រថភ្លើង​ធ្លាក់​ផ្លូវដែក​នៅ​អេ​ស្ប៉ា​ញ​មក​ពី​រត់លឿន​ពេក

ពួក​អ្នកស៊ើប​អង្កេត​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃ​ទី​១០ កញ្ញា បន្ត​ការ​ស្រាវជ្រាវ​លើ​ការ​ធ្លាក់​ផ្លូវដែក​នា​ពេល​មុន​នេះ​នៅ​អេ​ស្ប៉ា​ញ​នៃ​រថភ្លើង​រត់​កាត់​ព្រំដែន​មួយ​ទៅ​កាន់​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៤​នាក់ ។ គ្រោះថ្នាក់​នេះ​អាច​បណ្តាល​មក​ពី​រថភ្លើង​បើក​លឿន​ពេក ។

ប្រអប់​ខ្មៅ​រថភ្លើង​ត្រូវ​បាន​គេ​យក​ទៅ​ប្រគល់​ជូន​តុលាការ​នៃ​ទីក្រុង O PORRINO ជាទី​ក្រុង​តូច​មួយ​នៃ​តំបន់ GALICE ភាគ​ពាយ័ព្យ​អេ​ស្ប៉ា​ញ​ជា​កន្លែង​កើត​មាន​គ្រោះថ្នាក់ ។ នៅ​មុខ​សារព័ត៌មាន​លោកស្រី EVA GARCIA DE LA TORRE អភិបាលក្រុង O PORRINO ថ្លែង​នា​ថ្ងៃ​ទី​១០ កញ្ញា ថា គេ​កំពុង​ពិនិត្យ​មូលហេតុ​នៃ​គ្រោះថ្នាក់ ហើយ​វា​មាន​លទ្ធភាព​ខ្ពស់​ដែល​គ្រោះថ្នាក់​នេះ​មក​ពី​ការ​បើក​លឿន​ជ្រុល ។

រថភ្លើង​នេះ​ចាក​ចេញពី​ក្រុង VIGO ភាគ​ពាយ័ព្យ​អេ​ស្ប៉ា​ញ​នា​ព្រឹក​ថ្ងៃ​ទី​៩ កញ្ញា​។ វា​ត្រូវ​ទៅ​កាន់​ទីក្រុង PORTO ជាទី​ក្រុង​ធំ​មួយ​របស់​ព័រ​ទុ​យ​ហ្គា​ល់​ដោយ​ដឹក​មនុស្ស​៦៥​នាក់ ក្នុង​នោះ​មាន​ពួក​អ្នកទេសចរ​មក​ពី​អឺរ៉ុប និង​អា​េ​ម​រិ​ក ។ វា​បាន​ធ្លាក់​ផ្លូវដែក​មុន​ទៅ​ដល់​ស្ថានីយ​ក្រុង O PORRINO ។ រថភ្លើង​នេះ​បាន​បុក​បង្គោល​ភ្លើង​មួយ ហើយ​ទូ​មួយ​មុនគេ​ក្នុង​ចំណោម​ទូ​ទាំង​៣ បាន​ក្រឡាប់​ចេញពី​ផ្លូវដែក​។ មនុស្ស​៤​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​មនុស្ស​៤៨​នាក់​ទៀត​រង​របួស ក្នុង​នោះ​១៣​នាក់​ស្ថិត​ក្នុង​មន្ទីរពេទ្យ​នៅឡើយ ។ ក្នុង​ចំណោម​អ្នក​ស្លាប់មាន​អ្នក​បើក​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់ កុង​ត្រូ​ល័​រ​រថភ្លើង និង​អ្នកដំណើរ​ជនជាតិ​អេ​ស្ប៉ា​ញ​ម្នាក់​អាយុ​២៣​ឆ្នាំ ព្រមទាំង​អ្នកដំណើរ​ជនជាតិ​អា​មេ​រិ​ក​ម្នាក់ ៕