កម្ពុជា​នាំ​ចេញ​អង្ករ​ធ្លាក់​ចុះ​ជាង​៦%​ក្នុង​រយៈពេល​៨​ខែ​ក្នុង​ឆ្នាំ​២០១៦​ធៀប​នឹង​ឆ្នាំ​២០១៥

ការ​នាំ​ចេញ​អង្ករ​កម្ពុជា ក្នុង​រយៈពេល ៨​ខែ​ឆ្នាំ​២០១៦ បាន​ជាង ៣២​ម៉ឺន​តោន។ របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយ​សម្រាប់​បំពេញ​បែបបទ​នាំ​ចេញ​អង្ករ បង្ហាញ​ថា បរិមាណ​នាំ​ចេញ​នេះ គឺ​ធ្លាក់​ចុះ​ជាង ៦​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៥។ ពាណិជ្ជករ និង​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ថា ការ​ធ្លាក់​ចុះ​បែប​នេះ នឹង​ប៉ះពាល់​ដល់​ការ​វិនិយោគ និង​ប៉ះពាល់​ដល់​រោង​ម៉ាស៊ីន​កិន​ស្រូវ ព្រម​ទាំង​កសិករ។

ថ្វីត្បិតតែ​វិស័យ​ស្រូវ​អង្ករ​ជា​វិស័យ​សំខាន់​សម្រាប់​កម្ពុជា​ក្តី តែ​វិស័យ​មួយ​នេះ​នៅ​តែ​មិន​ឃើញ​រីក​លូតលាស់​ធំ​ធាត់​ដូច​បណ្ដា​ប្រទេស​ជិត​ខាង​កម្ពុជា ឡើយ ជាពិសេស​បរិមាណ​នាំ​ចេញ​អង្ករ​នៅ​តែ​មាន​គម្លាត​ឆ្ងាយ​នៅ​ឡើយ​ពី​ទិសដៅ​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ផែនការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ឲ្យ​បាន ១​លាន​តោន​ក្នុង​មួយ​ឆ្នាំ។

របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយ​បង្ហាញ​ថា នៅ​រយៈពេល ៨​ខែ​ឆ្នាំ​២០១៦ នេះ កម្ពុជា នាំ​ចេញ​អង្ករ​បាន ៣២​ម៉ឺន​តោន (៣២០.០៧៦​តោន) គឺ​ធ្លាក់​ចុះ ៦​ភាគរយ (,%) បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៥។

ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​ជា​អគ្គនាយក​ក្រុមហ៊ុន អេមរុ រ៉ាយ (AMRU RICE) លោក សុង សារ៉ន មាន​ប្រសាសន៍​ថា ការ​ធ្លាក់​ចុះ​បែប​នេះ​នឹង​ប៉ះពាល់​ដល់​ការ​វិនិយោគ ប៉ះពាល់​ដល់​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ ព្រម​ទាំង​កសិករ​ដែល​ពុំ​មាន​លទ្ធភាព​សង​បំណុល​ធនាគារ ជាដើម៖ «»

បរិមាណ​ការ​នាំ​ចេញ​អង្ករ​ធ្លាក់​ចុះ​នេះ លោក សុង សារ៉ន មើល​ឃើញ​ថា ដោយ​កាល​ពី​ដើម​ឆ្នាំ​នោះ កម្ពុជា ជួប​គ្រោះ​រាំង​ស្ងួត ធ្វើ​ឲ្យ​ការ​ផលិត​ស្រូវ​មិន​អាច​ផ្គត់ផ្គង់​ទីផ្សារ​អឺរ៉ុប និង​ប្រទេស​ចិន បាន​ទាន់​ពេលវេលា ហើយ​ប្រទេស​ថៃ ក៏​បាន​ទម្លាក់​តម្លៃ​អង្ករ​ទាប​ជាង​កម្ពុជា។ ម្យ៉ាង​វិញ​ទៀត លោក​ថា​ការ​ធ្លាក់​ចុះ​នេះ គឺ​ជា​បញ្ហា​សកល មិន​មែន​មាន​តែ​កម្ពុជា មួយ​នោះ​ទេ៖ «»

