អ្នកស្រុក​ខឹង​ណាស់ ឆ្លង​ស្ពានឈើ​តូច​មួយ​យក​លុយរាប់​ឆ្នាំ​ហើយ

ខេត្តកំពង់ធំ ៖ ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​រស់នៅ​ភូមិ​អូរ​កែង​ទាត់ ឃុំ​បឹង​ល្វា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ សុំ​ឲ្យ​លោក​អភិបាលខេត្ត​កំពង់ធំ ជួយ​អន្តរាគមន៍​បញ្ឈប់​ការ​យក​លុយ​ពី​ពួក​គាត់​ដែល​ឆ្លងកាត់​ស្ពានឈើ​ដ៏​តូច​មួយ ស្ថិត​នៅ​ក្នុងភូមិ​-​ឃុំ​របស់​ពួក​គាត់​ជា​បន្ទាន់ ។

ពួក​គាត់​បន្ត​ថា ស្ពានឈើ​តូច​នេះ គឺ​លោក​មេ​ភូមិ​អូរ​កែង​ទាត់ ឈ្មោះ ជន ផ​ន បាន​រ៉ៃ​លុយ​បដិភាគ​ពី​ប្រជាពលរដ្ឋ​ក្នុង​ម្នាក់​៥​ម៉ឺន​, ១០​ម៉ឺន​, ២០​ម៉ឺន និង​អ្នកខ្លះ​ទៀត​១​លាន​រៀល យក​មក​ធ្វើ​ស្ពាន​នេះ និង​ជួសជុល​ផ្លូវ ។ នៅ​ពេល​ធ្វើ​ស្ពាន និង​ជួសជុល​ផ្លូវ​នេះ​រួច ឈ្មោះ ខុ​ង ហម ហៅ​៨៤ ប្រាប់​ថា នៅ​ជំ​បាក់​លុយ​គេ​៤.០០០​ដុល្លារ​ទៀត ដើម្បី​រក​លុយ​សង​គេ គណៈកម្មការ​ក៏​សម្រេច​ឲ្យ​លោក ខុ​ង ហម ហៅ​៨៤ និង​ប្រពន្ធ​ឈ្មោះ សុខ ខន យក​លុយ​ពី​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​នេះ ដោយ​ម៉ូតូ​១​ថ្លៃ​១.០០០​រៀល គោ​យន្ត​៥.០០០​រៀល និង​រថយន្ត​១០.០០០​រៀល រយៈពេល​៦​ខែ ដោយ​គិត​ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០១៥ ដល់​ខែសីហា ឆ្នាំ​២០១៥ ដោយ​បាន​សន្យា​គ្នា​រវាង​គណៈកម្មការ​ជាមួយនឹង​ភាគី​លោក ខុ​ង ហម ហៅ​៨៤ តែ​ពុំ​បាន​ធ្វើ​ជា​លិខិត​ស្នាម​អ្វី​នោះ​ទេ​។​រហូត​មក​ដល់​ឆ្នាំ​២០១៦​ហើយ ឈ្មោះ ខុ​ង ហម ហៅ​៨៤ នេះ នៅ​តែ​បន្ត​យក​លុយ​ពី​ពួក​គាត់​ដដែល ដោយ​កើតទុក្ខ​មិន​សុខចិត្ត ពួក​គាត់​នាំ​គ្នា​ផ្តឹ​ង​មេដៃ​ប្តឹង​ទៅ​មេឃុំ និង​ទៅ​ស្រុក​ស​ន្ទុ​ក អស់​រយៈពេល​ជា​យូរ​មក​ហើយ​មិន​ដោះស្រាយ​សោះ ។

លោក យស់ បញ្ញា​រិ​ទ្ធ អភិបាលស្រុក​ស​ន្ទុ​ក​នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៦ នេះ ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ពីព្រោះ​ទូរស័ព្ទ​ដៃ​របស់​លោក​ខ​ល​ចូល​ជា​ច្រើន​ដង តែ​មិន​ទទួល ។

គួ​រំលឹក​ថា ពាក់ព័ន្ធ​បញ្ហា​នេះ​កាលពី​ថ្ងៃ​ទី​០៩  ខែមិថុនា ឆ្នាំ​២០១៦ លោក យស់ បញ្ញា​រិ​ទ្ធ ធ្លាប់​ប្រាប់​កោះសន្តិភាព​ថា លោក​ទើបតែ​មក​ថ្មី​មិន​ទាន់​ស្គាល់​ភូមិសាស្ត្រ​ទេ តែ​លោក​​សន្យា​ថា នឹង​ចុះ​ទៅ​ដោះស្រាយ​ចំពោះ​បញ្ហា​នេះ​ជូន​ប្រជាពលរដ្ឋ ។ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​ដោះស្រាយ​ជូន​ពួក​គាត់​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​នាំ​គ្នា​និយាយ​រិះគន់​ចំ​ៗ​ថា លោក យស់ បញ្ញា​រិ​ទ្ធ អភិបាលស្រុក​ស​ន្ទុ​ក​នេះ អត់​សមត្ថភាព គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​គិតគូរ​ដល់​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​​តែ​ដ​ង្ហើ​យ​សុំ​ឲ្យ​លោក​ជួយ​សោះ​។

លោក អ៊ុត សំ​អន អភិបាលខេត្ត​កំពង់ធំ មាន​ប្រសាសន៍​ប្រាប់​កោះសន្តិភាព​នៅ​ថ្ងៃ​ដដែល​នេះ​ថា ចំពោះ​បញ្ហា​ខាងលើ​នេះ សូម​ឲ្យ​តំណាង​ប្រជាពលរដ្ឋ​យក​ឯកសារ​ពាក់ព័ន្ធ​មក​ជួប​លោក លោក​នឹង​ដោះស្រាយ​ជូន​។ យើង​នឹង​រង់ចាំ​មើល​ចំណាត់ការ​របស់​អភិបាលខេត្ត​ម្តង ពីព្រោះ​លោក​អភិបាលស្រុក​អសមត្ថភាព​ទៅហើយ​នោះ​៕