សាកល្បង​នុយក្លេអ៊ែរ​ថ្មី អ​.​ស​.​ប រៀបចំ​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េ​ខាងជើង ខណៈ​ក្រុង​សេ​អ៊ូ​ល​រៀបចំ​ផែនការ​វាយប្រហារ​មួយ

ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប បាន​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៥​របស់​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​៩ កញ្ញា ហើយ​ប្រកាស​ថា កំពុង​រៀបចំ​ដំណោះស្រាយ​ថ្មី​មួយ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំង​ក្រុង​ព្យុ​ង​យ៉ាង ។

ក្នុង​សេចក្តីថ្លែងការណ៍​ជា​ឯកច្ឆ័ន្ទ​មួយ​សមាជិក​ទាំង​១៥​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ប្រកាស​ថា នឹង​ចាប់ផ្តើម​ភ្លាម​ៗ​ធ្វើការ​លើ​វិធានការ​សម​ស្រប​ទាំងឡាយ​យោង​ទៅ​តាម​មាត្រា​ទី​៤១ របស់​ធម្មនុញ្ញ អ​.​ស​.​ប និង​ដំណោះស្រាយ​មួយ ។ មាត្រា​ទី​៤១ ទាក់ទិន​នឹង​បណ្តា​វិធានការ​ពុំ​មានការ​ប្រើប្រាស់​កងកម្លាំង​យោធា តែ​ទាក់ទិន​ជា​ពិសេស​ដល់​បណ្តា​ទណ្ឌកម្មសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ។ សេចក្តីថ្លែងការណ៍​ចាត់​ទុក​ការ​សាកល្បង​នុយក្លេអ៊ែរ​ចុង​ក្រោយ​របស់​កូរ៉េ​ខាងជើង​ថា ជា​ការ​រំលោភ​បំពាន ជាក់ស្តែង​លើ​បណ្តា​ដំណោះស្រាយ អ​.​ស​.​ប និង​ជា​ការ​គំរាមកំហែង​យ៉ាង​ច្បាស់​ដល់​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ ។

ដំណោះស្រាយ​មុន​នេះ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ស្តី​ពី​កូរ៉េ​ខាងជើង​កាលពី​ខែមីនា បាន​ដាក់​ទណ្ឌកម្ម​ខាង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ធ្ងន់ធ្ងរ​បំផុត​ពុំ​ធ្លាប់​មាន​ប្រឆាំង​ក្រុង​ព្យុ​ង​យ៉ាង ។ ដំណោះស្រាយ​នេះ​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៤ របស់​កូរ៉េ​ខាងជើង​កាលពី​ខែមករា និង​ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ទាំងឡាយ ។

ចំណែក​កូរ៉េ​ខាងជើង​វិញ​អះអាង​កាលពី​ថ្ងៃ​ទី​១០ កញ្ញា ថា ខ្លួន​នឹង​មិន​ចុះ​ញ៉ម​ចំពោះ​ការ​បង្ខិតបង្ខំ​របស់​អា​មេ​រិ​ក​ឡើយ ។ កាសែត​ផ្លូវការ​ប្រទេស​នេះ RODONG SIMUN សរសេរ​ថា សម័យ​កាលដែល​សហរដ្ឋ​អា​េ​ម​រិ​ក​អាច​ធ្វើការ​បង្ខិតបង្ខំ​ខាង​នុយក្លេអ៊ែរ​ជា​ឯកតោភាគី​ចំពោះ​កូរ៉េ​ខាងជើង​វា​ហួស​សម័យ​ហើយ ។ កាសែត​នេះ​បន្ត​ថា សហរដ្ឋ​អា​េ​ម​រិ​ក​កំពុង​តែ​វិលក្បុង​ចំពោះ​បណ្តា​វិធានការ​យោធា​ខ្លាំង​ជា​បន្តបន្ទាប់​របស់​កូរ៉េ​ខាងជើង ។ កាសែត​នេះ​រហូត​ដល់​ប្រមាថ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោកស្រី PARK GEUN HYE ថា ជា​អ្នកបម្រើ​ផ្លូវភេទ​ដ៏​កខ្វក់​របស់​កងកម្លាំង​បរទេស​ផង ។

អាជ្ញាធរ​យោធា​កូរ៉េ​ខាងត្បូង​អះអាង​ថា ខ្លួន​នឹង​រៀបចំ​ផែនការ​វាយប្រហារ​មួយ​សំដៅ​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក ឬ​គ្រាប់បែក​សុ​ក្រិ​ត្យ​នានា​ប្រឆាំង​បណ្តា​ទីតាំង​ដែល​លោក​គី​ម ជុង​អ៊ុ​ន​នៅ ឬ​បណ្តា​ទីបញ្ជាការដ្ឋាន​យោធា​កូរ៉េ​ខាងជើង ។ នា​ឱកាស​នោះ មី​ស៊ី​ល​ដី​-​ដី HYUNMOO 2A បាញ់​បាន​ចម្ងាយ​៣០០​គីឡូម៉ែត្រ មី​ស៊ី​ល HYUNMOO 2B បាញ់​បាន​ចម្ងាយ​៥០០​គីឡូម៉ែត្រ និង​មី​ស៊ី​ល​បណ្តែត HYUNMOO ៣​បាញ់​បាន​ចម្ងាយ​១.០០០​គីឡូម៉ែត្រ នឹង​ត្រូវ​ដាក់​ពង្រាយ ។ អាជ្ញាធរ​យោធា​កូរ៉េ​ខាងត្បូង​គ្រោង​បង្កើន​ចំនួន​មី​ស៊ី​ល HYUNMOO ព្រមទាំង​ដាក់​ពង្រាយ​នា​ឆ្នាំ​ខាង​មុខ​បណ្តា​មី​ស៊ី​លបាញ់​បាន​ចម្ងាយ​៨០០​គីឡូម៉ែត្រ ៕