នៅ​តែ​មាន​បទល្មើស​នេសាទ​ចាប់​ដុត​មិន​ចេះ​អស់

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ជ្រាវ ចម្រុះ​ឱ្យ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប និង​កម្លាំង​សហគមន៍​ជលផល​សង្កាត់​ជ្រាវ ចំនួន​១៥​នាក់ បាន​បន្ត​ធ្វើការ​ចុះ​បង្ក្រាប ឧបករណ៍​បទល្មើស​នេសាទ​ខុសច្បាប់​ជា​ច្រើន​កន្លែង កាលពី​រសៀល​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ត្រង់​ចំណុច​ខាងលិច​ទំនប់​ប្រ​ហ៊ូ​ត មាត់បឹង​ទន្លេសាប ស្ថិត​ក្នុង​សង្កាត់​ជ្រាវ ខេត្តសៀមរាប ប៉ុន្តែ​ត្រូវ​បាន​ជនល្មើស​គេចខ្លួន​បាត់​អស់​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ខេត្ត បានឱ្យ​ដឹង​ថា ការ​ចុះ​ប្រតិបត្តិការ​នា​ថ្ងៃនេះ ដោយ​មានការ​ចូលរួម​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួម​មាន នគរបាល​ប៉ុស្តិ៍​ជ្រាវ នគរបាល​នៃ​អធិការ​ក្រុង​សៀមរាប និង​កម្លាំង​សហគមន៍​ជលផល​សង្កាត់​ជ្រាវ ប្រមាណ​ជាង​១៥​នាក់ ទើប​ឈាន​ដល់​បង្ក្រាប​បាន​ករណី​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​។

ប្រភព​បាន​បន្ត​ថា បន្ទាប់​ពី​បាន​បង្ក្រាប​ករណី​ខុសច្បាប់​ខាងលើ កម្លាំង​ចម្រុះ​បាន​ដកហូត​ឧបករណ៍​នេសាទ​ល្មើសច្បាប់​មាន ១-​អ៊ុយ​ស្បៃ​មុង​ក្រឡា​ញឹក​ចំនួន​០៤​ក្បាល មាន​ប្រវែង​៤០០​ម៉ែត្រ​។ ២-​ស្បៃ​បរ​ក្រឡា​ញឹក​ចំនួន​០៤​ក្បាល មាន​ប្រវែង​២០០​ម៉ែត្រ​។ ៣-​ចំរឹង​កូន​ឈើ​ចំនួន​២០០​ដើម​ត្រូវ​បាន​កាប់​បំផ្លាញ​ចោល និង​៤-​បរ​កែ​ឆ្នៃ​មាន​ប្រវែង​៤០០​ម៉ែត្រ និង​កូន​ត្រី​ចំរុះ​ចំនួន​៥០​គីឡូក្រាម ។

បច្ចុប្បន្ន កូន​ត្រី​ដែល​ត្រូវ​បាន​កម្លាំង​ជំនាញ​ដកហូត​បាន​យក​ប្រលែង​នៅ​ក្នុង​បឹង​ទន្លេសាប​វិញ ចំណែក​ឧបករណ៍​ល្មើសច្បាប់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ដឹក​យក​ទៅ​ដុត​កម្ទេច​ចោល​៕