ខ្លោចចិត្ត បន្ទាប់ពីប្រើកូនស្រីឲ្យទៅដឹកក្របីត្រឡប់មកផ្ទះ

ខេត្តស្វាយរៀង ៖ ក្មេង​ស្រី​ម្នាក់​​ប្រឹង​លូន​ផង វារ​ផង ស្រែកហៅ​ឲ្យ​គេ​ជួយ​ផង ទាំង​ខ្លួន​ប្រឡាក់​សុទ្ធតែ​ឈាម និង​ភក់ បន្ទាប់​ពី​ត្រូវ​ក្របី​ឡើងក​វ័ធ​មួយ​ស្នែង​ចំ​ចង្កេះ​ក្រ​វី​បោក​ចូល​ទៅ​ក្នុង​ទឹក​វាលស្រែ​បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហូរ​ឈាម​ខ្ទាត​ប្រឡាក់​ពេញ​ផ្ទៃមុខ និង​ដើមទ្រូង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុងភូមិ​សង្គម ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទាប ។

បើ​តាម​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គគីរ​សោម បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ខឹង លី​ដា អាយុ​១០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ បាន​រង​របួស​ចំ​ផ្ទៃមុខ បបូរមាត់ ឆ្អឹងជំនី និង​ដើមទ្រូង​ធ្ងន់ធ្ងរ ត្រូវ​បាន​ប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​ដំណើរ​ប្រទះ​ឃើញ និង​បាន​នាំ​គ្នា​ជួយ​ដឹក​មក​កាន់​មន្ទី​ពេទ្យ​ខេត្តស្វាយរៀង​ដើម្បី​សង្គ្រោះ ។ ក៏​ប៉ុន្តែ​ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ក្រុម​គ្រូពេទ្យ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ។

បើ​តាម​អ្នក​ភូមិ​បាន​ប្រាប់​ថា កន្លង​មក​ការ​ឃ្វាលក្របី​ខាងលើ​នេះ គឺ​បុរស​ជា​ឪពុក​ក្មេង​ស្រី​រង​គ្រោះជា​អ្នក​ឃ្វាល ប៉ុន្តែ​ថ្ងៃ​កើតហេតុ​ឪពុក​នាង​មាន​ជម្ងឺ​មិន​អាច​ទៅ​ឃ្វាលក្របី​ដូច​សព្វមួយដង​បាន ក៏​សំរាក​នៅផ្ទះ ហើយ​ហៅ​កូនស្រី​២​នាក់​ឲ្យ​ជួយ​ទៅ​ដឹក​ក្របី​ដែល​ចង​ឲ្យ​ស៊ី​ស្មៅ​នៅ​ឯ​វាលស្រែ​យក​ត្រឡប់​មក​ផ្ទះ​វិញ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា កូនស្រី​២​នាក់​បងប្អូន កូន​បង​អាយុ​១០​ឆ្នាំ កូន​ប្អូន អាយុ​៨​ឆ្នាំ នាំ​គ្នា​ទៅ​ដឹក​ក្របី​ឡើងក​មួយ​ក្បាល​នោះ​ត្រឡប់​មក​ផ្ទះ​វិញ ខណៈ​ដក​ស្នឹង​ហើយ​កំពុង​ដើរ​ដឹក​ក្របី​( ប្អូន​ដើរ​ខាង​មុខ បង​ដើរ​ដឹក​ក្របី​តាម​ក្រោយ​) មិនដឹង​ជា​យ៉ាងម៉េច ស្រាប់តែ​ក្របី​ឡើងក​នោះ​ស្ទុះ​មក​វ័ធ​ក្មេង​ស្រី​ពីក្រោយ​ចំ​ចង្កេះ​ពេញទំហឹង​ក្រ​វី​បោក​ទៅ​ក្នុង​ទឹក​វាលស្រែ​យ៉ាង​សាហាវ បណ្តាល​ឲ្យ​ក្មេង​ស្រី​ដ៏​តូច​នេះ​រង​របួស​បាក់ឆ្អឹង​ជំនី​ដាច់​ដើមទ្រូង បែក​ផ្ទៃមុខ ដាច់​បបូរមាត់ និង​ដាច់​ជង្គង់ ហូរ​ឈាម​ខ្ទាត​ប្រឡាក់​ពេញ​ផ្ទៃមុខ និង​ដងខ្លួន ហើយ​ប្រឡាក់​ភក់​ស្រ​ម៉ក ខំប្រឹង​លូន​ផង វារ​ផង​ចេញពី​ក្របី​កំណាច​នេះ ហើយ​ស្រែក​ទ្រហោយំ​ហៅ​ឲ្យ​គេ​ជួយ រីឯ​កូនស្រី​ប្អូន​ក៏​ភ័យ​ស្រែកយំ​រន្ធត់​រត់​ដួល​ៗ​ស្រែក​ឲ្យ​គេ​ជួយ ឮ​ដល់​អ្នក​ភូមិ​ក៏​មក​ជួយ​លើក​បី​នាង​ចេញពី​ភក់ រួច​ហៅ​អ្នក​បើករថយន្ត​តាម​ផ្លូវ​ឲ្យ​ជួយ​ដឹក​បញ្ជូន​មក​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ តែ​ដោយ​របួស​ធ្ងន់ធ្ងរ​ពេក​ក្រុម​គ្រូពេទ្យ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​សង្គ្រោះ​បន្ត ប៉ុន្តែ​មិនដឹង​ថា វាសនា​យ៉ាងណា​នោះ​ទេ ។

រីឯ​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​និយាយទាំង​ខ្លោច​ចិត្ត​​ថា មិន​នឹក​ស្មានថា ក្របី​ខ្លួនឯង​វា​វ័ធ​កូន​យ៉ាង​ដូច្នេះ​សោះ ពី​មុន​គឺ​ក្របី​មួយ​ក្បាល​នេះ​ស្លូត​ណាស់ កូន​ៗ​ក៏​អាច​ជិះ​លេង​បាន តែ​ពេល​នេះ​វា​ឡើងក​ទើប​វ័ធ​ម្ចាស់​ឯង​ដូច្នេះ ៕