អស្ចារ្យ​ណាស់ ! លទ្ធផល​ប្រឡង​បាក់​ឌុ​ប​របស់​យុវ​សិស្ស​ពិការ​ដៃ​ទាំង​សងខាង

ខេត្តកំពង់ចាម ៖ ថ្ងៃ​ប្រកាស​លទ្ធផល​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុ​ប ដែល​បាន​ធ្វើ​ឡើង​ព្រម​ៗ​គ្នា​នៅ​ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា ២០១៦ នៅ​មណ្ឌល​គរុកោសល្យ​និង​វិ​ក្រិត​ការ​ខេត្ត​ក៏​ដូច​ជា​មណ្ឌល​ផ្សេង​ទៀត​សរុប​១១​កន្លែង ។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ និង​គួរ​ឲ្យ​អបអរសាទរ​នោះ​គឺ​ពិតជា​មោទនភាព​ខ្លាំង​ណាស់ ដែល​យុវ​សិស្ស​ដែល​ពិការ​ដៃ​ទាំង​សងខាង​បាន​ពុះពារ​គ្រប់​ឧបសគ្គ​តូច​ធំ​រហូត​បាន​ប្រលង​ជាប់​ដោយ​ទឹកមុខ​ញញឹមញញែម ។

យុវ​សិស្ស​ឈ្មោះ ហ៊ួ​ត យូ​ឡែ​ន អាយុ​១៦​ឆ្នាំ មក​ពី​វិទ្យាល័យ​ហ៊ុន សែន  ម៉េ​ង​ហួត ស្វាយ​តា​នា​ន់ ឃុំ​កោះអណ្តែត ស្រុក​ស្រី​សន្ធរ ពិការ​ដៃ​ទាំង​២ បាន​ប្រាប់​ឲ្យ​ដឹង​ថា រូបគេ​បាន​មាន​ជំនឿ​យ៉ាង​មុតមាំ​ក្នុង​ចិត្ត​ថា «​នៅ​ថ្ងៃ​ដែល​បាន​ឈាន​ជើង​ចូល​ប្រលង​កាលពី​ថ្ងៃ​ទី​២២ និង​២៣​សីហា​កន្លង​ទៅ ដោយ​រំពឹង​ថា​នឹង​ប្រលង​ជាប់​»  ដោយ​មើលឃើញ​ពី​សមត្ថភាព​របស់​ខ្លួន ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ។

យុវ​សិស្ស យូ ឡែ​ន  ប្រាប់​បន្ត​ទាំង​ញញឹម និង​ចង់​បង្ហូរទឹកភ្នែក​ថា ក្នុង​បន្ទប់​លេខ​១ លេខ​តុ​ទី​៣ សម្រាប់​សិស្ស រួម​ថ្នាក់​ទាំងអស់​ចំនួន​២៥​នាក់ គឺ​បាន​ប្រលង​ជាប់​ចំនួន​១៥​នាក់ ក្នុង​នោះ​ស្រី​៩​នាក់ ដោយ​រូបគេ​បាន​ជាប់​និទ្ទេស E ពិតជា​មាន​ក្តី​រំភើប​ក្នុង​ចិត្ត ។ សម្រាប់​គោលដៅ​របស់​ខ្លួន និង​ត្រូវ​បន្ត​ការ​សិក្សា​នៅ​ថ្នាក់ឧត្តម​សិក្សា​ផ្នែក​ព័ត៌មានវិទ្យា​នៅ​រាជធានី​ភ្នំពេញ ដោយ​បាន​ស្នាក់​នៅផ្ទះ​របស់​បងប្រុស ។

យុវ​សិស្ស​ឈ្មោះ ឆុ​ន វ៉ា​ន់​ណាត អាយុ​១៩​ឆ្នាំ ត្រូវជា​មិត្តភក្តិ​របស់​ឈ្មោះ យូ ឡែ​ន បាន​ប្រាប់​ឲ្យ​ដឹង​ថា ចាប់តាំងពី​រៀន​នៅ​សាលា​បឋម​សិក្សា ឈ្មោះ យូ ឡែ​ន បាន​ប្រឹងប្រែង​រៀនសូត្រ​រហូត​ដល់​ថ្នាក់​វិទ្យាល័យ​ទី​១២ ហើយ​ថែម​ទាំង​មាន​ច​រិ​ក​សុភាព​រាបសារ ហើយ​ការ​រៀន​ទាំង​ប្រចាំខែ និង​ឆ្នាំ​ទទួល​បាន​លទ្ធផល​គ្រាន់បើ  ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា ២០១៦ ដោយសារ​តែ យូ ឡែ​ន មិន​មាន​មធ្យោបាយ​ជិះ​មក​មើល​លទ្ធផល​ប្រលង រូបគេ​បាន​ឌុ​បម​ក​មើល​ទាំងអស់​គា្ន រូបគេ​ក៏​ប្រលង​ជាប់ តែ​នៅ​មណ្ឌល​ផ្សេង​គ្នា​ពិតជា​សប្បាយចិត្ត ។

ស្ត្រី​ឈ្មោះ ហេង សុ​ភី អាយុ​៥៣​ឆ្នាំ ជា​ម្តាយបង្កើត​របស់ យូ ឡែ​ន ប្រាប់​ឲ្យ​ដឹង​ដែរ​ថា នៅ​ពេល​ដែល​កូនប្រុស យូ ឡែ​ន កើតមក​នោះ ប្តី​របស់​គាត់​នៅ​ពេល​ដែល​ឃើញ​កូនប្រុស​កើតមក​ពិការ​ដៃ​ទាំង​ពីរ​បាន​យំ​បង្ហូរទឹកភ្នែក​ខ្លោចចិត្ត​អាណិតកូន សូ​ម្បី​តែ​គាត់​ជា​ម្តាយ​ក៏​បាន​យំ​ដែរ ក្រោយ​ពី​បាន​ប្រសូត​កូន​រហូត​ទាស់​គ្មាន​ទឹកដោះ​ឲ្យ​កូន​បៅ​ថែម​ទៀត ។ ក្រោយមក​ប្តី​គាត់​បាន​ឈឺ​ស្លាប់ ចំណែក​កូន​ទាំង​៤​នាក់​ក្នុង​បន្ទុក​ត្រូវ​បាន​ធ្លាក់​ទៅ​លើ​គាត់​ជា​ម្តាយ  រាប់​រង​ចិញ្ចឹម​ទាំងស្រុង​តែ​ម្តង ។

នៅ​ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា ២០១៦ កូនប្រុស​ពៅ​ទី​៤​ឈ្មោះ យូ ឡែ​ន បាន​ឆែក Facebook តាម​ទូរស័ព្ទ​ដៃ ដំបូង​មិន​បានឃើញ​ឈ្មោះ​របស់​ខ្លួន​ក៏​យំ​បង្ហូរទឹកភ្នែក ស្ទុះ​មក​ឱប​គាត់​នៅ​លើ​ផ្ទះ ហើយ​គាត់​ក៏​បាន​យំ​តាម​កូន​ដែរ ។ បន្ទាប់​​មក​បាន​ឆែក​មើល​យ៉ាង​ល្អិតល្អន់ ទើប​ដឹង​ថា​ជាប់ ក៏​សប្បាយចិត្ត ​រំភើប​ ថែម​ទាំង​បង្ហូរទឹកភ្នែក ។ ក្រោយ​ពី​បាន​ប្រលង​ជាប់ គាត់​នឹង​ជំរុញ​ឲ្យ​កូន​រៀនសូត្រ​បន្ថែម​ទៀត​ដើម្បី​អនាគត​ភ្លឺស្វាង ៕