ឆេះ​រោងចក្រ​ផលិត​របស់​វេច​ខ្ចប់​នៅ​បង់​ក្លា​ដែ​ស​ស្លាប់​25​នាក់

បណ្តា​អ្នក​ទទួលខុសត្រូវ​ប៉ូលិស និង​មន្ទីរពេទ្យ​រាយការណ៍​កាលពី​ថ្ងៃ​ទី​១០ កញ្ញា ថា មនុស្ស​យ៉ាងតិច​២៥​នាក់​បាន​ត្រូវ​ស្លាប់ និង​៧០​នាក់​ទៀត​រង​របួស ក្នុង​នោះ​ច្រើន​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ដោយសារ​អគ្គិភ័យ​ធំ​មួយ​នា​ថ្ងៃ​ទី​១០ កញ្ញា នោះ ឆេះ​រោងចក្រ​ផលិត​របស់​វេច​ខ្ចប់​មួយ​នៅ​បង់​ក្លា​ដែ​ស ។

កម្មករ​ប្រមាណ​ជា​១០០​នាក់​កំពុងធ្វើការ​ក្នុង​រោងចក្រ​ពេល​មានការ​ផ្ទុះ​ឆេះ​អគារ​៤​ជាន់​នៃ​រោងចក្រ​នៅ​ក្រុង TONGI ជាទី​ក្រុង​ឧស្សាហកម្ម​មួយ​ស្ថិត​នៅ​ចម្ងាយ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ភាគ​ខាងជើង​ក្រុង​ដាក់​កា រដ្ឋធានី​បង់​ក្លា​ដែ​ស ។ តុល្យការ​ជន​រង​គ្រោះ​កើន​ដល់​២៥​នាក់ ខណៈ​តុល្យការ​លើក​មុន​រៀបរាប់​ពី​មនុស្ស​ស្លាប់​១៥​នាក់ ។ អ្នក​របួស​ភាគច្រើន​ដោយសារ​រលាកភ្លើង ។ ប៉ូលិស​និយាយ​ថា ខ្លាច​មាន​ជន​រង​គ្រោះ​ច្រើន​នាក់​ទៀត​ជាប់​ខាងក្នុង​រោងចក្រ TAMPACO FOILS នេះ​ដែល​ផលិត​ផលិតផល​សម្រាប់​វេច​ខ្ចប់​ធ្វើ​ពី​ប្លា​ស្ទិ​ក ។

ដោយសារ​បណ្តា​បទដ្ឋាន​សន្តិសុខ​ពុំ​ត្រូវ​បាន​គោរព​ត្រឹមត្រូវ ទើប​ប្រទេស​បង់​ក្លា​ដែ​ស​ជា​ប្រទេស​នាំ​ចេញ​ផលិតផល​វាយនភ័ណ្ឌ​ធំ​ជាងគេ​ទី​២​លើ​ពិភពលោក បន្ទាប់​ពី​ចិន​ជួប​ប្រទះ​គ្រោះថ្នាក់ និង​អគ្គិភ័យ​ញឹកញាប់​នៅ​តាម​រោងចក្រ​នានា ។ អគ្គី​ភ័យ​ឆេះ​រោងចក្រ​កាត់ដេរ TAZREEN ក្រុង​ដាក់​កា កាលពី​ឆ្នាំ​២០១២ បណ្តាល​ឱ្យ​កម្មករ​ស្លាប់​ដល់​ទៅ​១១១​នាក់​។ ៦​ខែ​ក្រោយ​ពី​នេះ​មនុស្ស​ដល់​ទៅ​១.១០០​នាក់​ស្លាប់ ដោយសារ​ការ​បាក់​អគារ​រោងចក្រ​កាត់ដេរ RANA PLAZA DE SAVAR នៃ​សង្កាត់​មួយ​ក្រុង​ដាក់​កា ៕