តាក់ ណារីតា៖ «ខ្ញុំ​មិន​ចង់​បាន​ភាព​ល្បី​ល្បាញ ដោយ​​សារ​ការ​ដោះ​ដូរ​ខ្លួន​ប្រាណ​ឡើយ»

(ភ្នំពេញ)៖ «មានគេស៊ើបសួរខ្ញុំច្រើន សួររបៀបបញ្ឆិតបញ្ឆៀង លើរឿងនេះ តែខ្ញុំបានបដិសេធចំពោះការដោះដូរខ្លួនប្រាណ ដើម្បីបានភាពល្បី ព្រោះខ្ញុំចង់មានអ្វីៗ ដោយសមត្ថភាពពិតៗ មិនពឹងគេ ឬឲ្យមានគេជួយតាមរបៀបនេះ និយាយរួមខ្ញុំអត់ចង់បានការដោះដូរ អ្វីឡើយ»។ នេះជាការលើកឡើង របស់អតីតបេក្ខនារី ក្នុងកម្មវិធី «The voice Cambodia» កញ្ញា តាក់ ណារីតា ដែលបានថ្លែងប្រាប់ Khmertalking នាយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុងឱកាសថ្ងៃខួបកំណើត របស់នាង។

អតីតបេក្ខនារី ក្នុងកម្មវិធីលំដាប់ពិភពលោក និងបច្ចុប្បន្នជាតារាចម្រៀងប្រចាំ នៅក្នុងភោជនីយដ្ឋាន Beer Station រូបនេះ បានឲ្យដឹងទៀតថា នាងពិតជាស្រឡាញ់សិល្បៈខ្លាំង ហើយក្នុងជីវិតរបស់នាង នឹងផ្ញើខ្លួនផ្ញើប្រាណ លើមាគ៌ាសិល្បរហូតហើយ ប៉ុន្តែមិនមែនតែដើម្បីភាពល្បីល្បាញ នាងសុខចិត្តធ្វើអ្វីមួយតាមផ្លូវកាត់ ឬដោយការដោះដូរខ្លួនប្រាណ នោះទេ ពោលគឺចង់ឲ្យមានកេរ្តិ៍ឈ្មោះ ដោយសមត្ថភាពខ្លួនឯងពិតៗ ដោយទេពកោសល្យពិតៗ ហើយនាងក៏មិនចូលចិត្ត អ្នកដែលចង់ឲ្យនាងល្បី តាមផ្លូវបែបនេះឡើយ។ 

ស្រីស្រស់ទើបតែប្រារព្ធ កម្មវិធីខួបកំណើតគម្រប់វ័យ២៣ឆ្នាំ កញ្ញា តាក់ ណារីតា បានសង្កត់ធ្ងន់ថា អ្វីដែលនាងធ្វើសព្វថ្ងៃនេះ គឺដើម្បីបំពេញក្ដីបំណងរបស់ខ្លួន ដែលបានប៉ងប្រាថ្នាជាយូរមកហើយ តែក្នុងការងារនេះ ជាធម្មតាតែងតែមានអ្នកមកសួរនាំនាង ដោយប្រយោល គេមិនហ៊ានសួរត្រង់ៗទេ ប៉ុន្តែចម្លើយ គឺមិនអាចទទួលយកបាន ព្រោះការឆ្លងបទពិសោធន៍ រយៈពេលជាង៣ឆ្នាំមកនេះ នាងអាចយល់ដឹងច្រើនហើយ។

សកម្មភាពសិល្បៈ របស់តារាចម្រៀង តាក់ ណារីតា ត្រូវបានគេសង្កេតឃើញថា បច្ចុប្បន្ននេះ នាងកំពុងតែនិពន្ធបទភ្លេង និងទំនុកច្រៀងថ្មី «Oragenal Song» ដោយខ្លួនឯង ហើយបទនោះ មានចំណងជើងថា «បាន iPhone6 ចោល អិនចុចពិល» ប៉ុន្តែព្រោះនាងត្រូវជាប់កុងត្រា១ឆ្នាំ ជាមួយកម្មវិធី «The voice Cambodia» នាងមិនទាន់អាចចូលជ្រក ក្នុងផលិតកម្មណាមួយបានឡើយ ទោះបីជាកន្លងមក មានគេទាក់ទងមកច្រើនក្ដី។

កញ្ញា តាក់ ណារីតា ត្រូវបានមហាជនស្គាល់ជាទូទៅថា នាងជាបេក្ខនារីលេចធ្លោមួយរូប ក្នុងកម្មវិធី «The voice Cambodia» រដូវការទី២ ដែលបានជាប់ ដល់វគ្គ Live Show តាមរយៈការបកស្រាយបទចម្រៀង មានចំណងជើងថា «ភ្លៀវធ្លាក់ក្នុងបេះដូង»។ ទោះបីជាមិនបានជាប់ជាជយលាភីក្ដី ប៉ុន្តែនាងសប្បាយចិត្ត និងចង់បង្ហាញស្នាដៃខ្លួនឯង តាមរយៈ ការធ្វើបទ «Oragenal Song» ហើយបើមានការគាំទ្រខ្លាំង នាងនឹងនឹងប្រឹងប្រែង ឲ្យអស់ពីលទ្ធភាព៕

ប្រភព ៖
khmertalking

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload