លោក សម រង្ស៊ី គាំទ្រ​ការ​ទាមទារ​របស់​សហជីព​ឲ្យ​ដំឡើង​ប្រាក់​ខែ​កម្មករ​១៨០​ដុល្លារ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ថា​លោក​គាំទ្រ​ចំពោះ​ការ​ទាមទារ​របស់​សហជីព​តំណាង​ឲ្យ​កម្មករ​និយោជិត ដែល​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែក​ជើង​នៅ​កម្ពុជា ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​ពី ១៤០​ដុល្លារ​ដល់ ១៨០​ដុល្លារ​នៅ​ឆ្នាំ​២០១៧

ការ​ថ្លែង​គាំទ្រ​របស់​ប្រធាន​បក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​ឯង​នៅ​ក្រៅ​ប្រទេស​រូប​នេះ ស្រប​ពេល​ដែល​សហជីព​តំណាង​កម្មករ កំពុង​ចរចា​ជាមួយ​ភាគី​ថៅកែ​រោងចក្រ និង​រដ្ឋាភិបាល ដើម្បី​ទាមទារ​ប្រាក់​ឈ្នួល​កម្មករ​ប្រមាណ ១៨០​ដុល្លារ​នៅ​ឆ្នាំ​២០១៧។

លោក សម រង្ស៊ី លើក​ឡើង​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក (facebook) របស់​លោក​នៅ​ថ្ងៃ​ទី​១១ កញ្ញា ថា ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ចំនួន ១៨០​ដុល្លារ​សម្រាប់​កម្មករ​របស់​សហជីព គឺ​ជា​រឿង​ត្រឹមត្រូវ ព្រោះ​លោក​ថា ប្រាក់​ខែ​គោល ១៤០​ដុល្លារ​របស់​កម្មករ​ដូច​សព្វថ្ងៃ មិន​អាច​ធ្វើ​ឲ្យ​កម្មករ​រស់​បាន​ទេ ម្យ៉ាង​ដោយសារ​ទំនិញ​នៅ​ប្រទេស​កម្ពុជា ថ្លៃ​ជាង​ប្រទេស​ជិត​ខាង សេវា​សាធារណៈ​ដូច​ជា​ប្រព័ន្ធ​អប់រំ និង​សុខាភិបាល តម្រូវ​ឲ្យ​ពលរដ្ឋ​ចំណាយ​លុយ​ច្រើន​ជាង​ប្រទេស​ជិត​ខាង។ បន្ថែម​ពី​លើ​នេះ លោក​ថា​នៅ​ប្រទេស​កម្ពុជា មិន​មាន​សេវា​សង្គមកិច្ច​ជួយ​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ក្រីក្រ​ដូច​នៅ​ប្រទេស​ជិត​ខាង​ឡើយ។

ប្រធាន​បក្ស​ប្រឆាំង និង​ជា​អ្នក​សេដ្ឋកិច្ច​ដែរ​នោះ កត់​សម្គាល់​ថា ថៅកែ​រោងចក្រ​អាច​ដំឡើង​ប្រាក់​ខែ​យ៉ាង​ងាយ​តាម​ការ​ទាមទារ​របស់​កម្មករ បើ​កម្ពុជា បំបាត់​នូវ​អំពើ​ពុក​រលួយ​នានា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។