អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​អំពាវនាវ​ឲ្យ​ភ្ញៀវ​ទេសចរ​ប្រុង​ប្រយ័ត្ន​ចំពោះ​ព្យុះ​ភ្លៀង​និង​រលក​ខ្លាំង

ថ្នាក់​ដឹកនាំ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​នៅ​ខេត្ត​ព្រះសីហនុ ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ ជាពិសេស​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ទស្សនា​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ ត្រូវ​ប្រុង​ប្រយ័ត្ន​ពី​សុវត្ថិភាព​ពេល​ចុះ​ងូត​ទឹក​សមុទ្រ​នៅ​តាម​ឆ្នេរ​នីមួយៗ ព្រោះ​សព្វថ្ងៃ​នេះ​នៅ​លើ​លំហ​សមុទ្រ​មាន​រលក និង​ព្យុះ​ភ្លៀង​ជា​បន្តបន្ទាប់។

លោក​ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ រំឭក​ជា​ថ្មី​ទៀត​ដល់​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ​ដែល​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ ទាំង​លើ​ដី​គោក និង​ដី​កោះ ត្រូវ​ប្រុង​ប្រយ័ត្ន​ពី​ខ្យល់​ព្យុះ​ភ្លៀង​ពេល​ចុះ​ងូត​ទឹក​នៅ​តាម​ឆ្នេរ​សមុទ្រ​នានា។ លោក​បញ្ជាក់​ថា រាល់​ថ្ងៃ​នេះ​ខ្យល់​កន្ត្រាក់ និង​ព្យុះ​ភ្លៀង​បាន​ផ្លាស់ប្ដូរ​ឆាប់​រហ័ស និង​មិន​បាន​ប្រាប់​ដំណឹង​ជា​មុន​នោះ​ទេ ដូច្នេះ​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​ជា​ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​តាម​ឆ្នេរ​នានា ហើយ​ចុះ​ងូត​ទឹក ត្រូវ​ប្រុង​ប្រយ័ត្ន​ពី​សុវត្ថិភាព​ជាប់​ជានិច្ច។

លោក ជួន ណារិន្ទ បន្ត​ថា៖ «ដើម្បី​ជៀសវាង​បញ្ហា​សុវត្ថិភាព​កើត​ឡើង​ដល់​ភ្ញៀវ​ទេសចរ​គ្រប់ៗ​រូប​ដែល​ចុះ​ងូត​ទឹក​នៅ​តាម​ឆ្នេរ​នានា សូម​ឲ្យ​ប្រុង​ប្រយ័ត្ន​គ្រប់​ពេល ព្រោះ​ខ្យល់ និង​ព្យុះ​ភ្លៀង​បាន​កើត​ឡើង​គ្រប់​ពេល និង​ឆាប់​រហ័ស ដោយ​ក្នុង​មួយ​ថ្ងៃ​បាន​ផ្លាស់ប្ដូរ​ពី ២ ទៅ ៣​ដង​ក៏​មាន ជាពិសេស​រលក​បែក​ផ្កា​ត្រែង ដែល​បង​ប្អូន​ភ្ញៀវ​ទេសចរ​និយម​ងូត​ទឹក​ប្រលែង​លេង​នៅ​តាម​ឆ្នេរ គឺ​ទាមទារ​ឲ្យ​បង​ប្អូន​ប្រុង​ប្រយ័ត្ន​ខ្ពស់​អំពី​សុវត្ថិភាព​ពេល​ចុះ​ងូត​ទឹក ទាំង​ក្មេង​ចាស់​ត្រូវ​ពាក់​អាវ​ពោង​ការពារ​ឲ្យ​បាន​ជា​ប្រចាំ។ ជាង​នេះ​ទៀត សូម​ឲ្យ​បង​ប្អូន​ភ្ញៀវ​ទេសចរ​ទាំងអស់ ត្រូវ​ស្តាប់​តាម​ការ​ណែនាំ​របស់​នគរបាល​ទេសចរ ឬ​ឆ្មាំ​សមុទ្រ​របស់​កង​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​ជៀសវាង​បញ្ហា​លិចលង់​ដែល​អាច​កើត​មាន​ឡើង​សម្រាប់​បុគ្គល​ម្នាក់ៗ»

