ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត រឿង​ថ្លៃ​ភាស៊ី​នៅ​ផ្សារ​តាកែវ

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋ​ក៏​ដូច​ជា​មន្ត្រីរាជការ​រស់នៅ​ក្នុង​ខេត្តតាកែវ​បាន​នាំ​គ្នា​និយាយ​រិះគន់​ទៅ​ដល់​មេ​ភាស៊ី​ផ្សារ​តាកែវ​ថា កំពុង​តែ​ដើរ​ប្រមូល​ភាស៊ី​យ៉ាងច្រើន​លើសលុប​ទៅ​លើសៀវភៅ​បន្ទុក​របស់​រដ្ឋ​បាន​កំណត់​ឲ្យ​យក យ៉ាងណា​ក៏​ដោយ មេ​ភាស៊ី​ផ្សារ​មួយ​នេះ​មិន​ខ្វល់​ឡើយ​ងាក​មក​មើល​អាជ្ញាធរ​ស្រុក​ខេត្ត​មិន​មាន​ចំណាត់ការ​ណាមួយ​ដើម្បី​ព្រមាន​ទៅ​លើ មេ​ភាស៊ី​ផ្សារ​នេះ​ឡើយ​។

មន្ត្រី​នៃ​មន្ទី​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​បាន​ឲ្យ​ដឹង​ថា យើង​មាន​គណៈកម្មាធិការ​ដេញថ្លៃ​ភាស៊ី​នៅ​ទូ​ទាំង​ខេត្ត​ត្រឹមត្រូវ​សម្រាប់​ត្រួតពិនិត្យ​ទៅ​លើ​មេ​ភាស៊ី​គ្រប់​ផ្សារ ចំណតរថយន្ត កំពង់ទូក កំពង់ចម្លង​ឲ្យ​យក​លុយ​ទៅ​តាម​សៀវភៅ​បន្ទុក​របស់​រដ្ឋ​អ្នក​ដាក់​មក​តែ​អ្វី​ៗ​ដែល​ល្អមើល​នោះ ខាង​គណៈកម្មាធិការ​ដេញថ្លៃ​ភាស៊ី​ទូ​ទាំង​ខេត្ត​នោះ​បាន​ចុះ​អនុវត្ត​បាន​តែ​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ រួច​នៅ​តាម​ផ្សារ​នានា​ត្រូវ​មេ​ភាស៊ី​ដើរ​ប្រមូល​លុយ​លើស​ក្នុង​សៀវភៅ​បន្ទុក​ដដែល (​លើស​១​គុណ​នឹង​៥ ឬ​ទៅ​៦​ដង​)​។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា ប​ច្ចុ​ប្ប​នេះ​អ្នក​ដែល​រង​គ្រោះ​គឺជា​ប្រជាពលរដ្ឋ ព្រោះ​ចំណី ម្ហូបអាហារ ទំនិញ​ផ្សេង​ៗ​មាន​តម្លៃ​ខ្ពស់​លុះ​នៅ​ពេល​យក​បន្លែ​មក​លក់​នៅ​ផ្សារ​តាកែវ ត្រូវ​គេ​ហូត​ភាស៊ី​ថ្លៃ​ខ្ពស់ ពួក​គេ​វែក​កន្លែង​លក់​ក្រាល​កៅស៊ូ​លើ​ចិញ្ចើមថ្នល់​១​ម៉ែត្រ​៤​ជ្រុង គេ​យក​ភាស៊ី​ថ្លៃ​២.០០០​ទៅ​២.៥០០​រៀល បង់​ឲ្យ​នគរបាល​សណ្ដាប់ធ្នាប់​ផ្សារ​១​កន្លែង ១​ខែ ៥.០០០​រៀល​។ បើ​យើង​ងាក​មក​កាន់តែ​ហួសចិត្ត​ទៅ​ទៀត​នោះ បង្កាន់ដៃ​ឬ​សំបុត្រ​ផ្ញើ​ម៉ូតូ​សរសេរ​តែ​ម៉ូតូ​១​គ្រឿង​ថ្លៃ​ផ្ញើ ៣០០​រៀល​ទេ តែ​នៅ​ពេល​គេ​យក​លុយ​ម៉ូតូ​១​គ្រឿង​១.០០០​រៀល ។

ប្រជាពលរដ្ឋ​រាល់​ថ្ងៃនេះ​មិនដឹង​ជា​សង្ឃឹម​ទៅ​លើ​អ្នក​ណា​ទេ​ព្រោះ អាជ្ញាធរ​ខេត្ត​បង្កើត​គណៈកម្មាធិការ​សម្រាប់​ត្រួតពិនិត្យ​មេ​ភាស៊ី​ផ្សារ​មិន​ឲ្យ​យក​លុយ​លើស​ក្នុង​សៀវភៅ​បន្ទុក បាន​តែ​មួយ​រយៈ​ក៏​បាត់​ឈឹង ទុក​ឲ្យ​មេ​ភាស៊ី​យក​លុយ​ពី​ប្រជាពលរដ្ឋ​ស្រេច​តែ​អំពើ​ចិត្ត​។ លោក មូល វិចិត្រ អភិបាលក្រុង​ដូន​កែវ យើងខ្ញុំ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ព្រោះ​ទូរស័ព្ទ​លោក​បាន​បិទ​។ ចំណែក​លោក យស ណា​ស៊ី អភិបាលរង​ខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​ដេញថ្លៃ​ភាស៊ី​ទូ​ទាំង​ខេត្ត​បាន​ឲ្យ​ដឹង​ថា គាត់​នឹង​ត្រួតពិនិត្យ​សារ​ឡើង​វិញ​ចំពោះ​បញ្ហា​នេះ​៕