កម្លាំងប៉ូលិសស្រុកអូរជុំ៦១នាក់ ប្តឹងអធិការដែលជា “មេ” ពីបទប្រព្រឹត្តអំពើពុករលួយ

កាលពី​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ កងកម្លាំង​ប៉ូលិស​ក្រោម​ឱវាទ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជុំ​ ខេត្តរតនគិរី​ ចំនួន​៦១​នាក់​ ដោយ​មាន​តំណាង​ចំនួន​៥​នាក់​ បាន​នាំ​គ្នា​ផ្តិត​ស្នាម​មេដៃ​ដាក់​ពាក្យបណ្តឹង​ទៅ​លោកស្រី​អភិបាល​នៃ​គណៈ​អភិបាលស្រុក​អូរ​ជុំ​ ប្តឹង​លោក​វរសេនីយ៍ត្រី​ ហុង​ គឹ​ម​សេង​ នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ អត្តលេខ​១៩២១២​ និង​ជា​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជុំ​ ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ច្រើន​ករណី​ និង​ទាមទារ​ឲ្យ​មានការ​ផ្លាស់​ប្តូ​រលោក​អធិការ​រូប​នេះ​ចេញពី​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជុំ​ ។​

​ពាក្យបណ្តឹង​របស់​កងកម្លាំង​នគរបាល​ស្រុក​អូរ​ជុំ​ បាន​រៀបរាប់​ឲ្យ​ដឹង​អំពី​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​របស់​លោក​វរសេនីយ៍ត្រី​(​ស័ក្តិ​៤)​ ហុង​ គឹ​ម​សេង​ ជា​អធិការ​នគរបាល​ស្រុក​អូរ​ជុំ​ ដូច​ខាងក្រោម​ ៖

១-​យក​លុយ​ពី​កងកម្លាំង​ក្រោម​ឱវាទ​ចាប់ពី​៥០​ដុល្លារ​ទៅ​១០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ម្នាក់ៗ​ ដោយ​សន្យា​ជា​ថ្នូរ​នឹង​ការ​ដំឡើង​ឋានន្តរស័ក្តិ​ និង​តួនាទី​ ។​

២-​យក​លុយ​ពី​អ្នក​ថត​ធ្វើ​អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ​ចំនួន​២​លើក​ មាន​ទំហំ​ទឹកប្រាក់​សរុប​ចំនួន​៥១​ ៥១០​ ០០០​រៀល​ ប្រើប្រាស់​ជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ (​លើក​ទី​១​ឆ្នាំ​២០១៥​ ចំនួន​ ១៤​ ០០០​ ០០០​រៀល​ និង​លើក​ទី​២​ឆ្នាំ​២០១៦​ ចំនួន​ ៣៧​ ៥១០​ ០០០​រៀល​)​ ។​

៣-​កិបកេង​ប្រាក់​ចំណូល​ក្នុង​អង្គភាព​យក​ទៅ​ប្រើប្រាស់​ជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ និង​បក្ខពួក​ ។​

៤-​ប្រើប្រាស់​អាកប្បកិរិយា​មិន​សមរម្យ​ក្នុង​នាម​ជា​ប្រធាន​អង្គភាព​ ឬ​ជា​ "​មេ​"​ ដោយ​ជេរ​ប្រមាថ​ទៅ​លើ​កងកម្លាំង​ក្រោម​ឱវាទ​ ។​

៥-​អសកម្ម​ក្នុង​ការងារ​ដឹកនាំ​អង្គភាព​ ប៉ុន្តែ​សកម្ម​ខាង​ប្រមូលប្រាក់​ចំណូល​ពី​បទល្មើស​ព្រៃឈើ​ទៅ​វិញ​ ។​

កម្លាំងប៉ូលិសស្រុកអូរជុំ៦១នាក់ ប្តឹងអធិការដែលជា “មេ” ពីបទប្រព្រឹត្តអំពើពុករលួយ

​ប្រភព​ព័ត៌មាន​ស្និទ្ធ​នឹង​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ ពាក់ព័ន្ធ​នឹង​ពាក្យបណ្តឹង​របស់​កងកម្លាំង​នគរបាល​ស្រុក​អូរ​ជុំ​ ដែល​ប្តឹង​ "​មេ​"​ របស់​ខ្លួន​ជា​អធិការ​នគរបាល​ស្រុក​អូរ​ជុំនោះ​ ត្រូវ​បាន​ក្រុមប្រឹក្សាវិន័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​ធ្វើការ​សម្រុះសម្រួល​តាម​របៀប​ "​គាបសង្កត់​"​ ឬ​ "​បំភិតបំភ័យ​"​ ដោយ​មានការ​ចូលរួម​ពី​សំណាក់​កងកម្លាំង​ជា​ម្ចាស់​បណ្តឹង​ក្នុង​ចំនួន​តិចតួច​ (​ភាគច្រើន​មិន​បាន​ចូលរួម​)​ ដោយ​ចង់​ឲ្យ​មានការ​បញ្ចប់​រឿងរ៉ាវ​ ហើយ​បើកផ្លូវ​ឲ្យ​លោក​អធិការ​ ហុង​ គឹ​ម​សេង​ បាន​បន្ត​បំពេញការងារ​ជា​ធម្មតា​តទៅ​ទៀត​ ខណៈ​មិន​មានការ​ចូលរួម​ពី​សំណាក់​លោកស្រី​អភិបាល​នៃ​គណៈ​អភិបាលស្រុក​អូរ​ជុំ​ឡើយ​ ជា​ហេតុ​ធ្វើ​ឲ្យ​កងកម្លាំង​ជា​ម្ចាស់​បណ្តឹង​កំពុង​ឋិត​ក្នុង​អារម្មណ៍​ភ័យ​ខ្លាច​ ។​

​ទាក់ទង​ទៅ​នឹង​ពាក្យបណ្តឹង​របស់​កងកម្លាំង​នគរបាល​ស្រុក​អូរ​ជុំ​ដែល​ប្តឹង​ "​មេ​"​ របស់​ខ្លួន​នោះ​ គេហទំព័រ​សារព័ត៌មាន​ ដើម​ត្នោត​ មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​ពី​លោក​វរសេនីយ៍ត្រី​ ហុង​ គឹ​ម​សេង​ អធិការ​នគរបាល​ស្រុក​អូរ​ជុំ​បាន​នៅឡើយ​ គិត​ត្រឹម​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ​ ខណៈ​លោកស្រី​អភិបាល​នៃ​គណៈ​អភិបាលស្រុក​អូរ​ជុំ​ ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​បាន​ដូច​គ្នា​ ។​

​សូម​លោក​ឧត្តមសេនីយ៍ត្រី​ ងួ​ន​ គឿ​ន​ នាយ​នគរបាល​ជាតិ​ថ្នាក់ឧត្តម​សេនីយ៍​ អត្តលេខ​០៥១៧​ និង​ជា​ស្នងការ​នគរបាល​ខេត្តរតនគិរី​ មេត្តា​ត្រួតពិនិត្យ​ និង​ដោះស្រាយ​ករណី​នេះ​ ឈាន​ទៅ​ផ្តល់​យុត្តិធម៌​ដល់​កងកម្លាំង​នគរ​បាក​ស្រុក​អូរ​ជុំ​ជា​ម្ចាស់​បណ្តឹង​ផង​ ៕​

Related