ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ពី​បទ​លួច​បញ្ជូន​ទៅ​តុលាការ

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ថា ដា​លុ​ច ប្រធាន​មន្ទីរ​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ចុះ​បង្ក្រាប​ករណី​លួច (​មាន​ស្ថាន​ទម្ងន់ទោស​) រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ស្ត្រី​ម្នាក់ រួច​នាំ​យក​មក​ធ្វើការ​សួរនាំ​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត រួច​បញ្ជូន​បន្ត​ទៅ​តុលាការ​។

ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៥​និង​០០​នាទី​រសៀល​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​មណ្ឌល​២ សង្កាត់​ស្ល​ក្រាម ខេត្តសៀមរាប​។ តាម​ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៦ នេះ​ថា បន្ទាប់​ពី​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​ម្នាក់​ឈ្មោះ យី កាន់​ដា​សោ​ភ អាយុ​២៣​ឆ្នាំ មុខរបរ​បុគ្គលិក​ផ្សារ​ទំនើប​ធី​កា​រ៉េ មាន​ទីលំនៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ខេត្តសៀមរាប​។

ប្រភព​បាន​បន្ត​ថា ក្រោយ​ពី​ឃាត់ខ្លួន​បាន​រួច ក៏​ធ្វើការ​ឆែកឆេរ​ក្នុង​ខ្លួន​ស្ត្រី​សង្ស័យ ហើយ​បាន​រក​ឃើញ​វត្ថុ​តាង​រួម​មាន នាឡិកា​៣​គ្រឿង​, ទឹកអប់​១​ដប​, ក្រវិល​១​គូរ​, កាបូប​ដាក់​ប្រាក់​៤, ខ្សែដៃ​២ និង​សម្ភារ​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន​ស្ត្រី​សង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