សារ​អំពាវនាវ​ជា​ថ្មី​នេះ គឺ​កើត​ឡើង​ក្រោយ​ពេល​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ​នេះ នៅ​តាម​ឆ្នេរ​មួយ​ចំនួន​មាន​ភ្ញៀវ​ទេសចរ​បាន​លង់​ទឹក​សមុទ្រ​ពេល​ចុះ​ងូត​ទឹក​ជា​បន្តបន្ទាប់ ក្នុង​នោះ​មាន​នៅ​ឆ្នេរ​ព្រែក​ត្រែង ឆ្នេរ​អូរត្រេះ ពិសេស​ឆ្នេរ​អូរឈើទាល។

ទាក់ទិន​ករណី​នេះ មន្ត្រី​សង្គម​ស៊ីវិល និង​ប្រតិបត្តិករ​ទេសចរ​ខេត្ត​ព្រះសីហនុ បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ ឆ្មាំ​សមុទ្រ ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ត្រូវ​ពង្រឹង​សមត្ថភាព​ឆ្មាំ​សមុទ្រ និង​ដាក់​ពង្រាយ​កម្លាំង​ជួយ​សង្គ្រោះ​ឲ្យ​មាន​វត្តមាន​នៅ​តាម​ឆ្នេរ​នានា ដែល​ភ្ញៀវ​ទេសចរ​និយម​ចុះ​ងូត​ទឹក​កម្សាន្ត។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បាន​រិះគន់​អាជ្ញាធរ ឆ្មាំ​សមុទ្រ ថា​មិន​មាន​សម្ភារៈ និង​កម្លាំង​ជំនាញ​គ្រប់គ្រាន់ ដើម្បី​រង់ចាំ​ជួយ​សង្គ្រោះ​ភ្ញៀវ​ទេសចរ​ដែល​ជួប​គ្រោះ​លង់​ទឹក​ពេល​ចុះ​ងូត​ទឹក​នៅ​តាម​ឆ្នេរ​សមុទ្រ​នានា។ លោក ប៊ួន ណារិទ្ធិ សំណូមពរ​ដល់​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ពិសេស​ប៉ូលិស​ទេសចរ ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សុវត្ថិភាព​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​កម្សាន្ត​តាម​ឆ្នេរ និង​ចុះ​ងូត​ទឹក​តាម​ឆ្នេរ​ឲ្យ​បាន​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន។

លោក​រិះគន់​ថា កន្លង​មក​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​បង្កើត​ឲ្យ​មាន​ឆ្មាំ​សមុទ្រ​រង់ចាំ​ជួយ​សង្គ្រោះ​ភ្ញៀវ​ទេសចរ​ពេល​ជួប​បញ្ហា​ផ្សេងៗ ប៉ុន្តែ​មាន​តែ​ឈ្មោះ​ទេ ដោយ​មិន​ឃើញ​មាន​កម្លាំង​ជំនាញ និង​ឧបករណ៍​សង្គ្រោះ​ត្រូវ​ដាក់​ប្រចាំ​ការ ឬ​មាន​វត្តមាន​នៅ​តាម​ឆ្នេរ​សមុទ្រ​ជា​ប្រចាំ​នោះ​ទេ៖ «ជាពិសេស​ត្រូវ​ពង្រឹង​ដល់​មន្ត្រី​ការងារ​ឆ្មាំ​សមុទ្រ ដោយ​បន្ថែម​ឧបករណ៍ ឬ​សម្ភារៈ និង​ជំនាញ​សង្គ្រោះ​ដល់​ពួក​គេ​ឲ្យ​បាន​គ្រប់​ចំនួន ដើម្បី​ឈាន​ដល់​សង្គ្រោះ​ជន​រងគ្រោះ​ពេល​លង់​ទឹក​សមុទ្រ ពេល​ចុះ​ងូត​ទឹក​ឲ្យ​បាន​ទាន់​ពេលវេលា។ កន្លង​មក ខេត្ត​ព្រះសីហនុ នៅ​តាម​ឆ្នេរ​សមុទ្រ​មួយ​ចំនួន នគរបាល​បាន​បង្កើត​ឲ្យ​មាន​ទីតាំង​ឆ្មាំ​សមុទ្រ ដើម្បី​ឃ្លាំ​មើល​ការ​លង់​ទឹក​ពី​សំណាក់​ភ្ញៀវ​ទេសចរ​នេះ​ដែរ ប៉ុន្តែ​មាន​តែ​ទីតាំង តែ​អត់​ឃើញ​មាន​វត្តមាន​មន្ត្រី​ឆ្មាំ​សមុទ្រ ឬ​បុគ្គល​ឆ្មាំ​សមុទ្រ​មិន​មាន​វត្តមាន​នៅ​តាម​ទីតាំង​នីមួយៗ​នោះ​ទេ ហើយ​ពេល​ភ្ញៀវ​ទេសចរ​ជួប​គ្រោះ​លង់​ទឹក​ពេល​ចុះ​ងូត​ទឹក មិន​ដឹង​ជា​ត្រូវ​ទាក់ទង​ឆ្មាំ​សមុទ្រ​ទាំងនោះ​ឲ្យ​ជួយ​សង្គ្រោះ​ដោយ​វិធី​ណា​នោះ​ទេ។ សូម​ឲ្យ​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​គិតគូរ​លើ​បញ្ហា​នេះ​ឡើង​វិញ»

ការ​លង់​ទឹក​សមុទ្រ​ពេល​ចុះ​ងូត​ទឹក​នៅ​តាម​ឆ្នេរ​នានា​នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​ប្រតិបត្តិករ​ទេសចរ​នៅ​តាម​ឆ្នេរ​សមុទ្រ​ខេត្ត​នេះ​ចោទ​ថា ដោយសារ​ការ​ធ្វេសប្រហែស​របស់​ភ្ញៀវ​ទេសចរ ដោយ​ពួក​គេ​បាន​ចុះ​ងូត​ទឹក​មាន​ជម្រៅ​ជ្រៅ​នៅ​តាម​ឆ្នេរ​នានា ហើយ​មិន​ស្តាប់​តាម​ការ​ណែនាំ ឬ​ការ​ហាមឃាត់​របស់​អាជ្ញាធរ និង​អាជីវករ​ប្រចាំ​ការ​នៅ​តាម​ឆ្នេរ​នីមួយៗ​នោះ​ទេ។

បញ្ហា​នេះ​ដែរ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវ​ទេសចរ ត្រូវ​ប្រុង​ប្រយ័ត្ន​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ពេល​ចូល​មក​កម្សាន្ត និង​បាន​ចុះ​ងូត​ទឹក​នៅ​តាម​ឆ្នេរ​នានា។ លោក​បន្ត​ថា ភ្ញៀវ​ទេសចរ​គ្រប់​រូប​មិន​ត្រូវ​ចុះ​ងូត​ទឹក​សមុទ្រ​នោះ​ទេ នៅ​ពេល​មាន​ព្យុះ​ភ្លៀង​បោក​បក់​មក​ខ្លាំង​នៅ​តាម​ឆ្នេរ​សមុទ្រ ព្រោះ​អាច​នាំ​ឲ្យ​កើត​មាន​គ្រោះ​លង់​ទឹក​កើត​ឡើង​ជា​យថាហេតុ។

ស្ថិតិ​ក្រៅ​ផ្លូវ​ការ​បាន​ឲ្យ​ដឹង​ថា កាល​ពី​ខែ​សីហា កន្លង​ទៅ មាន​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​លង់​ទឹក​ស្លាប់​ពេល​ចុះ​ងូត​ទឹក​នៅ​តាម​ឆ្នេរ​សមុទ្រ និង​តាម​កោះ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ មាន​ជិត ១០​នាក់ និង​អាជ្ញាធរ​ជួយ​សង្គ្រោះ​បាន​ជាង ១០​នាក់។ ជន​រងគ្រោះ​លង់​ទឹក​ភាគច្រើន គឺ​បាន​ចុះ​ងូត​ទឹក​នៅ​ឆ្នេរ​អូរឈើទាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។