កឹម សុខា ថ្លែងពី«ភាពគ្មានជម្រើស»…

នៅក្នុងការបង្ហាញមុខ​ជាសាធារណៈ ជាលើកទីពីរ នៅចំពោះក្រុមអ្នកគាំទ្រច្រើនរយនាក់ លោក កឹម សុខា អនុប្រធាន (សព្វថ្ងៃ​ជា​ប្រធាន​ស្ដីទី) គណបក្សសង្គ្រោះជាតិ បានថ្លែងពន្យល់ អស់​រយៈ​ពេល​ជិត ៣០នាទី អំពី​ភាព​«គ្មាន​ជម្រើស»​របស់​លោក និង​ក្រុមជនដទៃទៀត ដែលលោក​ហៅ​ថា ជាអ្នក​រងគ្រោះ​ព្រោះ​ប្រព័ន្ធ​យុត្តិធម៌ និង​ការ​រំលោភ​ជិះជាន់ ពី​សំណាក់​តុលាការ និង​អ្នក​មាន​អំណាច​សព្វ​ថ្ងៃ។
កឹម សុខា ថ្លែងពី«ភាពគ្មានជម្រើស»...

លោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ។ (រូបថតលើហ្វេសប៊ុក)

«យើងគ្មានជម្រើសទេ បងប្អូន» ជាការថ្លែងឡើងជាច្រើនដង របស់លោក កឹម សុខា នៅក្នុងសុន្ទរកថាមួយ ទៅ​កាន់អ្នកគាំទ្រ​ជាយុវជនជាច្រើននាក់ នៅនឹងទីស្នាក់ការគណបក្ស ក្នុងព្រឹកថ្ងៃអាទិត្យ ទី១១ ខែកញ្ញានេះ ដើម្បី​ពន្យល់​ពី​រឿងរ៉ាវក្ដីក្ដាំ និងការរំលោភបំពាន ប្រឆាំងនឹងរូបលោក ក៏ដូចជាបណ្ដាសកម្មជន​មួយចំនួនទៀត ពី​សំណាក់​ប្រព័ន្ធតុលាការ និងអ្នកមានអំណាច​នៅកម្ពុជា។

«ខ្ញុំបានសម្រេចចិត្ត ជាស្រេចហើយ (...) ខ្ញុំធ្វើពលិកម្មគ្រប់បែបយ៉ាង ខ្ញុំធ្វើពហិកម្មដើម្បីជាតិ ដើម្បី​ប្រជា​ពលរដ្ឋ​ខ្មែរ ដើម្បីលិទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ គ្មានជម្រើសទេ បងប្អូន។ គ្មានជម្រើស អាចទៅសុំអង្វរឲ្យ​ពួក​ផ្ដាច់​ការ ប្រគល់​សិទ្ធិ​សេរីភាព​ឲ្យយើងទេ។ គ្មានជម្រើស ដើម្បីសុំឲ្យគេជួយ កសាងលិទ្ធិប្រជាធិបតេយ្យឲ្យយើងទេ (...) យើង​ត្រូវ​កសាង​លិទ្ធិប្រជាធិបតេយ្យ ដោយខ្លួនយើង យើងត្រូវការពារសិទ្ធិរបស់យើង ដោយខ្លួន​យើង​ទាំង​អស់​គ្នា។»។

លោក កឹម សុខា បានបរិហារពីប្រព័ន្ធតុលាការ នៅប្រទេសកម្ពុជា ដែលលោកវាយតម្លៃថា មិនអាចទុក​ចិត្ត​បាន​​តទៅ​ទៀត។ លោកនិយាយថាពីចៅក្រម និងព្រះរាជអាជ្ញាមួយចំនួន យ៉ាងដូច្នេះថា៖ «គេសុខចិត្តធ្វើតាមបញ្ជា ដើម្បី​សេចក្ដី​សុខ​របស់​ខ្លួនគេ គ្រួសារគេ ហើយគេធ្វើឲ្យមនុស្ស​កន្លះនគរឈឺចាប់ រហូតដល់សព្វថ្ងៃនេះ។ (...) ដើម្បី​​សេចក្ដី​សុខ​របស់​ខ្លួន ចង់បានតំណែងហ្នឹង (...) ហ៊ានសម្រេចចិត្តខុស រំលោភលើច្បាប់ លើនីតិវិធី ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ ទៅ​លើ​អ្នក​ស្លូតត្រង់។»។

អនុប្រធានគណបក្សប្រឆាំង បានចាត់ទុកមន្ត្រីតុលាការទាំងនោះ ថាបានប្រព្រឹត្តិប្រៀបបាន ទៅនឹងសត្វ​ដែល​គ្មាន​​វិចារណញ្ញាណ។ លោកបានថ្លែងថា៖ «មនុស្សកើតមកកទាំងអស់ ខុសពីសត្វ ត្រង់ថាមនុស្សមាន​សម្បជញ្ញៈ ហើយបើពួកគេមិនហ៊ានយកសម្បជញ្ញៈ មកធ្វើទេ ពួកគេមិនអាចហៅថា ជាមនុស្សបានឡើយ។ (...) មនុស្ស​ខុស​ពី​សត្វ ព្រោះមនុស្សមានសម្បជញ្ញៈ មានការភ្ញាក់រលឹក ហើយវាគួរតែមានការភ្ញាក់រលឹក ជាង​ហ្នឹង​ទៅ​ទៀត ព្រោះ​ជា​អ្នក​រៀន​សូត្រ បានត្រឹមត្រូវដែរ។»។

--------------------

» វីដេអូ ពីការថ្លែងទាំងស្រុង របស់លោក កឹម សុខា៖