លោក កឹម សុខា៖ អ្នកកាន់អំណាចផ្តាច់ការ តែងតែយកអ្នកការពារសិទ្ធិមនុស្សជាសត្រូវ!

នៅព្រឹកថ្ងៃអាទិត្យនេះ លោក កឹម សុខា បានចេញមុខថ្លែងជាលើកទី២ បន្ទាប់ពីឃុំខ្លួនឯងអស់ជាង៣ខែ។ ក្នុងសំឡេងធំៗនិងខ្លាំងៗដូចកាលពីមុន អនុប្រធានគណបក្សប្រឆាំង និយាយថា អ្នកកាន់អំណាចផ្តាច់ការ តែងតែយកអ្នកការពារសិទ្ធិមនុស្សជាសត្រូវ! ដូច្នេះហើយទើបមានការចាប់ចងនិងធ្វើទុក្ខបុកម្នេញសកម្មជននិងមន្ត្រីសិទ្ធិមនុស្ស រួមទាំងធ្វើបាបរូបលោកផង។ ពីទីស្នាក់ការកណ្តាលបក្ស លោក កឹម សុខា បានគូសបញ្ជាក់ច្បាស់ៗថា ការអត់ធ្មត់របស់លោកកន្លងមក គឺមហាអត់ធ្មត់ហើយ តែក៏វាមានកំណត់ដែរ។ លោកថា ពេលនេះ គ្មានជម្រើសទៀតទេ ព្រោះថាបើគ្មានការអង្គុយចរចាគ្នានោះទេ គឺមានតែមហាបាតុកម្ម។

[សំឡេង] លោក កឹម សុខា ថ្លែងថា អ្នកអំណាចផ្តាច់ការ តែងតែយកអ្នកការពារសិទ្ធិមនុស្សជាសត្រូវ!

ប្រធានស្តីទីបក្សប្រឆាំង ដែលធ្លាប់ជាប្រធានអង្គការសិទ្ធិមនុស្សផងនោះ បានរម្លឹកជាថ្មីពីការធ្វើទុក្ខបុកម្នេញ និងការចាប់សកម្មជន ព្រមទាំងមន្ត្រីសិទ្ធិមនុស្សដាក់គុក រហូតដល់ការបន្តរឿងក្តីក្តាំចំពោះរូបលោក ដោយសាលក្រមថ្មីៗនេះ ដែលតម្រូវឲ្យលោកជាប់ពន្ធនាគារ៥ខែ និងបង់ប្រាក់៨០ម៉ឺនរៀល។

លោកថ្លែងក្នុងសម្តីខ្លាំងៗដែលគេខានបានឮជាង៣ខែមកហើយថា គ្រប់គ្នានិងពិភពលោកបានដឹងឮអស់ហើយពីររឿងរំលោភសិទ្ធិទាំងនេះ គឺមានតែចៅក្រម ព្រះរាជអាជ្ញា និងអ្នកបញ្ជាពីក្រោយ ប៉ុន្មាននាក់ទេ ដែលមិនដឹង ឬធ្វើមិនដឹង។ អនុប្រធានបក្សប្រឆាំងសង្កត់ធ្ងន់ថា អស់លោកចៅក្រម ព្រះរាជអាជ្ញា ដើម្បីតែក្តីសុខខ្លួននិងក្រុមគ្រួសារខ្លួន សុខចិត្តស្តាប់បញ្ជាគេ ដោយបានធ្វើរំលោភច្បាប់និងនីតិវិធី ហើយធ្វើបាបជនស្លូតត្រង់។

ដោយប្រើសំនួនវោហារសាស្ត្រនយោបាយ លោក កឹម សុខា ថាដល់ថ្នាក់ត្រឹមរូបលោកនិងតំណាងរាស្ត្រផ្សេងទៀត ដែលមានអភិឯកសិទ្ធទៅហើយ គឺនៅត្រូវគេរំលោភបំពាន ចុះទម្រាំពលរដ្ឋសាមញ្ញ ដែលអត់មានសិទ្ធិពិសេស អត់មានអ្វីទាំងអស់ តើមានអ្វីអាងទៀត?

តាមប្រមុខថ្នាក់ដឹកនាំបក្សប្រឆាំងរូបនេះ លោកមិនចេញពីស្នាក់ការកន្លងទៅនេះ គឺជាការធ្វើកូដកម្មនយោបាយ ហើយលោកចិញ្ចឹមចិត្តនឹកស្រមៃថានឹងមានការជួបចរចាដោះស្រាយនយោបាយ តែអស់ជាង៣ខែទៅហើយ លោកហាក់មិនសូវមានជំនឿទៀតទេ។ ក៏ប៉ុន្តែនៅពេលដែលជួបនិងឃើញទឹកមុខយុវជន គឺធ្វើឲ្យលោកមានក្តីសង្ឃឹមតទៅមុខទៀត។

លោកក៏បានដាក់សំណួរទៅកាន់យុវជនអ្នកគាំទ្រមកពីខេត្តកណ្តាលជាង៥០០នាក់ ថាតើមានយន្តការណាដើម្បីជួយស្រោចស្រង់សិទ្ធិមនុស្សនិងលិទ្ធិប្រជាធិបតេយ្យ? លោកទុកឲ្យពួកគេយកទៅពិចារណានិងពិភាក្សាគ្នា។ តែចំពោះលោក លោកនឹងស្នើសុំនិងសួរឲ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ជួយអន្តរាគមន៍ ហើយបើនៅតែគ្មានការជួបអង្គុយចរចាគ្នាដោយសន្តិវិធីរវាងអ្នកក្បាលម៉ាស៊ីននយោបាយនោះទេ ជម្រើសចុងក្រោយ គឺមានតែការធ្វើមហាបាតុកម្ម។ លោក កឹម សុខា លើកឡើងដែរថា មិនអាចទ្រាំអត់ធ្មត់ឲ្យគេមើលងាយ ប្រមាថ និងមិនអើពើ តទៅទៀតឡើយ៕

ប្រភព៖  RFI


Related Posts