មូលហេតុ​នៅ​ពីក្រោយ iPhone មក​ដល់​ខ្មែរ​ដំបូង​លក់​ថ្លៃ​កប់​ក្តោង

ល្បី​ iPhone លក់​នៅ​ស្រុក​ខ្មែរ​ថ្លៃ​ នៅ​ពេល​ចេញ​លក់​ថ្ងៃ​ដំបូង​។ ថ្លៃ​យ៉ាង​ណា ក៏​មាន​អតិថិជន​ហូរហែ​រង់ចាំ​ទិញ ទោះ​បី​ត្រូវ​បង់​ក្នុង​តម្លៃ​មួយ​ខ្ពស់​ក៏​ដោយ។

 

មូលហេតុ​នៅ​ពីក្រោយ iPhone មក​ដល់​ខ្មែរ​ដំបូង​លក់​ថ្លៃ​កប់​ក្តោង

 

តាម​ម្ចាស់​ហាង​លក់​ទូរសព្ទ​ដ៏​ធំ​មួយ​ប្រាប់​ថា iPhone ចេញ​លក់​ថ្ងៃ​ដំបូង ការ​ផ្គត់ផ្គង់​មិន​ចេះ​គ្រប់​នោះ​ទេ ដោយសារ​តម្រូវការ​ច្រើន​តែ Apple លក់​មាន​ចំនួន​កំណត់ អ្នក​មក​មុន​បាន​មុន។

 

“មិន​ថា​គេ​មិន​ថា​យើង​ចង់​ប្រើ​មុន​គេ ដូច្នេះ​ត្រូវ​ប្រញាយ​គ្នា អ្នក​ខ្លះ​ទាល់​តែ​ចំណាយ​ខ្ពស់​លើស​តម្លៃ​ធម្មតា”។

 

ម្ចាស់​ហាង​រូប​នេះ​បន្ត​ថា iPhone លក់​ក្នុង​ស្រុក​ដំបូង​ៗ​ថ្លៃ​តាម​ការ​និយាយ​តៗ​គ្នា​មក​ពី​ការ​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់។

 

លោក​ថា រាល់​ពេល Apple ចេញ​លក់ iPhone ម្តងៗ មាន​អ្នក​ខ្លះ​ត្រូវ​ដេក​រង់ចាំ​ជា​ច្រើន​ថ្ងៃ​ដាច់​បាយ​ក្រហាយ​ទឹក។ ដោយសារ​ចង់​តម្រូវ​ចិត្ត​របស់​អតិថិជន​ទាន់​ពេល​វេលា  អ្នក​លក់​ជា​ច្រើន​​បាន​ប្រើប្រាស់​បណ្តាញ​របស់​ខ្លួន​នៅ​ក្រៅ​​ប្រទេស​ដែល​ត្រូវ​ចំណាយ​ខ្ពស់​ ដើម្បី​ស្វែង​រក​កំពូល​ទូរសព្ទ​នេះ​យក​មក​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក។

 

លោក​ច្រាន​ចោល​មូលហេតុ​ការ​បំប៉ោង​តម្លៃ​ដែល​ធ្វើ​ឲ្យ​តម្លៃ​ទូរសព្ទ iPhone ថ្លៃ​លើស​ទីផ្សារ​ប្រទេស​ដទៃ។

 

ម្ចាស់​ហាង​រូប​នេះ​​ថា ទោះ​បី​មាន​អ្នក​មួយ​ចំនួន​គិត​ថា ​ម្ចាស់​ហាង​នានា​អាច​កើប​ប្រាក់​ចំណេញ​យ៉ាង​ក្រាស់ក្រែល​ពី​អតិថិជន​អ្នក​មានៗ​ដែល​ហ៊ាន​ចំណាយ​លុយ​​ឥត​ក្រែង គឺ​​មិន​ច្រើន​ដូច​ការ​គិត​នោះ​ទេ ដោយសារ​ការ​ទិញ​ចូល​ក៏​ថ្លៃ​ដែរ​នោះ។

 

នៅ​ពេល Apple ចេញ​លក់​នៅ​ប្រទេស​មួយ​ចំនួន សឹង​មិន​ដល់​មួយ​ថ្ងៃ​ផង​កំពូល​ទូរសព្ទ​នេះ​ក៏​មាន​លក់​នៅ​ទីផ្សារ​ក្នុង​ស្រុក ហើយ​ក៏​លេច​មុខ​អ្នក​ជា​អ្នក​មាន​ស្តុកស្តម្ភ​ ដែល​មក​ស្វះស្វែង​រកទិញ​​ទូរសព្ទ​ជំនាន់​ថ្មី​របស់ Apple មុន​គេ។

 

ចុច​អាន៖ iPhone 7 និង 7 Plus លក់​នៅ​វៀតណាម​តម្លៃ​មិន​ក្រោម​ពាន់​ដុល្លារ

 

អត្ថបទ៖ ប៊ុណ្ណារ៉ា