៧ ចំណុច អភ័យទោសដើម្បីខ្លួន នៅពេលជួបមនុស្សក្បត់

6 Videos


ប្រសិនបើអ្នកធ្លាប់មានការឈឺចាប់ដោយសារអ្នកណាម្នាក់ជាពិសេសដៃគូរស្នេហារបស់អ្នក បើទោះជាវាកន្លងផុតទៅច្រើនឆ្នាំហើយក្តី វានៅតែមិនអាចព្យាបាលរបួសផ្លូវចិត្តបានដោយស្រួលនោះទេ។ ហើយពេលអ្នកនឹកដល់រឿងនេះម្តងៗ វានឹងធ្វើឱ្យអ្នកឈឺចាប់ទាំងរាងកាយផងនិងផ្លូវចិត្តផង ។

ពិតហើយនៅពេលផ្លូវចិត្តរងស្រាំប្រេះហើយនោះ សភាវគតិរបស់មនុស្សតែងតែប្រាប់ឱ្យដឹងថា គេគួរ ព្យាយាមរំងាប់អារម្មណ៍ដោយខ្លួនឯងនិងឈប់ឈឺចាប់តទៅទៀត ។ មានពេលខ្លះវាស្ទើរតែធ្វើឱ្យមនុស្ស ចង់រត់គេចចេញពីសង្គម ឫបញ្ចប់ជីវិតដើម្បីគេចពីការឈឺចាប់ ។ ទោះជាយ៉ាងណាក្តីបើអ្នកមិនមានការតាំងចិត្តទេនោះ វានឹងពិបាកគេចឱ្យផុតពីការឈឺចាប់នេះណាស់ ។

មនុស្សខ្លះនៅតែឈឺចាប់ក្នុងចិត្ត នេះក៏ព្រោះគេមិនចេះធ្វើចិត្តបោះបង់នូវកំហឹង និងអភ័យទោស ។ ជាទូទៅ បើមនុស្សធ្លាប់មានការឈឺចាប់ ហើយបើអ្នកយកឈ្នះនិងចេះកាត់ចិត្តបាននោះ វានឹងធ្វើឱ្យអ្នកកាន់តែ រឹងមាំ មានបទពិសោធន៍ក្នុងជិវិតថែមមួយកម្រិតទៀត ដូច្នេះអ្នកគួររៀនធ្វើចិត្តអភ័យនិងបំភ្លេច ។

ខាងក្រោមនេះគឺជាចំនុចមួយចំនួនដែលជួយឱ្យអ្នកកាត់ចិត្តបានបើមានមនុស្សស្រឡាញ់ក្បត់ចិត្តអ្នក ៖

១. អភ័យទោសឱ្យខ្លួនឯងជាមុន
ការបដិសេធមិនលើកលែងទោសឱ្យមនុស្សដែលក្បត់អ្នក វារឹតតែធ្វើឱ្យអ្នកកាន់តែឈឺចាប់ថែមទៀត ។ ហើយអសមត្ថភាពក្នុងទង្វើបែបនេះ គឺកើតចេញមកពីបំណងនៅតែស្រឡាញ់គេដដែល ហើយកាន់តែចង់ ធ្វើឱ្យមនុស្សនោះឈឺចាប់ដូចអ្នកវិញ ដែលនេះវារឹតតែធ្វើឱ្យផ្លូវចិត្តអ្នកកាន់តែឈឺ។ វិធីដំបូងបំផុត គឺត្រូវចេះអភ័យទោសឱ្យខ្លួនឯងនិងយកចិត្តទុកដាក់ថែទាំខ្លួនឯងវិញទើបប្រសើរ ។

២. មនុស្សទូទៅតែងធ្វើអ្វីដែលគេយល់ថាត្រឹមត្រូវ
ទោះក្នុងស្ថានភាពអ្វីក៏ដោយ ជាទូទៅមនុស្សដែលមានបំណងធ្វើឱ្យអ្នកឈឺចាប់ គេតែងយល់ថា គេធ្វើ ដូច្នេះគឺត្រឹមត្រូវហើយ ហើយគេក៏មិនបានដឹងខ្លួនថាទង្វើបែបនេះ វាធ្វើឱ្យអ្នកឈឺចាប់នោះទេ ។ តែអ្នក ត្រូវចាំថា អ្នកដែលធ្វើដូច្នេះ វានឹងធ្វើឱ្យខ្លួនគេផ្ទាល់ឈឺចាប់ទៅវិញនោះទេនៅថ្ងៃក្រោយ។ ដូច្នេះអ្នកគួរគិតពីមូលដ្នានគ្រឹះនៃការអភ័យទោសដូចចំណុចខាងលើ។ ហើយនៅពេលមានអ្នកណាម្នាក់ធ្វើឱ្យអ្នកឈឺចាប់ អ្នកមិនត្រូវនិយាយ ឫគិត បែបអវិជ្ជមាននោះទេ។ ផ្ទុយទៅវិញអ្នកត្រូវស្វែងយល់ពីហេតុផលនិងជម្រើសអ្វីខ្លះដែលល្អប្រសើរ សម្រាប់អ្នកដើរទៅមុខ និងធ្វើឱ្យអារម្មណ៍ធូរស្រាល ។

