ង​ងឹ​ង​ហើយ គ្មាន​​ភ្លើង​សញ្ញា​ទៀត បណ្ដាល​ឲ្យ​នគរបាល​ម្នាក់​របួសធ្ងន់

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​យុត្តិធម៌​ម្នាក់​បាន​រង​របួសធ្ងន់​ខណៈ​ជិះ​ម៉ូតូ​បុក​ពីក្រោយ​ឡាន​ដែល​ចត​នៅ​មុខ​ការដ្ឋាន​សំណង់​ដោយ​គ្មាន​ដាក់​ភ្លើង​សញ្ញា នៅ​ចំណុច​ខាងកើត​ស្ពាន​អាកាស​៧​មក​រា ចំងាយ​២០០​ម៉ែត្រ ស្ថិត​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្សី ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៦ ។

តាម​ប្រភព​ព័ត​មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហ​តុ​នៅ​មុខ​ចំណុច​កើតហេតុ​មាន​ការដ្ឋាន​សាងសង់​ដ៏​ធំ​មួយ ហើយ​ពេល​នោះ​ដែរ​មាន​រថយន្ត​យី​ឌុ​ប​១​គ្រឿង ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C 7555 កំពុង​ចត​រង់ចាំ​ស្ទូច​ដែក​សរសៃ​ចេញ​ពីលើ​រថយន្ត​ដាក់​ចូល​ក្នុង​ការដ្ឋាន​ដោយ​មិន​មាន​ដាក់​ភ្លើង​សញ្ញា​សំគាល់​ឡើយ គួប​ផ្សំ​នៅ​ចំណុច​នោះ​ងងឹត​ទៀត ទើប​ធ្វើ​ឲ្យ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AM 1467 បើកបរ​ដោយ​បុរស​ម្នាក់​ពាក់​ឯកសណ្ឋាន​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន បុក​ពីក្រោយ​រថយន្ត​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ។

ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​អ្នក​ឃើញ​ហេតុការណ៍​ទាក់ទង​ទៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លីនិក​ឯកជន ហុង ហាក់ ដឹក​ទៅ​សង្គ្រោះ ។ ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ទាក់ទង​ជំនាញ​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី ចុះ​មក​ធ្វើការ​វាស់វែង និង​អូស​រថយន្ត និង​ម៉ូតូ​យក​ទៅ​ក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