របាយការណ៍​ស្ដីពី​បញ្ហា​ប្រឈម​របស់​វិស័យ​ស្រូវ-អង្ករ​កម្ពុជា របស់​ក្រុម​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា ឲ្យ​ដឹង​ថា ក្រៅ​ពី​បញ្ហា​ខ្ចី​បុល​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ដោយ​អត្រា​ការប្រាក់​ខ្ពស់​នេះ របាយការណ៍​ដដែល​ឲ្យ​ដឹង​ថា វិស័យ​ស្រូវ​អង្ករ​កម្ពុជា ក៏​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម បញ្ហា​ទិន្នផល​ផលិតកម្ម​ទាប ថ្លៃ​ដើម​ផលិតកម្ម​ខ្ពស់ បញ្ហា​ខ្វះខាត​ទឹក ការ​ជ្រើសរើស​ពូជ​ត្រឹមត្រូវ ថ្លៃ​អគ្គិសនី​ខ្ពស់ ខ្វះខាត​កម្លាំង​ពលកម្ម ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ខ្ពស់ កំពង់ផែ​នាំ​ចេញ​នៅ​ឆ្ងាយ​ពី​ប្រភព​ផលិតកម្ម ជាដើម។

រីឯ​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា បរិមាណ​នៃ​ការ​នាំ​អង្ករ​ចេញ​នេះ គឺ​ផល​ស្រូវ​បាន​តិច ទោះ​បី​ជា​ដី​ទំហំ​ធំ និង​ដោយសារ​នយោបាយ​ក្នុង​ស្រុក​ផង និង​នយោបាយ​ក្នុង​តំបន់​ផង។ លោក​ព្យាករ​ថា វិស័យ​ស្រូវ​អង្ករ​នឹង​ជួប​ហានិភ័យ​នៅ​ឆ្នាំ​ក្រោយៗ​ទៀត ប្រសិន​បើ​ស្ថានការណ៍​នយោបាយ​មិន​ធូរ​ស្រាល ជាពិសេស​ការ​នាំ​ចេញ​នឹង​កាន់​តែ​រង​សម្ពាធ​ថែម​ទៀត​ពី​សហគមន៍​អន្តរជាតិ៖ «»

រដ្ឋាភិបាល​តែងតែ​សន្យា​ថា នឹង​បន្ត​ជួយ​អភិវឌ្ឍ​វិស័យ​ស្រូវ​អង្ករ​ទាំង​បរិមាណ និង​គុណភាព ដូចជា​ផ្តល់​ឥណទាន​ដែល​មាន​ការប្រាក់​អនុគ្រោះ​តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍​ជនបទ ពង្រីក​ប្រព័ន្ធ​ធារាសាស្ត្រ ស្វែងរក​ពូជ​ស្រូវ​ល្អៗ បង្កើន​ឃ្លាំង​ស្តុក​ស្រូវ និង​ម៉ាស៊ីន​សម្ងួត​ស្រូវ។ លើស​ពី​នេះ សន្យា​ថា​នឹង​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន និង​ទីផ្សារ ព្រម​ទាំង​អនុគ្រោះ​ពន្ធ​លើ​តម្លៃ​បន្ថែម​នៃ​ការ​នាំ​ចូល​គ្រឿងយន្ត និង​ឧបករណ៍​កសិកម្ម ជាដើម។

ទោះ​បី​ជា​យ៉ាង​ណា អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​មើល​ឃើញ​ថា រដ្ឋាភិបាល​មិន​អាច​ជួយ​ដោះស្រាយ​វិបត្តិ​វិស័យ​កសិកម្ម​បាន​ទេ បើ​សិន​គ្រាន់​តែ​ប្រកាស​ជួយ តែ​មិន​មាន​សកម្មភាព​នោះ។

កន្លង​ទៅ រដ្ឋាភិបាល​ធ្លាប់​ដាក់​គោលដៅ​ក្នុង​ការ​នាំ​ចេញ​អង្ករ​ឲ្យ​បាន ១​លាន​តោន​ក្នុង​ឆ្នាំ​២០១៥ ប៉ុន្តែ​គោល​នយោបាយ​នេះ រដ្ឋាភិបាល​បាន​បរាជ័យ ហើយ​ជាក់ស្ដែង កម្ពុជា នាំ​អង្ករ​ចេញ​បាន​សម្រេច​តែ ៥៣​ម៉ឺន​តោន​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។