កូរ៉េ​ខាង​ត្បូង ប្រុង​កម្ទេច​កូរ៉េ​ខាង​ជើង​ឲ្យ​ទៅ​ជា​ផេះ បើ​នៅ​តែ​ផ្គើន

ប្រទេស​កូរ៉េ​ខាង​ត្បូង កំពុង​តែ​មាន​ផែនការ​ដើម្បី​បំផ្លាញ​រាជធានី​កូរ៉េ​ខាង​ជើង ប្រសិន​បើ​ប្រទេស​មួយ​នេះ បង្ហាញ​សញ្ញា​ណា​មួយ​នៃ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​នុយក្លេអ៊ែរ។ យោង​តាម​ប្រភព​យោធា បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Yonhap ឲ្យ​ដឹង​ថា គ្រប់​ផ្នែក​ទាំង​អស់​នៃ​ទីក្រុង​ព្យុងយ៉ាង នឹង​ត្រូវ​បំផ្លាញ​ទាំង​ស្រុង ដោយ​គ្រាប់​មីស៊ីល និង​គ្រាប់​បែក​ផ្លោង។

 

កូរ៉េ​ខាង​ត្បូង ប្រុង​កម្ទេច​កូរ៉េ​ខាង​ជើង​ឲ្យ​ទៅ​ជា​ផេះ បើ​នៅ​តែ​ផ្គើន

 

គួរ​រំលឹក​ថា កាល​ពី​ថ្ងៃ​សុក្រ ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ កូរ៉េ​ខាង​ជើង​បាន​បាញ់​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ លើក​ទី​៥ និង​ធំ​បំផុត​របស់​ខ្លួន បណ្តាល​ឲ្យ​មាន​ការ​រញ្ជួយ​ដី កម្រិត ៥,៣​រ៉ិចទ័រ នៅ​ក្បែរ​តំបន់ Punggye-ri ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក និង​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដាក់​ទណ្ឌកម្ម​ចំពោះ​ទង្វើ​នេះ។ ផ្ទុយ​ទៅ​វិញ កូរ៉េ​ខាង​ជើង បាន​ឆ្លើយ​តប​កាល​ពី​ថ្ងៃ​អាទិត្យ ម្សិលមិញ​នេះ ដោយ​ហៅ​ការ​គំរាម​កំហែង​នោះ​ថា «ការ​ដាក់​ទណ្ឌកម្ម​គ្មាន​ន័យ និង គួរ​ឲ្យ​ចង់​សើច​ខ្លាំង​ណាស់» ទៅ​វិញ។

 

មន្រ្តី​យោធា​កូរ៉េ​ខាង​ត្បូង បាន​ប្រាប់​សារព័ត៌មាន Yonhap ថា ទីក្រុង​ព្យុងយ៉ាង ដែល​លាក់​ខ្លួន​ក្រោម​ការ​ដឹក​នាំ​របស់​កូរ៉េ​ខាង​ជើង នឹង​ត្រូវ​កំណត់​គោលដៅ​ពិសេស ក្នុង​ការ​វាយ​ប្រហារ​ណា​មួយ។ «ទីក្រុង​នេះ​នឹង​ក្លាយ​ទៅ​ជា​ផេះ ហើយ​ត្រូវ​លុប​ចេញ​ពី​ផែនទី»។ ប្រភព​បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ។

 

គួរ​បញ្ជាក់​ថា កូរ៉េ​ខាងជើង ត្រូវ​បាន​អង្គការ​សហប្រជាជាតិ ដាក់​ទណ្ឌកម្ម និង​ហាម​ឃាត់ មិន​ឲ្យ​មាន​ការ​ធ្វើ​តេស្ត​សាកល្បង​បច្ចេកវិទ្យា​នុយក្លេអ៊ែរ ឬ​មីស៊ីល​ឡើយ។ ប៉ុន្តែ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ កូរ៉េ​ខាងជើង​បាន​ធ្វើ​ការ​បាញ់​សាកល្បង​មីស៊ីល ជា​បន្ត​បន្ទាប់ ហើយ​ថែម​ទាំង​គំរាម​កំហែង​ថា​នឹង​ប្រើ​នុយក្លេអ៊ែរ​វាយ​ប្រហារ ទៅ​លើ​សត្រូវ​របស់​ខ្លួន​ទៀត​ផង៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ BBC