នោះ​វីវរ​ហើយ ! ពី​មុន​កម្មករ​កាត់ដេរ ឥឡូវ​កម្មករ​សំណង់

ខេត្តស្វាយរៀង ៖ កម្មករ​សំណង់​ជាង​១០០​នាក់​បាន​ផ្ទុះ​កូដកម្ម ខណៈ​ក្រុមហ៊ុន​ទទួល​ម៉ៅ​ការ ហ្គោ​ល​ឌិន ប៊ា​ល យឺតយ៉ាវ​ក្នុង​ការ​បើក​ប្រាក់ខែ ដែល​រហូត​មក​ដល់​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៦​នេះ​គឺ​មាន​រយៈពេល​៤០​ថ្ងៃ​ហើយ​ទើប​កម្មករ​នាំ​គ្នា​ធ្វើ​កូដកម្ម​តាំងពី​ម៉ោង​៨​ព្រឹក​នៅ​ខាង​មុខ​ការដ្ឋាន​សំណង់ នៃ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ស្ថិត​នៅ​ភូមិ​ស្រះ​វង្ស សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។

បើ​តាម​តំណាង​ក្រុម​កម្មករ​សំណង់​ម្នាក់​បានឱ្យ​ដឹង​ថា កម្មករ​សំណង់​សាងសង់​អាគារ​នៃ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​មាន​ចំនួន​១៥០​នាក់ នា​ពេល​កន្លង​មក​ការ​បើក​ប្រាក់ខែ​កម្មករ​ទាំងអស់​គឺ​គ្មាន​បញ្ហា​ទេ ក៏​ប៉ុន្តែ​រយៈពេល​២​ខែ​ចុង​ក្រោយ​នេះ​មិនដឹង​ជា​មូលហេតុ​អ្វី​ទេ ស្រាប់តែ​មានការ​យឺតយ៉ាវ ។ ហើយ​ការ​បើក​ប្រាក់ខែ​គឺ​មាន​ផ្នែក​ខ្លះ​បាន​បើក​ហើយ ផ្នែក​ខ្លះ​ទៀត​មិន​ទាន់​បាន​បើក​ទេ ។

ប្រភព​ខាងលើ​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ប្រាក់ខែ​ក្នុង​មួយ​ថ្ងៃ​ម្នាក់​ៗ​ចាប់ពី​២៨.០០០​រៀល ទៅ​៣២.០០០​រៀល ហើយ​ប្រាក់​ទាំងនោះ​កម្មករ​ត្រូវ​យក​ទៅ​សង​ធនាគារ​ផង និង​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ជីវភាព​គ្រួសារ​ផង បើ​បើក​លុយ​យឺត​ដូច្នេះ ច្បាស់​ជា​ខាង​ធនាគារ​ពិន័យ​ពួក​គាត់​ជាក់​ជា​ពុំខាន​ឡើយ ។ ហើយ​ពួក​គាត់​ទាមទារ​នៅ​ពេល​នេះ គឺ​មាន​តែ​២​លក្ខខណ្ឌ​តែ​ប៉ុណ្ណោះ ទី​១-​ទាមទារ​សុំ​បើក​ប្រាក់ខែ​ឱ្យ​បាន​ទៀងទាត់ ទី​២-​សុំ​កុំឱ្យ​បាត់ប្រាក់​ថែម​ម៉ោង ។

ទាក់ទិន​ករណី​កម្មករ​ធ្វើ​កូដកម្ម​នេះ​ដែរ ស្ត្រី​មា្ន​ក់​ឈ្មោះ កែវ ស្រី​រ័​ត្ន តំណាង​ឱ្យ​ខាង​ក្រុមហ៊ុន ហ្គោ​ល​ឌិន ប៊ា​ល (GOLDEN BUILD) ដែល​ជា​ក្រុមហ៊ុន​ទទួល​ម៉ៅ​ការ​សាងសង់​មន្ទីរពេទ្យ​ខេត្តស្វាយរៀង បាន​មាន​ប្រសាសន៍​ថា ចំពោះ​ប្រាក់ខែ​កម្មករ​ដែល​ពុំ​ទាន់​បាន​បើក​នា​ពេល​នេះ គឺ​ខាង​ក្រុមហ៊ុន​សុំ​លើក​ពេល​បើក​ទៅ​ថ្ងៃ​ច័ន្ទ​វិញ បើ​អ្នក​ខ្វះ​លុយ​ចាំបាច់​សុំ​កត់​ឈ្មោះ​មក ខាង​ក្រុមហ៊ុន​នឹង​បើក​ជូន ហើយ​បើ​អ្នក​ចង់​ឈប់​វិញ គឺ​អាច​បើក​ប្រាក់ខែ​នេះ​បាន ឯ​លុយ​នៅ​សល់​លុះត្រាតែ​ខែ​ក្រោយ​ទើប​អាច​បើក​បាន ហើយ​ក្រុមហ៊ុន​ក៏​ពុំ​បា​នប​ពា្ឈ​ប់​បងប្អូន​កម្មករ​នោះ​ទេ ។

ដោយឡែក​នៅ​ព្រឹក​នោះ​ដែរ គេ​ក៏​សង្កេត​ឃើញ​វត្តមាន​របស់​មន្ត្រី​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តស្វាយរៀង បាន​ចុះ​ទៅ​ធ្វើការ​សម្របសម្រួល​អំពី​វិវាទ​នាំ​ឲ្យ​មានការ​ធ្វើ​កូដកម្ម​នេះ​ដែរ ដើម្បី​រក​ដំណោះស្រាយ​រឿង​បើកប្រាក់​ខែ​របស់​កម្មករ​សំណង់​ខាងលើ​នេះ ។ លទ្ធផល​ចរចា​រហូត​ដល់​វេលា​ម៉ោង​២​រសៀល លោក ភឹ​ម ភី ប្រធាន​ការដ្ឋាន​សាងសង់ បាន​ចេញ​មក​ជួប​កម្មករ​រួច​ដោះស្រាយ​បញ្ចប់រឿង និង​បាន​បើក​ប្រាក់ខែ​ឲ្យ​កម្មករ​ទាំងអស់​១០០% ។

សូម​បញ្ជាក់​ផង​ដែរ​ថា មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ដែល​កំពុងធ្វើការ​សាងសង់​នា​ពេល​នេះ គឺជា​អំណោយ​របស់​រាជរដ្ឋាភិបាល នៃ​ប្រទេស​ជប៉ុន​តាម​រយៈ​អង្គការ Jica អាគារ​នេះ​មានកំ​ពស់​៣​ជាន់ ចំណាយ​ថវិកា​ក្នុង​ការ​សាងសង់ និង​ការ​បំពាក់​ឧបករណ៍​គ្រឿង​បរិក្ខា​ពេទ្យ​អស់​ជាង​១០​លាន​ដុល្លា ហើយនឹង​ត្រូវ​បញ្ចប់​គម្រោង​រួចរាល់​នៅ​ក្នុង​ដំណាច់​ខែមេសា ឆ្នាំ​២០១៧​ខាង​មុខ​នេះ ៕