​ជប៉ុននឹងផ្តល់ជំនួយម៉ាស៊ីនផលិតកៅស៊ូឲ្យកម្ពុជាជួសជុលផ្លូវថ្នល់ទូទាំងប្រទេស

ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសជប៉ុន នឹងផ្ដល់ជំនួយម៉ាស៊ីនផលិតកៅស៊ូក្រាលថ្នល់ឲ្យកម្ពុជា សម្រាប់ជួសជុលផ្លូវថ្នល់ ដែលខូចខាតនានាទូទាំងប្រទេស។ នេះបើតាមប្រសាសន៍រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។

នៅថ្ងៃទី ០៨ ខែ កញ្ញា ម្សិលមិញនេះ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណៈការនិងដឹកជញ្ជូន បាននាំយកកៅស៊ូត្រជាក់ ដែលជាជំនួយរបស់ប្រទេសជប៉ុនចំនួន ២០តោន បែងចែកដល់រដ្ឋបាលរាជធានីភ្នំពេញ។

ទន្ទឹមគ្នានោះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា រដ្ឋាភិបាលជប៉ុន បានសន្យាថា នឹងផ្ដល់ជំនួយ ម៉ាស៊ីនផលិតកៅស៊ូ ដល់កម្ពុជា សម្រាប់រៀបចំការជួលជុល ផ្លូវថ្នល់ដែលខូចខាតនានា នៅទូទាំងប្រទេស ឲ្យស្អាត និងរួមចំណែកការពារសុវត្ថិភាពប្រជាជន។ ឯកឧត្តម បានបន្ថែមទៀតថា ម៉ាស៊ីនផលិតកៅស៊ូនេះ មានសមត្ថភាព ផលិតកៅស៊ូរហូតដល់ ៤តោន ក្នុងមួយថ្ងៃ ហើយ ម៉ាស៊ីននេះ នឹងមកផ្ដល់ប្រទេសកម្ពុជា នៅក្នុងខែ កញ្ញានេះ។

គួរជម្រាបដែរថា ជំនួយកៅស៊ូត្រជាក់ ចំនួន ២០តោន ត្រូវបានប្រគល់ ១០តោន ទៅសាលារាជធានីភ្នំពេញ ដើម្បីអ៊ុតផ្លូវសំបុកមាន់ក្នុងរាជធានីភ្នំពេញ និង ៥តោន ផ្ដល់ឲ្យខេត្តសៀមរាប និង៥តោនទៀត ទៅកាន់ខេត្តបាត់ដំបង។ ការអ៊ុតសំបុកមាន់តាមផ្លូវថ្នល់នេះ គឺដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរ ខណៈប្រជាពលរដ្ឋ ធ្វើដំណើរនៅពេលយប់៕

ប្រភព៖ business-cambodia


Related Posts