ឈ្មួញ​រត់ពន្ធ​ឈើ​ទៅ​វៀតណាម​ឈ្មោះ គួ​យ សុ​ឃុន មិន​ញញើត​នឹង​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​ឡើយ​ដោយ​អាង​អំណាច​បងប្រុស​ជា​អភិបាលខេត្ត

ខេត្តមណ្ឌលគិរី៖ មន្ត្រីរាជការតូចតាច និងប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរីបានឲ្យដឹងថា ឈ្មួញឈើឈ្មោះ គួយ សុឃុន ដែលជាមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នៅតែបន្តសកម្មភាពដឹកឈើទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកអូររាំង កាន់តែផ្គើន និងក្រអឺតក្រទមបំផុត បើទោះបីកម្លាំងអាវុធហត្ថ និងគយចល័តបានបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើប្រណីតចំនួន៦គ្រឿង របស់មេឈ្មួញរូបនេះកាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦កន្លងថ្មីៗនេះ។ ទោះយ៉ាងណាក៏ដោយក៏នៅថ្ងៃបន្តបន្ទាប់ ឈ្មួញជើងខ្លាំងឈ្មោះ គួយ សុឃុន នៅតែហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារអាងមានបងប្រុសរបស់ខ្លួនឈ្មោះ ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ធ្វើជាខ្នងបង្អែកដ៏រឹងមាំ ហើយបាននាំឈើចេញទៅវៀតណាមលើសដើមរហូតកម្លាំងអាវុធហត្ថ និងគយចល័តលែងហ៊ានក្អក។

ka-11-09-2016-18

ប្រជាពលរដ្ឋនៅស្រុកអូររាំងបានរិះគន់ចំពោះ ចំណាត់ការការបង្ក្រាបការរត់ពន្ធឈើប្រណីតរបស់សមត្ថកិច្ចអាវុធហត្ថ និងគយចល័តថាធ្វើគ្រាន់តែឲ្យល្អមើលហើយគ្មានន័យអ្វីទាំងអស់ ដែលពុំអាចរារាំង និងទប់ស្កាត់ជំនួញឈើដែលដឹកជញ្ជូនចេញទៅវៀតណាមតាមច្រកដាក់ដាំដែលប្រព្រឹត្តឡើងដោយឈ្មួញឈ្មោះ គួយ សុឃុន នេះបាននោះ។ ជាក់ស្តែងឈ្មួញអាងអំណាចបងប្រុសបង្កើតជាអភិបាលខេត្តរូបនេះ បានធ្វើសកម្មភាពដោយមិនញញើតនឹងការបង្ក្រាបពីសមត្ថកិច្ចជំនាញអ្វីទាំងអស់ គឺនៅកាលពីថ្ងៃទី៩កញ្ញា បានបញ្ចេញរថយន្តដឹកឈើចំនួន១២គ្រឿង និងនៅថ្ងៃទី១០កញ្ញា ១៥គ្រឿង បានឆ្លងទៅវៀតណាមតាមច្រកដាក់ដាំយ៉ារលូន មិនឃើញមានសមត្ថកិច្ចណាហ៊ានចេញមកឆាឆៅទៀតឡើយ ដែលគេសង្ស័យថា ទំនងសមត្ថកិច្ចចម្រុះទាំងនោះ ទទួលការគម្រាមណាមួយពីអ្នកមានអំណាចក្នុងខេត្តនោះ។

មន្ត្រីតូចតាច និងពលរដ្ឋក្នុងខេត្តមណ្ឌលគិរីបានលើកឡើងទៀតថា ការរត់ពន្ធឈើដឹកតាមរថយន្តទៅ វៀតណាមប្រព្រឹត្តដោយមន្ត្រីនគរបាលឈ្មោះ គួយ សុឃុន ដែលជាប្អូនប្រុសរបស់ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី គ្មានការបង្ក្រាបចាប់ខ្លួនយកទៅផ្តន្ទាទោសតាមច្បាប់នោះ ពិតជាធ្វើឲ្យមហាជនមានការសង្ស័យថា លោក ស្វាយ សំអ៊ាង នៅពីក្រោយការជួញដូរឈើរបស់ប្អូនប្រុសខ្លួននេះ ហើយមានផលប្រយោជន៍ក្រាសក្រែលណាស់ ទើបពុំចេញបទបញ្ជាឲ្យទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាព ដោយចាប់ ជនពាក់ព័ន្ធជំនួញឈើនោះបញ្ជូនខ្លួនឡើងតុលាការដើម្បីផ្តន្ទាទោសឲ្យរាងចាល។ តែផ្ទុយ ទៅវិញដោយសារ លោក ស្វាយ សំអ៊ាង ជាអភិបាលខេត្តដ៏មានអំណាច គ្មានសមត្ថកិច្ចណា ឬតុលាការ ខេត្តនោះហ៊ានរំខានមុខរបររត់ពន្ធឈើទៅវៀតណាមរបស់ប្អូនប្រុសគាត់ឡើយ៕

ka-11-09-2016-19