ពលរដ្ឋ​និង​អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ខេត្ត​កំពង់ឆ្នាំង​បារម្ភ​ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​កើន​ឡើង

ពលរដ្ឋ និង​អ្នក​រត់​កង់​បី​នៅ​ផ្សារ​ពន្លៃ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង បារម្ភ​ពី​ការ​កើន​ឡើង​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​មុខ​ផ្សារ ដោយសារ​ស្ថានភាព​ផ្លូវ​កោង និង​ចង្អៀត។ អាជ្ញាធរ​មាន​សមត្ថកិច្ច​អះអាង​ថា កម្លាំង​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវ​គោក​តែងតែ​រៀបចំ​សណ្ដាប់ធ្នាប់ និង​សម្រួល​ចរាចរណ៍​នៅ​ចំណុច​នេះ ដើម្បី​បញ្ចៀស​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង។

ផ្សារ​ពន្លៃ​ដែល​ឋិត​នៅ​ក្បែរ​សាលា​ស្រុក​បរិបូរណ៍ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ មាន​ស្ថានភាព​ចង្អៀត​ខ្លាំង​ប៉ែក​ខាង​ត្បូង និង​ខាង​មុខ​ផ្សារ​តាម​ដង​ផ្លូវ​ជាតិ​នៅ​ពេល​ព្រឹក និង​ពេល​ល្ងាច ដោយសារ​អាជីវករ​លក់​ដូរ និង​មនុស្ស​ធ្វើ​ដំណើរ​ចេញ​ចូល​ទិញ​អីវ៉ាន់។ អ្នក​ធ្វើ​ដំណើរ​ទិញ​ដូរ​អីវ៉ាន់​ឆ្លង​កាត់​ផ្លូវ​ខ្វាត់ខ្វែង​ភាគច្រើន គឺ​អ្នក​រស់នៅ​ទី​រួម​ស្រុក និង​អ្នក​ភូមិ​បណ្ដែត​ទឹក​តំបន់​ឆ្នុកទ្រូ​ឡើង​មក​ផ្សារ​ទិញ​ទំនិញ។

ផ្សារ​ពន្លៃ កំពង់ឆ្នាំង ២០១៦ ៨៥៥
ផ្សារ​ពន្លៃ ឋិត​នៅ​ឃុំ​ពន្លៃ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Chin Chetha

អ្នក​រត់​ម៉ូតូ​កង់​បី​នៅ​មុខ​ផ្សារ​ពន្លៃ លោក គឹម សូនី មាន​ប្រសាសន៍​ថា លោក និង​អ្នក​ចាំ​ឌុប​ម៉ូយ​ចេញ​ពី​ផ្សារ​ដោយ​ចត​ម៉ូតូ ឬ​រ៉ឺម៉ក​ក្បែរ​ផ្លូវ ខ្លាច​មាន​គ្រោះថ្នាក់​ដោយសារ​ឡាន​បើក​លឿនៗ បើ​ទោះ​បី​ជា​ឃើញ​ផ្លូវ​កោង និង​ចង្អៀត​យ៉ាង​ណា​ក្ដី។ លោក​ថា អ្នក​អង្គុយ​ចាំ​ម៉ូយ​លើ​ម៉ូតូ ឬ​ដើរ​ឆ្លង​កាត់​ផ្លូវ​ជាតិ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដោយ​ខ្លួន​ឯង ក្រោយ​ឃើញ​មាន​គ្រោះថ្នាក់​ញឹកញយ​នៅ​ចំណុច​នេះ៖ «សំណូមពរ​ឲ្យ​តែ​ឡាន​តាម​ផ្លូវ​បើក​បន្ថយ​ល្បឿន​តិច​ទៅ ព្រោះ​វា​នៅ​កន្លែង​ផ្លូវ​កោង​ខ្លាច​មាន​គ្រោះថ្នាក់។ ប៉ូលិស​ចរាចរណ៍​ធ្វើ​ដែរ ប៉ុន្តែ​ឡាន​នៅ​តែ​លឿន​មក​ដល់​ត្រង់​ហ្នឹង។ មាន​ឡាន​បុក​ម៉ូតូ​អី​តែ​អត់​ដល់​ស្លាប់​ទេ គ្រាន់​តែ​របួស»

សមត្ថកិច្ច និង​ពលរដ្ឋ​ខ្លះ​ឲ្យ​ដឹង​ថា បញ្ហា​កក​ស្ទះ ឬ​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តំបន់​នេះ គឺ​បណ្ដាល​មក​ពី​កំណើន​ប្រជាជន ហើយ​នៅ​មុខ​ផ្សារ​មាន​ផ្លូវ​បំបែក​ជា​បួន​ដែល​ទាំង​អ្នក​អង្គុយ​លើ​ម៉ូតូ​ចាំ​ឌុប​ម៉ូយ អ្នក​ថ្មើរ​ជើង និង​អ្នក​បើក​ឡាន​លើ​ផ្លូវ​ជាតិ សុទ្ធតែ​ប្រឈម​នឹង​គ្រោះថ្នាក់​ទាំងអស់។ បញ្ហា​បើកបរ​លើស​ល្បឿន​កំណត់ និង​ការ​ថ្មើរ​ជើង​មិន​សមស្រប អាច​មក​ពី​កត្តា​មិន​សូវ​គោរព​ច្បាប់។

ឆ្លើយ​តប​បញ្ហា​នេះ នាយ​ផ្នែក​ចរាចរណ៍​ផ្លូវ​គោក​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បរិបូរណ៍ លោក រស់ ប៊ុនណារិទ្ធិ ថា​សព្វថ្ងៃ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​នៅ​មុខ​ផ្សារ​ពន្លៃ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ មិន​សូវ​ជា​ប្រឈម​ប៉ុន្មាន​នោះ​ទេ។ លោក​ថា ស្លាក​សញ្ញា​ចរាចរណ៍​ដែល​បាន​ដាក់​ដោយ​ក្រសួង​សាធារណការ កន្លង​ទៅ​មាន​ការ​ខ្វះខាត ដែល​គួរ​បន្ថែម​ស្លាក​សញ្ញា​ខ្លះ​ទៀត៖ «ដូច​ផ្លូវ​អី​មាន​តើ! ផ្លូវ​បំបែក​ជា​បី ប៉ុន្តែ​វា​មាន​ហ្នឹង​មិន​ទាន់​មាន​គ្រប់គ្រាន់​មួយ​រយ​ភាគរយ​ទេ​បង។ អា​ហ្នឹង​ទាល់​តែ​ថែម​ស្លាក​មួយ​ចំនួន​ទៀត»

ផ្សារ​ពន្លៃ​ដែល​ខាង​មុខ​មាន​ផ្លូវ​កៅស៊ូ​តូច​ចង្អៀត ហើយ​កោង និង​ធ្លាប់​មាន​តូប​ឈើ​ដាក់​តាំង​លក់​អីវ៉ាន់​លយ​ចេញ​មក​ផ្លូវ​បណ្ដាល​ឲ្យ​ចង្អៀត​ការ​ធ្វើ​ដំណើរ​ទាំង​អ្នក​ថ្មើរ​ជើង និង​បើក​ឡាន​តាម​ផ្លូវ​ជាតិ​លេខ​៥ នោះ។ កាល​ពី​ពេល​ថ្មីៗ អាជ្ញាធរ​ខេត្ត​បាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក ក្នុង​ការ​រៀបចំ​សណ្ដាប់ធ្នាប់​ផ្សារ និង​ដង​ផ្លូវ​ឲ្យ​គ្រាន់​ទូលាយ​ឡើង​វិញ ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។