សហរដ្ឋ​អា​​មេ​រិ​ក​រំលឹក​ខួប​វាយប្រហារ​ភេរវកម្ម 11 កញ្ញា 2001

សហរដ្ឋ​អា​​មេ​រិ​ក​ប្រារព្ធ​ធ្វើ​កាលពី​ថ្ងៃ​ទី​១១ កញ្ញា នូវ​ខួប​លើក​ទី​១៥ នៃ​ការ​វាយប្រហារ​ភេរវ​ករ​ថ្ងៃ​ទី​១១ កញ្ញា ឆ្នាំ​២០០១ ដែល​មនុស្ស​ម្នា​ចង​ចាំ​មិន​ភ្លេច​ពី​ទំហំ​បាត់បង់​នៃ​មហា​សោកនាដក​កម្មនេះ ដោយសារ​ស្នាដៃ​ពួក​ភេរវ​ករ ។

មនុស្ស​ជិត​៣.០០០​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ​នេះ ដោយ​ពួក​ភេរវ​ករ​អាល់​កៃ​ដា​១៩​នាក់ ដែល​ប្លន់​យន្តហោះ​ពាណិជ្ជកម្ម​ទាំងឡាយ​មក​បំ​បុក​អគារ​ភ្លោះ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក WTC ក្រុង​ញូ​វ​យ៉​ក ព្រមទាំង​វាយប្រហារ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ជិត​ក្រុង​វ៉ា​ស៊ី​ន​តោន និង​ក្នុង​តំបន់​ជនបទ​មួយ​នៃ​រដ្ឋ​ផេ​ន​ស៊ី​ល​វេ​នៀ គឺ​នៅ SHANKSVILLE។ មនុស្ស​ប្រមាណ​ជា​៧៥.០០០​នាក់​នៅ​មាន​បញ្ហា​សរសៃប្រសាទ និង​រាង​កាយ​នៅឡើយ ដោយសារ​ការ​វាយប្រហារ​ទាំងនេះ ។ អ្នក​ជួយ​សង្គ្រោះ​ជា​ច្រើន​នាក់​មាន​បញ្ហា​សុខ​ភាព ព្រោះតែ​ស្រូប​ចូល​ធូលី​អាច​បង្ក​ជំងឺមហារីក ពេល​ពួក​គេ​ប៉ុនប៉ង​ជួយ​សង្គ្រោះ​អាយុជីវិត​មនុស្ស​ទាំងឡាយ ។

នេះ​ជា​លើក​ទី​មួយ​ចាប់តាំងពី​ជិត​២​សតវត្ស​មក​ហើយ ដែល​សហរដ្ឋ​អា​មេ​រិ​ករង​ការ​វាយប្រហារ​ធ្ងន់ធ្ងរ​បែប​នេះ​នៅ​លើ​ដែនដី​របស់​ខ្លួន​ផ្ទាល់ ។ ជា​ការ​តបត​វិញ សហរដ្ឋ​អា​េ​ម​រិ​កបាន​ធ្វើសង្គ្រាម​ពិភពលោក​មួយ​ប្រឆាំង​ភេរវកម្ម​ដែល​មាន​សភាព​ខ្លាំងក្លា​នៅឡើយ​នា​ពេល​នេះ ។

នៅ​ក្រុង​ញូ​វ​យ៉​ក​ឈ្មោះ​អ្នក​ស្លាប់​ទាំងឡាយ​ត្រូវ​ប្រកាស​នា​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​មួយ​នា​ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា នៅ​ត្រង់ GROUND ZERO ដែល​នៅ​ទីនោះ​អគារ​ភ្លោះ WTC ត្រូវរ​លំបាក់​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម និង​នៅ​ជើង ONE WORLD TRADE CENTER ឬ FREEDOM TOWER ជា​អគារ​ខ្ពស់​ថ្មី ខ្ពស់​ជាង​អគារ​ភ្លោះ​ចាស់ ៕