ម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប រស់នៅ​ភូមិ​ជាមួយ​គ្នា រីឯ​ម៉ូតូ​ដែល​ត្រូវ​ជនសង្ស័យ​យក​ទៅ​បញ្ចាំ​នោះ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៩ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1B-7044 ត្រូវ​ជនសង្ស័យ​ដោះ​ស្លាក​លេខ​ចេញពី​ម៉ូតូ ។

ប្រភព​ព័ត៌មាន​ពី​ម្ចាស់​ម៉ូតូ​ឈ្មោះ ឆុង សុ​ខែ​ម បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៦ រូបគេ​បាន​ជួបជុំ​មិត្តភក្តិ​៤​ទៅ​៥​នាក់​នាំ​គ្នា​អង្គុយ​ផឹកស៊ី​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ដោយពេល​នោះ​ជនសង្ស័យ​ដែល​ទើប​រាប់អាន​គ្នា​បាន​រយៈពេល​ជាង​៣​ខែ​ចូល​មក​អង្គុយ​ផឹកស៊ី​ផង​ដែរ ។ មួយសន្ទុះ​ក្រោយមក ជនសង្ស័យ​បាន​ខ្ចី​ម៉ូតូ​មួយ​ភ្លែត​ដើម្បី​ជិះ​ទៅ​ទិញ​សាច់​ក្លែម ក្រោយ​ពី​ចាំ​បាត់​ៗ ទើប​ដឹង​ថា ជនសង្ស័យ​ស៊ីដាច់​ម៉ូតូ​ក៏​ប្រញាប់​ដាក់​ពាក្យបណ្តឹង​ទៅ​នគរបាល​ប៉ុស្តិ៍​ឱ្យ​ចាត់ការ​តែ​ម្តង ។ លុះ​ប្រហែល​១​អាទិត្យ​ក្រោយ​ក៏​មាន​គេ​ប្រទះ​ឃើញ​ជនសង្ស័យ​យក​ម៉ូតូ​របស់​ខ្លួន​ទៅ​បញ្ចាំ​ក្នុង​ហាង​កា​រ៉ា​អូ​ខេ​ខាងលើ ហើយ​កំពុង​ច្រៀង​ដោយ​ជំពាក់​ថ្លៃ​ផឹកស៊ី​អស់​៩០​ម៉ឺន​រៀល​ថែម​ទៀត ក៏​ប្រាប់​ឱ្យ​សមត្ថកិច្ច​ឲ្យ​ចុះ​ទៅ​ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង ។

លោក ញ៉ឹ​ក ថុ​ល អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង​ថា យុវជន​សង្ស័យ​រូប​នេះ​ជា​មនុស្ស​ដែល​ប្រើប្រាស់​គ្រឿងញៀន​ជា​យូរ​ឆ្នាំ​មក​ហើយ ត្រូវ​បាន​ឪពុក​ម្តាយចិញ្ចឹម​របស់​គេ​ម្នាក់​រស់នៅ​ខេត្ត​ប៉ៃលិន​បោះបង់​ចោល ខណៈ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អស់​ច្រើន​ពេក ហើយ​ណែនាំ​មិន​ស្តាប់​ដំបូន្មាន​របស់​ពួក​គាត់ ។ លោក​បន្ត​ទៀត​ថា ទោះបីជា​យ៉ាងណា​ក៏​ដោយ ពេល​នេះ​ជនសង្ស័យ​ខាងលើ​ត្រូវ​ខាង​លោក​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការ​នគរបាល​ខេត្ត​ឱ្យ​ចាត់ការ​បន្ត ។ ចំណែក​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៩ ខាង​លោក​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា កម្លាំងអាវុធហត្ថខណ្ឌពោធិសែនជ័យ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការបង្ក្រាបករណី ជួញដូរគ្រឿងញៀនមួយករណី ដោយចាប់ខ្លួនជនសង្ស័យ២នាក់ ព្រមទាំងដកហូតថ្នាំចំនួន២៥កញ្ចប់ និងវត្ថុតាងមួយ ចំនួនទៀត ស្ថិតនៅផ្ទះគ្មានលេខផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ។

មេបញ្ជាការអាវុធហត្ថខណ្ឌពោធិសែនជ័យ លោក ជឹម ឫទ្ធី បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ មានម្នាក់ជាមេកាក្លឹប X-Zoon មានឈ្មោះ ប៉ន អ៊ួច អាយុ៣៤ឆ្នាំ ជាម្ចាស់បន្ទប់ និងម្នាក់ទៀតមានឈ្មោះ ញឹក ពីណុង អាយុ២៤ឆ្នាំមុខរបរ មិនពិតប្រាកដ។

មេបញ្ជាការអាវុធហត្ថរូបនេះ បានបញ្ជាក់ទៀតថា ក្រៅពីការដកហូតថ្នាំ២៥កញ្ចប់ កម្លាំងរបស់លោក បានដកហូត ម៉ូតូ១គ្រឿងម៉ាក Air Blade ពណ៌ខ្មៅស្លាកលេខពោធិសាត់1A-9294 ជញ្ជីងថ្លឹងគ្រឿងញៀន១ លុយមួយចំនួននិងថង់ច្រក គ្រឿងញៀនមួយចំនួនធំផងដែរ។

សម្រាប់ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌ សហការជាមួយកម្លាំងអាវុធហត្ថការិយាល័យប្រឆាំង គ្រឿងញៀនក្រុង កសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កំពុង​ច្រៀង​ខារ៉ាអូខេ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

កំពុង​ច្រៀង​ខារ៉ាអូខេ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន