សេះ​ដ៏​សង្ហា​មួយ​ក្បាល​ឈរ​ឱ្យ​ភ្ញៀវ​ជិះ​ថត​នៅ​តំបន់​អង្គរ​ត្រូវ​រថយន្ត​បុក​ងាប់​ហើយ

ខេត្តសៀមរាប ៖ សត្វ​សេះមួយ​ក្បាល ដែល​តែងតែ​ឈរ​បង្អួតរាង​យ៉ាង​សង្ហា​ឱ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ជិះ​ថត​បង្ហាញ​នៅ​តំបន់​អង្គរ​នោះ ត្រូវ​បាន​រថយន្ត​បុក បណ្ដាល​ឱ្យ​ងាប់​កាលពី​យប់​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ខាងជើង​រង្វង់​ផ្លូវ​៦០​ម៉ែត្រ ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខណៈ​សេះ​នោះ​កំពុង​ដាច់​ខ្សែរ​ត់ម​កតាម​ផ្លូវ ទើប​ជួប​គ្រោះថ្នាក់​បែប​នេះ​។

បើ​តាម​ការ​អះអាង​ពី​លោក ទិ​ត្យ ណា​រ៉ុ​ង អធិការ​នគរបាល ក្រុង​សៀមរាប បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៦​នេះ​ថា សត្វ​សេះមួយ​ក្បាល ដែល​តែងតែ​ឈរ​បង្ហាញ​ឱ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជិះ​ថត​បង្ហាញ នៅ​តំបន់​ក្នុង​អង្គរ​នោះ ត្រូវ​បាន​រថយន្ត​បុក​បណ្ដាល​ឱ្យ ងាប់​នៅ​តាម​លើ​ផ្លូវ​៦០​ម៉ែត្រ ខាងជើង​ផ្លូវជាតិ​លេខ​៦​ប្រហែល​៣០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​។

លោក​អធិការ បាន​បន្ថែម​ថា តាម​ព័ត៌មាន​ជំហាន​ដំបូង ដែល​គេ​រាយការណ៍​មក​គឺ​សត្វ​សេះ​នោះ ជា​សេះ​នៅ តំបន់​អង្គរ ដែល​ទុក​ឱ្យ​ភ្ញៀវ​ជិះ ហើយ​វា​ដាច់​ខ្សែ រត់​ចេញ​មក​ពី​តំបន់​អង្គរ​នោះ​មក​តាំងពី​យប់​។ លោក ទិ​ត្យ ណា​រ៉ុ​ង បាន​បន្ថែម​ទៀត​ថា រថយន្ត​ដែល​បុក​សត្វ​សេះ​ឱ្យ​ងាប់​នោះ​បាន​បើក​គេច​បាត់​ខ្លួន​ហើយ​។

ចំណែក​សត្វ​សេះ​ដែល​ងាប់​នោះ ត្រូវ​បាន​ម្ចាស់​យក​ទៅ​ផ្ទះ​វិញ ដោយ​ម្ចាស់ បាន​តាម​រក​តាំងពី​យប់​ម្លេះ តែ​រក​មិនឃើញ លុះ​ឃើញ​វា​បាន​ងាប់​បាត់​ទៅ​ហើយ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ករណី​សេះ​ដែល​ត្រូវ​រថយន្ត​បុក​ងាប់​នោះ​លោក​អធិការ​មិន​បាន​បញ្ជាក់​ថា រថយន្ត​ដែល​បុក​សេះ​បណ្ដាល​ឱ្យ​ងាប់​ជា​ប្រភេទ​រថយន្ត​ម៉ាក​អ្វី​ទេ ហើយ​ក៏​មិន​បាន​បញ្ជាក់ កើតហេតុ​នៅ​ម៉ោង​ប៉ុន្មាន​ដែរ​៕