សែន​អនិច្ចា​ណាស់​! លោកយាយ​អាយុ អាយុ​៦៣​ឆ្នាំ រកប្រាក់​ផ្សំ​ទិញ​អង្ករ​ហូប​ឡើង​បេះ​ផ្លែ​អំពិល​របូតដៃ​ធ្លាក់ចូល​ទឹកស្រះ​លង់​ស្លាប់

ខេត្តបាត់ដំបង ៖ ស្ត្រីវ័យចំណាស់ អាយុ៦៣ឆ្នាំទៅហើយ ទីទ័លក្រពេក ឡើងបេះក្តិបអំពិលលក់យកប្រាក់ផ្សំទិញអង្ករហូប តែអកុសល់ខណៈឡើងរួចកំពុងបេះ បានរបូតដៃធ្លាក់ពីលើដើមអំពិលចូលស្រះទឹកនៅក្បែរដើមអំពិលលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិគរ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

ស្ត្រីរងគ្រោះឈ្មោះ ងូវ បាន់ អាយុ៦៣ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។ អ្នកភូមិបានបញ្ជាក់ឲ្យដឹងថាស្ត្រីរងគ្រោះរូបនេះធ្លាក់ពីដើមអំពិលចូលទឹកស្រះ ពួកគេបាននាំគ្នាជួយស្រង់ឡើងលើគោក តែគាត់បានស្លាប់បាត់ទៅហើយ ។ ដោយសារគាត់មានវ័យចំណាស់ កម្លាំងខ្យោយហែលទឹកមិនរួច ទើបបណ្ដាលឲ្យគាត់លង់ទឹកស្លាប់តែម្ដង ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថបានចុះទៅពិនិត្យកន្លែងកើតហេតុ និងសាកសពភ្លាមៗដែរដើម្បីសួរនាំ និងធ្វើកំណត់ហេតុប្រគល់សាកសពជួនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

ka-11-09-2016-02