ណាដឹង! ​​ចូលចម្ការ​មីន​​ស្មានតែផ្ទះ ​

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ​តាំងពី​ថ្ងៃរហូត​ដល់​យប់ លុះ​ស្រវឹង​ខ្លាំង​ពេក​ ស្រាប់តែ​ដើរវង្វេងផ្លូវទៅ​​ចូល​ក្នុងចម្ការ​មីន (ដែល​អង្គភាព​កម្ចាស់​គ្រាប់​មីន​ មិន​ទាន់​បោះ​សម្អាត​រាវរក​នៅឡើយ) ​​បណ្តាលឱ្យ​​ផ្ទុះ​រង​របួសធ្ងន់​​ធ្ងរ​ ដែល​ហេតុការណ៍​នេះ ​កើត​ឡើង​កាលពី​វេលា​ម៉ោង​០​១​រំ​លង​អ​ធ្រា​ត្រ​ ​ឈាន​ចូល​ថ្ងៃ​ទី​១១​​ កញ្ញា ​២០១៦ ស្ថិត​នៅ​ចំណុច​ក្បែរ​បង្គោល​ឡាក់​លេខ​៦៨ រវាង​ព្រំ​ដែន​​កម្ពុជា​-​ថៃ ​ភូមិប​ហ៊ុយ​ត្បូង សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន រហូត​ដល់​ម៉ោង​៤​ទៀប​​ភ្លឺ ទើប​កម្លាំង​បុ​ស្តិ៍​ប្រទះ​ឃើញ ក៏​ដឹក​បញ្ជូន​
ទៅ​​​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ។

ជន​រង​គ្រោះ​ឈ្មោះ​ន​ង ភារ​ម្យ ​អាយុ​៤៦​ឆ្នាំ ជា​អ្នក​ធ្វើ​ចំការ រស់នៅ​​ក្នុងភូមិ​​ខាងលើ ​។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​បាន​ទៅ​អង្គុយ​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ នៅ​ភូមិ​ខាងលើ តាំង​ពី​ថ្ងៃ​រហូត​ដល់​យប់​ជ្រៅ ទើប​បែក​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ។ ដោយឡែក​ជន​រង​គ្រោះ​ស្រវឹង​ជោកជាំ ក៏​ដើរ​វង្វេងផ្លូវ​ចូល​ទៅ​ក្នុង​ចម្ការ​មីន ដែល​អង្គភាព​ប្រឆាំង​គ្រាប់​មីន​មិន​ទាន់​ដោះ បណ្តា​ល​ឱ្យ​ជាន់​លើ​មីន​ផ្ទះ​រង​របួសធ្ងន់​តែ​ម្តង ។

​ក្រោយ​ពេល​ឮ​សូរ​ផ្ទុះភ្លាម​ អត់​ទាន់​មាន​នរណា​ម្នាក់​ហ៊ាន​ចូល​ទៅ​មើល​នោះ​ឡើយ ​​មួយសន្ទុះ​​ក៏​មាន​សម្លេង​មនុស្ស​ប្រុស​ម្នាក់ ស្រែក​​ឱ្យ​គេ​ជួយ ទើប​អ្នក​ភូមិ​ប្តឹង​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ឱ្យ​ចុះ​ទៅ​ត្រួតពិនិត្យ រហូត​ដល់​ម៉ោង​៤​ទៀប​​ភ្លឹ ទើប​រក​ឃើញ​ជន​រង​គ្រោះ​កំពុង​ដេក​នៅ​ក្នុង​ថ្លុកឈាម ជិត​ក្ស័យ​បាត់​ទៅ​ហើយ ក៏​ប្រញាប់​រុំ​របួស និង​រៀបចំ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ។

ប្រភព​ដដែល​បញ្ជាក់​​​ថា ជន​រង​គ្រោះ​រង​របួស​ជើង​ទាំង​សងខាង ហើយ​ក៏​របួស​ដៃ​ឆ្វេង តែ​រហូត​មក​ដល់​ពេល​នេះ ​គេ​មិន​ទាន់​ស្ថាន​ភាព​របួស​យ៉ាងណា​នៅឡើយ​ទេ ។ ម្យ៉ាងវិញទៀត​នៅក្នុង​ចម្ការ​មីន​ខាងលើ គ្មាន​នរណា​ម្នាក់​ហ៊ាន​ចូល​ទៅ​ក្បែរ​នោះ​ឡើយ សូ​ម្បី​តែ​គោ-ក្របី បើ​ចូល​ទៅ​ក្នុងចម្ការ​នោះ​តែងតែ​ផ្ទុះ រងរ​បួ​សដាច់​ជើង​ថែម​ទៀត​ផង ។