៣. អ្នកគឺជាមនុស្សតែម្នាក់គត់ដែលអាចគ្រប់គ្រងខ្លួនឯងបាន
បើសិនមានអ្នកណាម្នាក់ធ្វើឱ្យអ្នកឈឺចាប់ហើយនោះ នៅពេលអ្នកចុះចាញ់ វានឹងធ្វើឱ្យអ្នកបាត់បង់ ម្ចាស់ការលើខ្លួនឯង ដូច្នេះអ្នកគឺជាបុគ្គលតែម្នាក់គត់ដែលអាចគ្រប់គ្រងខ្លួនឯងបាន ដូច្នេះត្រូវរៀនធ្វើចិត្ត និងជួយខ្លួនឯង ងើបដើរដោយខ្លួនឯងដោយជ្រើសអ្វី និងគួរធ្វើអ្វីដែលអ្នកចង់ធ្វើ ជាជាងមនុស្សដែលទៅចោលអ្នកហើយនោះ និងមិនអាចត្រលប់មកវិញឫអាចផ្លាស់ប្តូរចិត្តគេបាននោះឡើយ។

៤. ចាប់ផ្តើមហាត់ធ្វើចិត្តផ្តល់ក្តីស្រឡាញ់សារជាថ្មី
អ្នកត្រូវរៀនធ្វើចិត្តដែលឈឺដោយបង្វែរមកជាការផ្តល់ក្តីស្រឡាញ់ជាថ្មីទៅអ្នកដែលធ្វើឱ្យអ្នកឈឺចាប់ដោយការស្រម៉ៃថាគេនៅឈរចំពោះមុខអ្នក ហើយបើចិត្តអ្នកមានក្តីស្រឡាញ់ផ្តល់ទៅគេមែននោះ គេនឹងផ្តល់មកឱ្យអ្នកវិញពុំខាន តែបើអ្នកនៅតែឈឺក្នុងចិត្តមិនអាចជម្រុះចិត្តខឹងនិងស្អប់បានទេ វានឹងងាកមករកអ្នកវិញ ហើយអ្នកនៅតែឈឺចាប់ដដែល ។

៥. ហាត់និយាយពាក្យថា លើកលែងទោស
ត្រូវហាត់និយាយពាក្យថា លើកលែងទោស ដោយនិយាយពាក្សនេះលឺៗតាមតែអាចធ្វើទៅបាន និង គិតក្នុងចិត្ត ព្រមទាំងធ្វើចិត្តឱ្យរីករាយ មានសន្តិភាពក្នុងចិត្ត នោះអារម្មណ៍អ្នកនឹងបានធូរស្រាល។ យូរៗទៅទង្វើអភ័យទោសរបស់អ្នកនឹងសម្រេចជោគជ័យ ពេលនោះហើយបេះដូងនិងចិត្តអ្នកនឹងធ្វើឱ្យ អ្នកក្លាយជាមនុស្សសុទិដ្ឋិនិយម និងចេះផ្តល់ក្តីស្រឡាញ់ទៅកាន់មនុស្សជុំវិញសារជាថ្មី នោះជីវិតអ្នកមិននឹងមិនរស់នៅក្នុងភាពស្មុគស្មាញទៀតឡើយ ។

៦. ស៊ូទ្រាំនូវការឈឺចាប់ដោយរំលឹកឈ្មោះ
ការស៊ូទ្រាំនូវការឈឺចាប់ រំលឹកឈ្មោះមនុស្សដែលស្អប់ ចំពោះមុខអ្នក ដើម្បីរៀនស៊ូទ្រាំនូវស្ថានភាពឈឺចាប់ ហើយត្រូវហាត់ចិត្តស៊ូទ្រាំថា វាមិនទៅជាពិបាករស់នៅលើលោក ដោយគ្រាន់តែឈឺឈ្មោះមនុស្សម្នាក់នេះ នោះទេ។ តាមពិតទៅវាមាននូវចំណុចល្អ ក្នុងការព្យាបាលដោយអនុវត្តតាមវិធីបែបនេះ ព្រោះនៅពេលអ្នក គ្រប់គ្រងភាពឈឺចាប់នៅក្នុងខួរក្បាលអ្នកបាន នោះវានឹងធ្វើឱ្យអ្នកអាចព្យាបាលអតីតកាលដ៏ឈឺចាប់បាននៅថ្ងៃអនាគត ។

៧. បំភ្លេចការឈឺចាប់ត្រូវការដំណាក់កាលដើម្បីព្យាបាល
មានពេលខ្លះអារម្មណ៍នៃការឈឺចាប់បានឈានដល់ចំណុចមួយដែលពិបាកនឹងស៊ូទ្រាំ ។ ហើយដើម្បីបំបាត់ការ ឈឺចាប់នេះវាត្រូវការដំណាក់កាល ជំហាននិងពេលវេលាដើម្បីព្យាបាល។ មានពេលខ្លះអ្នកបានគិតថាអ្នកភ្លេចការឈឺចាប់នេះអត់ទៅហើយ ប៉ុន្តែមានពេលខ្លះ វាកើតឡើងភ្លាមៗមួយរំពេចនៅក្នុងអារម្មណ៍សារជាថ្មី តើអ្នកគួរធ្វើដូចម្តេច ? អ្នកមិនចាំបាច់គិតអ្វីច្រើនទៀតនោះទេ ត្រូវចាត់ទុកថាវាជារឿងធម្មតាទៅហើយដែលវានៅតែមាននៅក្នុងការចងចាំរបស់អ្នក ប៉ុន្តែអ្នកត្រូវរៀនរស់ពីបទពិសោធន៍ទាំងនេះ ឱ្យប្រែអនុស្សាវរីយ៍ជូរចត់នេះទៅជាឱសថព្យាបាល និងរឈានដើរទៅមុខ ៕  សុផល